រដ្ឋចិនបញ្ចេញប្រាក់ដល់ធនាគារខ្នាតតូច និងមធ្យម

រដ្ឋចិនបញ្ចេញប្រាក់ដល់ធនាគារខ្នាតតូច និងមធ្យមជិត ៥០ពាន់លានដុល្លារ ដើម្បីជំរុញការផ្ដល់កម្ចី និងពន្លឿនកំណើនសេដ្ឋកិច្ច


រដ្ឋាភិបាលចិនកំពុងចាក់បញ្ចូលមូលនិធិសាធារណៈដែលមានតម្លៃជាង ៣០០ពាន់លានយ័ន ឬស្មើនឹងជិត៥០ពាន់លានដុល្លារ ទៅឱ្យធនាគារខ្នាតតូចនិងមធ្យមនៅក្នុងស្រុក ក្នុងគោលបំណងជួយបង្កើនការផ្តល់ប្រាក់កម្ចីនៅតាមតំបន់ក្នុងការយកទៅប្រើប្រាស់ សម្រាប់ពន្លឿនកំណើនសេដ្ឋកិច្ច ដែលកំពុងតែមានដំណើរយឺត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
រដ្ឋចិនបញ្ចេញប្រាក់ដល់ធនាគារខ្នាតតូច និងមធ្យមជិត ៥០ពាន់លានដុល្លារ ដើម្បីជំរុញការផ្ដល់កម្ចី និងពន្លឿនកំណើនសេដ្ឋកិច្ច

ការចាក់បញ្ចូលមូលធនទាំងនេះ សុទ្ធសឹងជាហិរញ្ញប្បទាន ដែលទទួលបានពីមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុក។ គណៈកម្មការនិយ័តករធនាគារ និងធានារ៉ាប់រងរបស់ប្រទេសចិន រួមជាមួយនឹងក្រសួងហិរញ្ញវត្ថុចិន គ្រោងនឹងផ្តល់ប្រាក់ប្រមាណ ៤៧ពាន់លានដុល្លារអាមេរិក ដល់ធនាគារតាមតំបន់ទាំងខ្នាតតូច និងមធ្យម ចាប់ពីពេលនេះរហូតដល់ចុងខែសីហា។

គិតត្រឹមខែមិថុនា ទឹកប្រាក់ប្រមាណជិត ១៥ពាន់លានដុល្លារ ត្រូវបានផ្តល់ទៅឱ្យធនាគារនៅក្នុងខេត្ត ឡាវនីង កានស៊ូ និងហឺណាន។ ដោយឡែក ចាប់ពីដើមខែនេះ ធនាគារតូចៗដែលប្រតិបត្តិការនៅក្នុងតំបន់ នឹងទទួលបានមូលនិធិក្នុងទម្រង់ជាការចាក់បញ្ចូលមូលធន។

គួររំឭកថា ចាប់ពីខែកក្កដាឆ្នាំ២០២០ ក្រុមប្រឹក្សារដ្ឋនៃគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន បានអនុញ្ញាតឱ្យរដ្ឋាភិបាលក្នុងតំបន់ បញ្ចូលមូលនិធិទៅក្នុងធនាគារខ្នាតតូច និងមធ្យម ដោយប្រើប្រាស់បណ្ណបំណុលពិសេស កើតចេញពីការលក់បណ្ណបំណុលក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់រៀងៗខ្លួនដោយផ្ទាល់។

វិធានការនេះបានដាក់ចេញមក បន្ទាប់ពីអាជីវកម្មខ្នាតតូច និងខ្នាតមធ្យម មាននិន្នាការដាំក្បាលចុះខ្លាំង នៅក្នុងដំណាក់កាលដំបូងនៃការរាតត្បាតជំងឺកូវីដ១៩។ យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា អាជីវកម្មប្រហែល ២,៣ លានអាជីវកម្មនៅទូទាំងប្រទេសចិនបានធ្លាក់ក្នុងវិបត្តិ អំឡុងឆមាសទីមួយនៃឆ្នាំ២០២០ ដែលស្មើនឹង ៦% នៃអាជីវកម្មទូទាំងប្រទេសចិននៅពេលនោះ។

សូមជម្រាប ក្នុងអំឡុងរលកទីមួយនៃមេរោគឆ្លងកូវីដ១៩ រដ្ឋាភិបាលចិនបានចាក់បញ្ចូលទឹកប្រាក់សរុបចំនួនជាង ៣១ពាន់លានដុល្លាររួចទៅហើយ ទៅក្នុងធនាគារប្រហែល ៣០០កន្លែងគិតមកត្រឹមដំណាច់ឆ្នាំ២០២១។ ប្រការនេះបានអនុញ្ញាតឱ្យធនាគារតូចៗអាចងើបឡើងវិញក្នុងផ្នែកហិរញ្ញវត្ថុក្នុងកម្រិតជាក់លាក់មួយ ក៏ដូចជាជួយជំរុញដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច អាជីវកម្មផងដែរ។

សូមបញ្ជាក់ថា តាមតួលេខពីការិយាល័យស្ថិតិជាតិរបស់ចិន បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ចិន បានកើនឡើង២,៥% នៅឆមាសទី១ ឆ្នាំ២០២២ ហើយរំពឹងថា នៅពេញមួយឆ្នាំ២០២២ ចិននឹងមានកំណើនសេដ្ឋកិច្ច៤%។ ប៉ុន្ដែ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិវិញ បានព្យាករចុងក្រោយនេះថា សេដ្ឋកិច្ចចិននឹងមានកំណើនត្រឹមតែ ៣,៣% នៅឆ្នាំ២០២២ ខណៈកាលពីខែមេសាធ្លាប់ព្យាករថា នឹងមាន៤,៤%៕




អត្ថបទបន្ទាប់


ហេតុអ្វីការបញ្ចេញលក់ស្មាតហ្វូនរបស់ចិនធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេ១០ ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
ការបញ្ចេញលក់ស្មាតហ្វូននៅក្នុងប្រទេសចិនកំពុងឆ្ពោះទៅរកការធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំនេះ បើធៀបនឹងក្នុងរយៈពេល១០កន្លងមក ដោយសារទីផ្សារ…

រុស្ស៊ីបានត្រៀមរួចរាល់ ក្នុងការផ្ទេរគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន Sakhalin-2 ទៅឱ្យប្រតិបត្តិករថ្មីហើយ

ព័ត៌មាន
ទីភ្នាក់ងារព័ត៌មាន Tass របស់រដ្ឋាភិបាលរុស្ស៊ីបានរាយការណ៍ថា ប្រទេសរុស្ស៊ីបានសម្រេចចិត្ត ផ្ទេគម្រោងអភិវឌ្ឍន៍ ប្រេង និង ឧស្ម័ន Sakhalin2 ទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ