ប្រើប្រាស់ផ្លូវល្បឿនលឿន

រថយន្តដឹកទំនិញធំៗត្រូវបង់១២០ដុល្លារ បើចង់ប្រើប្រាស់ផ្លូវល្បឿនលឿនទៅមក ខណៈអ្នកជំនាញថា គួរតែបន្ទាបតម្លៃជាងនេះ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីវឌ្ឍនភាព នៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ដែលមកទល់ពេលនេះសម្រេចបានជាង៩០% ដោយគ្រោងដាក់ឲ្យប្រើប្រាស់ សាកល្បងនៅអំឡុងខែតុលា ខាងមុខនេះ។ នៅពេលផ្លូវនេះ ត្រូវបានដាក់ឲ្យដំណើរការបាន១ខែ គឺតម្រូវឲ្យអ្នកប្រើប្រាស់ត្រូវបង់លុយថ្លៃសេវាទើបអាចប្រើប្រាស់ផ្លូវនេះបាន ក្នុងនោះរថយន្តដឹកទំនិញធំៗ និងកុងតឺន័រត្រូវបង់១២០ដុល្លារសម្រាប់ធ្វើដំណើរទៅមកមួយជើង ខណៈរថយន្តលក្ខណៈគ្រួសារត្រូវបង់២៤ដុល្លារក្នុង១ជើងទៅមកដូចគ្នា។
ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ រូបភាព៖ ក្រសួងសាធារណការ

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនយល់ឃើញថា តម្លៃ១២០ដុល្លារសម្រាប់ការប្រើប្រាស់​ទៅមកផ្លូវល្បឿនលឿននេះ គឺជាតម្លៃមួយខ្ពស់ណាស់ និងស្នើឲ្យមានការបន្ធូរបន្ថយបន្តិច ដើម្បីឲ្យវិស័យដឹកជញ្ជូនកម្ពុជាកាន់តែមានភាពល្អប្រសើរ និងប្រកួតប្រជែងខ្ពស់។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគ្រោងដាក់ឲ្យដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ៩៥% ហើយ។ សម្រាប់ការដាក់ឲ្យដំណើរការ១ខែដំបូង ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូននានាអាចប្រើប្រាស់ផ្លូវនេះដោយឥតគិតថ្លៃ។ ប៉ុន្តែចាប់ពីក្រោយនោះ អ្នកប្រើប្រាស់ផ្លូវល្បឿនលឿននេះត្រូវបង់ថ្លៃសេវាជូនក្រុមហ៊ុនទៅតាមប្រភេទនៃរថយន្តនីមួយៗ ដែលបានកំណត់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ពាក់ព័ន្ធតម្លៃសេវានៃការប្រើប្រាស់ផ្លូវល្បឿនលឿននេះ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ចូន បានលើកឡើងថា រថយន្តលក្ខណៈគ្រួសារត្រូវបង់ ២៤ដុល្លារសម្រាប់ការធ្វើដំណើរទៅមកលើផ្លូវនេះ ពោលគឺធ្វើដំណើរទៅបង់១២ដុល្លារនិងត្រឡប់មកវិញបង់១២ដុល្លារ។ ដោយឡែករថយន្តដឹកទំនិញធំៗនិងកុងតឺន័រត្រូវបង់ប្រាក់១២០ដុល្លារសម្រាប់ការប្រើប្រាស់ទៅនិងមក។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល នៅឆ្នាំទីពីរក្រុមហ៊ុន នឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទាន ដែលកម្ពុជាបានចុះហត្ថលេខា​ជាមួយក្រុមហ៊ុនសាងសង់។

ជុំវិញថ្លៃសេវាសម្រាប់រថយន្តដឹកទំនិញធំៗនិងកុងតឺន័រលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម​ភស្តុភារកម្មកម្ពុជាយល់ឃើញថា ចំពោះការបង់ថ្លៃសេវា១២០ដុល្លារលើការប្រើប្រាស់ផ្លូវល្បឿនលឿនទៅនិងមក វាជាតម្លៃមួយខ្ពស់ ដែលស្ថិតក្នុងការពិចារណារបស់ក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនសម្រាប់ការប្រើប្រាស់ផ្លូវនេះ។ ឧកញ៉ា ស៊ិន ចន្ធី បន្ថែមថា ប្រសិនបើតម្លៃសេវាទាបជាងនេះទើបការជាការល្អ និងបានជួយដល់វិស័យឡូជីស្ទីកកម្ពុជា ដែលបាននិងកំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ និងការកើនឡើងតម្លៃប្រេងឥន្ធនៈ។

ជាមួយគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា លោកមិនហ៊ានវាយតម្លៃទេថា តម្លៃសេវា១២០ដុល្លារលើការប្រើប្រាស់ផ្លូវល្បឿនលឿនសម្រាប់រថយន្តដឹកទំនិញធន់ធំ និងកុងតឺន័រមានតម្លៃថ្លៃ ឬថោកនោះទេ។ សម្រាប់លោកតម្លៃសេវាថ្លៃ ឬថោកវានឹងត្រូវបកស្រាយតាមរយៈចំនួនរថយន្តដែលប្រើប្រាស់ផ្លូវនេះមានចំនួនតិច ឬច្រើន។ ទោះយ៉ាងណាលោកយល់ថា ផ្លូវល្បឿនលឿនវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ដឹកជញ្ជូនទំនិញ និងកាត់បន្ថយការកកស្ទះចរាចរណ៍។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រសួងសាធារណការ និងដឹកជញ្ជូននឹងបង្កើតវីដេអូអប់រំពន្យល់ពីរបៀបប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដល់ប្រជាពលរដ្ឋ ដើម្បីពួកគេមានការយល់ដឹងបន្ថែម មុនផ្លូវនេះត្រូវបានដាក់ប្រើប្រាស់ជាបណ្តោះអាសន្ននៅដើមខែតុលា ខាងមុខ។ កន្លងមកក្រសួងសាធារណការបានអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បងលើផ្លូវនេះម្តងរួចមកហើយ ប៉ុន្តែកាលពីពេលថ្មីៗក្រសួងបានហាមឃាត់រថយន្តគ្រប់ធ្វើចរាចរណ៍លើផ្លូវនេះវិញ បន្ទាប់ពីសង្កេតមានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់ក្នុងអំឡុងបើកឲ្យធ្វើដំណើរសាកល្បងនេះ។

គួររំលឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ មីនា ឆ្នាំ២០១៩ ក្រោមការអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលជាក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Minconsult SDN. BHD។ ផ្លូវដែលឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង និងព្រះសីហនុនេះមានចម្ងាយជាង១៩០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ២ពាន់លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


អេសស៊ីជី (SCG) រៀបចំសន្និសីទ ESG ឆ្នាំ២០២២ ជំរុញក្របខណ្ឌ ESG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចនៅអាស៊ាន

ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំសន្និសីទ ESG ឆ្នាំ២០២២ លើកដំបូង នៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋ សាធារណជន និងសម្…

សមាគមមៀនប៉ៃលិន៖ ចម្ការមៀនជាង៥០ហើយបានមកចុះបញ្ជីសម្រាប់នាំចេញទៅចិន ខណៈការនាំចេញរំពឹងចាប់ផ្ដើមឡើងនៅខែសីហា

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អះអាងថា ផ្លែមៀនប៉ៃលិនស្រស់កម្ពុជា អាចនឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិននៅខែសីហាខាងមុខនេះ ក្រោយពីទទួលបានការវា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ