ទោះយ៉ាងណា របាយការណ៍ចារកម្មថ្មីដ៏រស៊ើបថ្មីនេះ មិនបានបញ្ជាក់លម្អិតពីប្រភពនៃរបាយការណ៍សម្ងាត់ ឬក្រុមប្រដាប់អាវុធដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះនោះដែរ ខណៈមន្ត្រីចារកម្មអាមេរិកមិនទាន់មានភស្តុតាងសុក្រិតណាមួយ ដែលបង្ហាញថាប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី ជាអ្នបញ្ជានៅពីក្រោយដូចគ្នា។
ក៏ប៉ុន្ដែគេអាចមើលឃើញយ៉ាងច្បាស់ថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីនេះ គឺពិតជាមានផលប្រយោជន៍មិនតិចទេសម្រាប់អ៊ុយក្រែន ព្រោះវាបានកាត់ផ្តាច់លុយរាប់ពាន់លានដុល្លាររបស់ទីក្រុងម៉ស្គូក្នុងការលក់ឧស្ម័នមកឱ្យប្រទេសនៅតំបន់អឺរ៉ុបខាងលិច។ ស្របពេលជាមួយគ្នា ការធ្វើនេះក៏បានបង្កើនសម្ពាធបន្ថែមទៅលើប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែនដ៏ធំនៅអឺរ៉ុប គឺអាល្លឺម៉ង់។
បើតាមព័ត៌មានចារកម្មបានបន្ថែមថា ជនបង្កគឺជាអ្នកប្រឆាំង និងជាសត្រូវរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីនតែម្តង។ គេជឿថា ពួកគេទាំងនោះប្រហែលអាចជាជនជាតិអ៊ុយក្រែន ឬរុស្ស៊ី តែមិនមែនមកពីសហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេសនោះទេ។ មន្ត្រីចារកម្មអាមេរិកគ្មានភស្តុតាងជាក់ស្តែង ដើម្បីវែកមុខថា នរណាជាជនបង្ក និងរៀបចំគម្រោងការ ក៏ដូចជាបង់ថ្លៃសម្រាប់ប្រតិបត្តិការនោះទេ ប៉ុន្តែគ្រាន់តែដឹងថា ពួកគេគឺជាអ្នកជំនាញខាងបើកទូក និងជំនាញខាងបំផ្ទុះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាល្លឺម៉ង់ធំៗបីបានឱ្យដឹងថា អ្នកស៊ើបអង្កេតអាល្លឺម៉ង់ជឿថា ពួកគេទាំងនោះអាចមានគ្នា៦នាក់ ប្រុស៥នាក់ និងស្រីម្នាក់ដែលមានជំនាញការខាងក្លែងបន្លំលិខិតឆ្លងដែន ដោយប្រើប្រាស់ទូកដ៏គួរឱ្យសង្ស័យមួយ។ ទូកនោះត្រូវបានជឿជាក់ថា បានជួលពីក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅប្រទេសប៉ូឡូញ ដែលមានម្ចាស់ជាជនជាតិអ៊ុយក្រែនពីររូប។
ក្នុងនោះដែរ កងកម្មង់ដូទាំង៦នាក់នោះ ត្រូវបានគេសន្មតថា បានធ្វើដំណើរចេញពីកំពង់ផែ Rostock ភាគខាងជើងនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ ហើយបានបន្លំខ្លួនជាអ្នកស្រុកនៅលើកោះ Christianso របស់ដាណឺម៉ាកក្នុងសមុទ្របាល់ទិចនៅថ្ងៃបន្ទាប់ ដែលនៅក្បែរបំពង់បង្ហូរឧស្ម័ននោះ ដោយត្រូវបានបំផ្ទុះ២០ថ្ងៃក្រោយ គឺនៅថ្ងៃទី២៦កញ្ញា។
ទោះបីជាយ៉ាងណា មន្ត្រីអាមេរិកដែលមានឯកសារចារកម្មក្នុងដៃនោះ មិនទាន់មានព័ត៌មានដែលជា «ភស្តុតាងជាក់ស្តែង និងសុក្រិត» ដើម្បីសនិដ្ឋានថា វាគឺជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអ៊ុយក្រែននោះទេ»។ ហើយទន្ទឹមគ្នានេះ អាជ្ញាធរអាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែតកំពុងបើកការស៊ើបអង្កេតបន្ថែមលើរឿងនេះ។ លោក Jens Stoltenberg ប្រធានអង្គការណាតូបានប្រាប់សន្និសីទកាសែតមួយថា៖ «វាអាចជាការស្មានមួយដែលខុស ប្រសិនបើការស៊ើបអង្កេតមិនទាន់រកឃើញការពិតយ៉ាងណានោះ»។