
ទិន្នន័យរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិបង្ហាញថា មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ក្រៅប្រព័ន្ធតុលាការក្នុងសង្គ្រាមកម្ចាត់គ្រឿងញៀនក្រោមការដឹកនាំរបស់លោក ឌូទើតេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ក្រុមមេធាវីការពារក្ដីបានចេញញត្តិស្នើសុំឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូទើតេ (Duterte) ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នដោយសារលោកមានវ័យជរា និងមានបញ្ហាសុខភាព ខណៈដែលលោកត្រូវឡើងសវនាការជុំជម្រះបន្ទាប់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ ញត្តិស្នើសុំនោះលើកឡើងថា លោក ឌូទើតេ ដែលត្រូវបានចោទប្រកាន់ពីបទដឹកនាំធ្វើសង្រ្គាមកម្ចាត់គ្រឿងញៀនដ៏សាហាវតាំងពីលោកកាន់តំណែងអភិបាលក្រុងដាវ៉ាវ (Davao) រហូតដល់លោកក្លាយជាប្រធានាធិបតី មានវ័យជរាទៅហើយ និងមានបញ្ហាសុខភាពទ្រុឌទ្រោម ដូចនេះលោកមិនអាចបង្កហានិភ័យលើជើងហោះហើរនោះទេ ហើយថា លោក ឌូទើតេ ក៏មិនអាចប្រព្រឹត្តឧក្រិដ្ឋកម្មបន្ថែមទៀតនោះដែរ ហើយបានជំរុញឱ្យតុលាការពិចារណាលើហេតុផលមនុស្សធម៌ រួមទាំងវ័យរបស់លោកផងដែរ ព្រោះពេលនេះលោកមានវ័យ៨០ឆ្នាំទៅហើយ។
គួររំឭកថា លោក ឌូទើតេ ត្រូវបានអាជ្ញាធរហ្វីលីពីន ចាប់ខ្លួនតាមដីការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយសារលោកបានសម្លាប់មនុស្សមិនញញើតដៃនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនទូទាំងប្រទេស។ ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលហ្វីលីពីន បានបង្ហាញថា គិតត្រឹមឆ្នាំ២០២២ មនុស្សចន្លោះពី៦.០០០នាក់ទៅ៧.០០០នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការបង្ក្រាបរបស់ប៉ូលិសក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលដាក់ចេញដោយលោក ឌូទើតេ៕
ដោយ: តែម សុខុម