ចំណូលពីការលក់ស្លាកលេខពិសេស

ក្រសួងសាធារណការរកចំណូលបាន៦០លានដុល្លារ ពីការលក់ស្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន


ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអះអាងថា គ្រាន់តែការលក់ស្លាកលេខពិសេស និង ស្លាកលេខពិសេសផ្ទាល់ខ្លួន ក្រសួងរកចំណូលបានដល់ទៅប្រមាណ ៦០លានដុល្លារអាមេរិកឯណោះ បើគិតចាប់តាំងពីមានការបើកឲ្យមានការលក់ស្លាកលេខទាំងនេះ រហូតមកទល់ចុងខែកញ្ញាឆ្នាំ២០២១។
ស្លាកលេខពិសេស

ក្នុង​នោះ ការ​លក់​ស្លាក​លេខ​ពិសេស ដែល​បាន​ដាក់​លក់​តាំងពី​ឆ្នាំ​២០១៧​មក​ទល់​ពេល​នេះ ក្រសួង​សាធារណការ លក់​បាន​សរុប​ដល់​ជិត​១៨​ម៉ឺន​ស្លាក​លេខ​ហើយ ជាមួយនឹង​ប្រាក់​ចំណូល​ប្រមាណ ៤៦​លាន​ដុល្លារ ខណៈ​ដែល​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​វិញ គឺ​លក់​បាន​ជាង ៨​ពាន់​ស្លាក​លេខ ជាមួយនឹង​ប្រាក់​ចំណូល​ជិត ១៥​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ពី​ស្លាក​លេខ​ប្រភេទ​ថ្មី​នេះ បាន​សម្ពោធ​ដាក់​លក់​កាលពីដើម​ឆ្នាំ​២០២០​មក​។

នៅ​ក្នុង​កម្មវិធី​សំនួរ​-​ចម្លើយ តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ លោក​ជំទាវ កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​គូសបញ្ជាក់​ថា ការ​ដាក់​លក់​ស្លាក​លេខ​ពិសេស និង​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន ជូន​ប្រជាពលរដ្ឋ​កម្ពុជា នា​ពេល​កន្លង​មក គឺ​ដើម្បី​ជា​ជំរើស​បន្ថែម​សម្រាប់​ប្រជាពលរដ្ឋ អាច​ជ្រើសរើស​លេខ ឬ​ឈ្មោះ​ដែល​ខ្លួន​ពេញចិត្ត​។ លោក​ជំទាវ​រដ្ឋលេខាធិការ​រូប​នេះ ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា ចំណូល​ពី​ការ​លក់​ស្លាក​លេខ​រថយន្ត​ពិសេស​នេះ បាន​ចូលរួម​យ៉ាង​សំខាន់ និង​បាន​ចូល​ថវិកាជាតិ​ទាំងស្រុង ដើម្បី​រួមចំណែក​ក្នុង​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម​។

បើ​ទោះបី​បែប​នេះ​ក្ដី លោក​ជំទាវ កុយ សុ​ដា​នី ក៏​បាន​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​រាំងស្ទះ ដល់​ដំណើរការ​នៃ​ការ​លក់​ស្លាក​រថយន្ត ដែល​ធ្វើ​ឱ្យ​ចំណូល​ពី​ការ​លក់​ស្លាក​លេខ​យានយន្ដ​ជា​រួម​មានការ​ថយ​ចុះ​។ បើ​តាម​លោក​ជំទាវ កុយ សុ​ដា​នី នា​រយៈពេល ៩​ខែ ឆ្នាំ​២០២១ នេះ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ទទួល​ថវិកា​ប្រមាណ ៤៩​ពាន់​លាន​រៀល ពី​ការ​លក់​ស្លាក​លេខ​រថយន្ត បាន​ធ្លាក់​ចុះ ចំនួន ៤,៨% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២០ ដែល​ទទួល​បាន​ថវិកា ប្រមាណ ៥២​ពាន់​លាន​រៀល​។

យ៉ាងណា​ក៏​ដោយ លោក​ជំទាវ​រដ្ឋលេខាធិការ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន នៅ​តែ​មាន​ក្ដី​រំពឹង​ថា ក្រោយ​ស្ថានភាព​កូ​វី​ដ​-១៩ បាន​ធូរស្រាល ចំណូល​នៃ​ការ​លក់​ស្លាក​លេខ​រថយន្ត នឹង​មានការ​កើនឡើង​ជាង​នេះ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគម្រោងអភិវឌ្ឍន៍កោះទន្សាយតម្លៃ ១៣០លានដុល្លារ នឹងជំរុញលើកកម្ពស់សក្ដានុពលទេសចរណ៍ខេត្តកែបយ៉ាងណាខ្លះ?

ព័ត៌មាន
កោះទន្សាយ ជាកោះទេសចរណ៍សក្ដានុពលមួយរបស់ខេត្តកែប ហាក់កំពុងមានពន្លឺជាថ្មីទៀត ទាក់ទងនឹងការអភិវឌ្ឍ បន្ទាប់ពីកោះមួយនេះ កាលពីពេលកន្លងមកនេ...

កម្ពុជានិងថៃយល់ព្រមបើកច្រកព្រំដែនថ្មីមួយបន្ថែមទៀត--ស្ទឹងបត់-បានណងអៀន

ព័ត៌មាន
កម្ពុជា និងថៃ បានសម្រេចយល់ព្រមបើកច្រកព្រំដែនថ្មីមួយបន្ថែមទៀត គឺច្រកស្ទឹងបត់-បានណងអៀន ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ