លោកនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដន បានសង្កត់ធ្ងន់លើការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់បរិស្ថានដ៏អាក្រក់នៃគម្រោងអភិវឌ្ឍន៍ ជាពិសេសការជីកយករ៉ែ ដើម្បីឆ្លើយតបទៅនឹងកង្វល់ ដែលកំពុងបន្តលើកឡើងដោយសមាជិករដ្ឋសភា។ ថ្លែងក្នុងសម័យប្រជុំសាមញ្ញលើកទី៨ នៃរដ្ឋសភានីតិកាលទី៩ ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីឡាវ បានប្រកាសអំពីវិធានការសំខាន់ៗ រួមទាំងការផ្អាកជាអចិន្ត្រៃយ៍នៃគម្រោងរុករករ៉ែមាស និងបទប្បញ្ញត្តិតឹងរ៉ឹងសម្រាប់កិច្ចសន្យាគម្រោងដែលមានស្រាប់។
លោកបញ្ជាក់ថា រដ្ឋាភិបាលកំពុងកាត់បន្ថយ ឬលុបចោលសម្បទានក្នុងតំបន់ព្រៃ និងហាមមិនឲ្យមានការបង្កើតគម្រោងថ្មី ដើម្បីការពារបរិស្ថាន និងសម្បត្តិធម្មជាតិ ជាពិសេសសម្រាប់គម្រោងនៅជិតតំបន់ប្រភពទឹក ដីស្រែចម្ការ ឬតំបន់លំនៅដ្ឋាន។
លោកបានបន្តទៀតថា អ្នកអភិវឌ្ឍន៍ និងធ្វើអាជីវកម្មរ៉ែទាំងអស់ ដោយរួមទាំងរ៉ែមាស ក៏ត្រូវតែអនុវត្តតាមផែនការលម្អិតផងដែរ ដើម្បីគ្រប់គ្រង និងបិទប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ ហើយការមិនគោរពតាមនឹងនាំឱ្យមានការព្រមានការផ្អាកគម្រោង ឬការបាត់បង់សម្បទាន។ រដ្ឋាភិបាលក៏កំពុងធ្វើការដើម្បីគ្រប់គ្រងការដឹកជញ្ជូនរ៉ែ និងជួសជុលផ្លូវដែលខូចផងដែរ។
មកដល់ពេលនេះឡាវ គឺជាប្រទេសមួយដែលសម្បូរដោយរ៉ែ ខណៈរ៉ែមាសនៅក្នុងប្រទេសនេះអាចមានសក្តានុពលលើសពី៩,៥លានតោន។ អណ្តូងរ៉ែមាសដ៏មានតម្លៃមហាសាលនេះ ត្រូវបានគេដឹថា គឺបានរកឃើញដោយក្រុមហ៊ុន Lane Xang Minerals Limited នៅក្នុងខេត្តសាវ៉ាន់ណាខេត។ អណ្តូងរ៉ែមាសនេះ ត្រូវបានគេដឹងថា អាចមានជម្រៅប្រមាណជា៤៥០ម៉ែត្រ ដោយត្រូវកសាងផ្លូវប្រមាណជាជិត២ គីឡូម៉ែត្រ ដោយមានទទឹង៥ម៉ែត្រ និងកម្ពស់៥ម៉ែត្រ៕
ដោយៈ សរ សុជាតិ