បើតាមការប្រកាសរបស់អាជ្ញធរខេត្តស្ទឹងត្រែង កាលពីព្រឹកមិញ អាជ្ញាធរបានជម្លៀសពលរដ្ឋជាង២០០គ្រួសារ ទៅកន្លែងទីទួលសុវត្ថិភាព ខណៈពលរដ្ឋស្ថិតនៅស្រុកសៀមប៉ាងក្នុងខេត្តស្ទឹងត្រែងប្រមាណ៧ពាន់នាក់ កំពុងរងផលប៉ះពាល់ការបាក់ទំនប់នៅប្រទេសប្រទេសឡាវ។ យ៉ាងក៏ដោយ អាជ្ញាធរមិនអាចបញ្ជាក់ទំហំនៃការខូចខាតបាននៅឡើយទេ។
តាមពិតទៅ ការហក់ឡើងយ៉ាងគំហុកនៃទឹកទន្លេនៅពេលនេះ គឺដោយសារការហូរចូលទឹកជំនន់ពីការបាក់ទំនប់វារីអគ្គសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពី ប្រទេសឡាវ ដែលមានចម្ងាយប្រហែល៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ។
បន្ទាប់ពីគ្រោះមហន្តរាយនេះ សាលាខេត្តអត្តពីប្រទេសឡាវ បានសរសេរលិខិតមួយមកកាន់សាលាខេត្តស្ទឹងត្រែងរបស់កម្ពុជាកាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៨ ដើម្បីត្រៀមខ្លួនជម្លៀសពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន និងទន្លេផ្សេងទៀតរបស់កម្ពុជាទៅកាន់ទីទួលសុវត្ថិភាព។
សូមបញ្ជាក់ថា គម្រោងទំនប់វារីអគ្គិសនី Xe Pian Xe Namnoy ដែលអាចផលិតថាមពលបាន ៤១០មេហ្គាវ៉ាត់ និងវិនិយោគក្នុងទឹកប្រាក់ជាងមួយពាន់លានដុល្លារអាមេរិក គឺជាការវិនិយោគដោយក្រុមហ៊ុនថៃ កូរ៉េខាងត្បូង និងឡាវ ហើយគ្រោងនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ២០១៩ តែជាអកុសលទំនប់មិនទាន់ប្រើប្រាស់ផង ស្រាប់តែនៅយប់ថ្ងៃទី២៣ ខែកក្កដា បានបាក់បណ្តាលឲ្យទឹកក្នុងអាងស្តុក បានហូរយ៉ាងគំហុកបណ្តាលឲ្យផ្ទះលិច និងអណ្តែត និងបានលិចភូមិឋាននៅផ្នែកខាងក្រោម ព្រមទាំងបានធ្វើមនុស្សរាប់សិបនាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួនតាមទឹក៕