វិបត្តិប្រេងឥន្ធនៈដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់ បានជំរុញឱ្យការនាំចេញម៉ូតូអគ្គិសនីរបស់ចិន មកកាន់តំបន់អាស៊ីអាគ្នេយ៍កើនឡើងយ៉ាងគំហុក ជាពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ជាក់ស្តែងនៅត្រីមាសទី១ឆ្នាំនេះ តម្លៃនៃការនាំចេញម៉ូតូអគ្គិសនីរបស់ចិនមកកាន់ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ជាង១០លានដុល្លារ មានការកើនឡើងជាង៦១៧%ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះការនាំចេញមកកាន់ប្រទេសឡាវ មានតម្លៃជាង៦លានដុល្លារកើនឡើងជិត២៦% ខណៈការនាំចេញកាន់ប្រទេសកម្ពុជា មានតម្លៃជាង៥លានដុល្លារមានការកើនឡើងជាង៣៤%។
តំណាងក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីចិន នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្ហើបថា អ្នកចែកចាយក្នុងស្រុកបានបញ្ជាទិញបន្ថែមនូវម៉ូតូថ្មីជាង២០០គ្រឿងភ្លាមៗ ខណៈដែលស្តុកចាស់ត្រូវបានលក់ដាច់សឹងតែគ្មានសល់កាលពីខែមេសា កន្លងទៅ។ ស្ថានភាពស្រដៀងគ្នានេះ ក៏កំពុងកើតមាននៅក្នុងប្រទេសឡាវ និងកម្ពុជាផងដែរ ក្រោយពេលតម្លៃប្រេងឥន្ធនៈស្ទុះឡើងខ្លាំងចាប់តាំងពីផ្ទុះសង្រ្គាមនៅអ៊ឺរ៉ង់។
កាលពីឆ្នាំ២០២៥ ទីផ្សារម៉ូតូអគ្គីសនីរបស់ចិន នៅអាស៊ីអាគ្នេយ៍មានទំហំប្រមាណ១៥លានគ្រឿង ហើយនៅឆ្នាំនេះរំពឹងថា នឹងមានកំណើនកើនឡើងខ្លាំង ស្របពេលដែលទីផ្សារឥឡូវបានពង្រីកចេញពីមីយ៉ាន់ម៉ាឡាវ កម្ពុជា ទៅឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងហ្វីលីពីន៕
ដោយៈ សរ សុជាតិ