ការកើនឡើងករណីវិជ្ជមានកូវីដ១៩ ដែលភាគច្រើនជាករណីនាំចូលពីប្រទេសជិតខាង បានជំរុញឲ្យរដ្ឋាភិបាលរដ្ឋធានីវៀងចន្ទន៍ សម្រេចបន្តបិទខ្ទប់ប្រទេសរយៈពេល១៥ថ្ងៃបន្តទៀតចាប់ពីថ្ងៃទី២០កក្កដា រហូតដល់ថ្ងៃទី៣សីហាឆ្នាំ២០២១។
ទន្ទឹមនឹងការបន្តបិទខ្ទប់ រដ្ឋាភិបាលឡាវក៏បានសម្រេចបន្ធូរបន្ថយវិធានការសុវត្ថិភាពខ្លះអំឡុងពេលបិទខ្ទប់នេះ ដើម្បីបញ្ជៀសពីផលប៉ះពាល់ធ្ងន់ធ្ងររបស់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ពលរដ្ឋឡាវ។ ជាក់ស្តែង សម្រាប់ខេត្ត ឬតំបន់ណា ដែលមិនមានករណីនាំចូល ឬមិនមានករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវកន្លែងលេងកីឡា និងហាត់ប្រាណសម្រាប់ពលរដ្ឋ។ ស្របពេលកន្លែងស្ប៉ា និងម៉ាស្សាក៏ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការដូចគ្នា ប៉ុន្តែបុគ្គលិកនិងម្ចាស់អាជីវកម្មត្រូវតែទទួលវ៉ាក់សាំងរួចចំនួន២ដូសជាមុនសិន និងអនុញ្ញាតឲ្យបើកត្រឹមម៉ោង ៨យប់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ ខេត្តមួយចំនួននៃប្រទេសឡាវ ដែលត្រូវបានចាត់ទុកថា ជាតំបន់ក្រហម ត្រូវបន្តវិធានការសុវត្ថិភាពដដែល ដូចជា ការលក់គ្រឿងស្រវឹងត្រូវបន្តហាមឃាត់ ខារ៉ាអូខេ ក្លឹបកំសាន្ត និងរោងកុនត្រូវបន្តបិទទ្វារ ខណៈវិធានការសុខាភិបាលនៅតែបន្តអនុវត្តតឹងរឹងដូចមុនដដែល។
ប្រទេសឡាវ នៅថ្ងៃព្រហស្បតិ៍ទី២២កក្កដា ម្សិលមិញបានបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន ២៥៦ករណីបន្ថែម ដែលក្នុងនោះ២ករណីជាការចម្លងក្នុងសហគមន៍នៃខេត្តចម្ប៉ាស័ក និង២៥៤ករណីផ្សេងទៀតជាករណីនាំចូល។
ការផ្ទុះឡើងនៃជំងឺកូវីដ១៩កាន់តែខ្លាំង វិធានការសុខាភិបាលតឹងរឹង ការបិទខ្ទប់ និងភាពគ្មានការងារធ្វើក្នុងប្រទេសថៃ បានបង្ខំឲ្យពលរដ្ឋឡាវជាច្រើនដែលធ្លាប់តែធ្វើការនៅទីនោះ សម្រុកវិលត្រលប់ចូលប្រទេសឡាវយ៉ាងច្រើន។ ក្នុងមានជាង១៥%នៃពលករឡាវសរុបដែលត្រលប់ពីប្រទេសថៃវិញ បាននាំយកកូវីដ១៩មកជាមួយពួកគេ។
គិតត្រឹមថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ ឡាវកត់ត្រាពីចំនួនអ្នកឆ្លងកូវីដ១៩សរុបជាង ៤.១០០ករណី ស្លាប់៥ករណី និងជាសះស្បើយជាង ២.១០០ករណី។
សូមជម្រាបថា នេះជាលើកទី៦ហើយដែលរដ្ឋាភិបាលឡាវ បានសម្រេចបន្តការបិទខ្ទប់ប្រទេស ដោយការបិទខ្ទប់ដំបូងបំផុតបានចាប់ផ្តើមអនុវត្តឡើងតាំងពីថ្ងៃទី ២២ខែមេសាមកម្ល៉េះ៕