ផ្លូវរថភ្លើងឡាវ-ចិន ដែលបានដាក់ឱ្យដំណើរការកាលពីអំឡុងឆ្នាំ២០២១ បានប្រារព្ធខួប៣ឆ្នាំនៃការដាក់ឱ្យរបស់ខ្លួននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ រថភ្លើងនេះបានដឹកជញ្ជូនអ្នកដំណើរបានជាង ៤៣លាននាក់ដោយក្នុងនោះជាង ៧៤ម៉ឺននាក់គឺជាអ្នកដំណើរនៅក្នុងប្រទេសឡាវ ដោយភាគច្រើនបំផុតបានធ្វើដំណើររវាងវៀតណាម និងឡាវ ហើយផ្លូវរថភ្លើងនេះ ក៏បានដឹកជញ្ជូនទំនិញបានជិត៥ពាន់តោនផងដែរ។
ចាប់តាំងពីដាក់ឱ្យដំណើរការផ្លូវដែកនេះមក ចំនួនអ្នកដំណើរប្រចាំថ្ងៃបានកើនឡើងជាលំដាប់ចាប់ពី២ម៉ឺននាក់ឡើងដល់១០ម៉ឺននាក់ ហើយការដឹកជញ្ជូនទំនិញ ក៏បានពង្រីកពី១០ប្រភេទដល់ជាង៣ពាន់ប្រភេទផងដែរ ដោយភាគច្រើនបាននាំចេញផលិតផលឡាវដូចជាស្រាបៀរ ផ្លែទុរេន ម្សៅដំឡូងមី ផ្លែស្វាយ និងផលិតផលផ្សេងទៀតឆ្ពោះទៅកាន់ទីផ្សារប្រទេសចិន។
ផ្លូវដែកឡាវ-ចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។ ជាក់ស្ដែងក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៤ ផ្លូវដែកនេះបានដឹកជញ្ជូនអ្នកដំណើរបានចំនួន៣លាននាក់ និងដឹកទំនិញបានចំនួនជាង៣លានតោនមានការកើនឡើងជិត២៣%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ចំណែកស្ថិតិគយនៅទីក្រុងគុនមីងប្រទេសចិនបានបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ នេះ ផ្លូវដែកនេះបានដឹកជញ្ជូនទំនិញនាំចូល និងនាំចេញសរុបជាងជិត១១លានតោន ដែលមានតម្លៃជាង៦ពាន់លានដុល្លារអាម៉េរិក៕