ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍បើកកិច្ចប្រជុំពិគ្រោះយោបល់នេះថា ការរៀបចំកិច្ចប្រជុំនេះ គឺស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានគោលបំណងពិនិត្យទៅលើការរៀបចំយន្តការ ដោយផ្អែកលើសសរស្តម្ភសំខាន់ៗចំនួន ៤ រួមមាន៖ (១). ការពិនិត្យអត្ថបទ និងបោះពុម្ពឯកសារដែលរៀបចំដោយស្ថាប័នសាធារណៈក្នុងកម្រិតជាតិអំពីប្រវត្តិសាស្រ្ត, វប្បធម៌ និងអារ្យធម៌ខ្មែរ (២). ការស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្រ្ត ផ្អែកលើភស្តុតាងជាក់ស្តែង និងមានការទទួលស្គាល់ជាអន្តរជាតិ (៣).ការបណ្តុះបណ្តាលនិងការផ្សព្វផ្សាយ ដើម្បីកសាងនូវការយល់ដឹងរួម និងការចងចាំរួម(Collective Memory) សម្រាប់ប្រជាជនទូទៅ និង (៤). ការកសាងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងអ្នកជំនាញជាតិ និងអន្តរជាតិនានា ដើម្បីឱ្យក្លាយទៅជាកម្លាំងមួយ ក្នុងការលើកស្ទួយគុណតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងអារ្យធម៌ខ្មែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍ផងដែរថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏ដើម្បីរួមគ្នាធ្វើការពិនិត្យឡើងវិញ ដោយម្ខាងលើការសរសេរ, ការបោះពុម្ព និងការអប់រំ អំពីទិដ្ឋភាពប្រវត្តិសាស្ត្រ, វប្បធម៌ និងអារ្យធម៌ខ្មែរ និងម្ខាងទៀតលើការស្រាវជ្រាវ ឱ្យបានត្រឹមត្រូវច្បាស់លាស់លើគ្រប់ទិដ្ឋភាព ដែលមានលក្ខណៈវិទ្យាសាស្រ្ត ក្នុងគោលដៅពង្រឹងអត្តសញ្ញាណជាតិ, ពង្រឹងនូវព្រលឹងជាតិ ឬជាកម្លាំងបង្រួបបង្រួមជាតិ ព្រមទាំងការផ្សព្វផ្សាយ ក្នុងគោលដៅកសាងនិងពង្រឹងភាពខ្លាំង និងភាពធន់ ដើម្បីធានាបាននូវអត្ថិភាពជាតិ ក៏ដូចជាវិបុលភាព និងវឌ្ឍនភាពជាតិយូរអង្វែង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា កិច្ចការនេះមានសារៈសំខាន់ណាស់ តែទាមទារឱ្យមានយន្តការច្បាស់លាស់ ទំាងបច្ចេកទេស ជំនាញ និងការទទួលខុសត្រូវ ដើម្បីធានាថា ការស្រាវជ្រាវ ការសរសេរ និងការបោះពុម្ព កាន់តែមានគុណតម្លៃ និងមានប្រយោជន៍ទៅដល់ការពង្រឹងគុណភាពការអប់រំផ្នែកប្រវត្តិសាស្ត្រ និងការផ្សព្វផ្សាយប្រវត្តិសាស្ត្រ ដើម្បីឱ្យប្រជាជនខ្មែរបានស្គាល់ប្រវត្តិសាស្រ្តខ្លួនឯងច្បាស់លាស់។ ក្នុងបរិការណ៍ដែលប្រទេសជាតិយើងកំពុងទទួលរងការគំរាមកំហែង ទាមទារឱ្យខ្មែរយើងត្រូវតែស្គាល់ខ្លួនឯងថា ជាអ្នកណា និងមកពីណា ហើយទៅណា ព្រោះការពង្រឹងអត្តសញ្ញាណជាតិ និងការបណ្តុះស្មារតីស្រឡាញ់ប្រទេសជាតិឱ្យកាន់តែខ្លាំង គឺចាប់ផ្តើមចេញពីការស្គាល់ប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិនេះឯង។
បន្ទាប់ពីបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុសរួចមក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់នូវអនុសាសន៍ និងការតម្រង់ទិសមួយចំនួន ដោយបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើស្ថាប័នីយកម្មនៃមុខងារទាំង៤ ឱ្យមានលក្ខណៈជាប្រព័ន្ធ ដោយមានយុទ្ធសាស្រ្ត និងផែនការសកម្មភាពច្បាស់លាស់ ដោយចាប់ផ្តើមពីតូចនិងស្រាលជាទំហំ និងរចនាសម្ព័ន្ធ តែធ្ងន់លើខ្លឹមសារ និងលទ្ធផល ដើម្បីម្ខាងធានាថា ឯកសារជាតិត្រូវបានរៀបចំឡើងបានត្រឹមត្រូវ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត និងវិធីសាស្រ្ត (methodology) ច្បាស់លាស់និងម្ខាងទៀតធានាឱ្យបាននូវអត្ថប្រយោជន៍នៃឯកសារ ហើយមិនបោះបង់ចោលនូវនិទានកថាជាតិ (National narrative) ដើម្បីបណ្ដុះស្មារតី និងទស្សនៈស្នេហាជាតិ តែចៀសវាងនូវស្មារតីជាតិនិយមជ្រុល ឬលើកតម្កើងខ្លួនឯងហួសពីការពិត ដែលនាំឱ្យគ្រោះថ្នាក់ ហើយងាកមកហ៊ានទទួលស្គាល់ការពិត ទាំងភាពខ្លាំង និងភាពទន់ខ្សោយ ទើបជាប្រការត្រឹមត្រូវ។ ទន្ទឹមនេះ រាល់ការបោះពុម្ពឯកសារដែលមានលក្ខណៈផ្លូវការ ឬដោយស្ថាប័នសាធារណៈ ត្រូវឆ្លងកាត់ការត្រួតពិនិត្យខ្លឹមសារ ដោយរួមទាំង Peer Review និងការអនុម័ត មុនផ្សព្វផ្សាយនិងប្រើប្រាស់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានជំរុញឱ្យមានការបណ្តុះបណ្តាល, ការសិក្សាស្រាវជ្រាវ និងការសរសេរឯកសារប្រវត្តិសាស្រ្តឱ្យបានកាន់តែច្រើន ដោយប្រវត្តិវិទូខ្មែរ ដោយរួមទាំងការបកប្រែឯកសារប្រវតិ្តសាស្រ្តសំខាន់ៗពីភាសាបរទេសមកភាសាខ្មែរផងដែរ ព្រមទាំងស្វែងរកយន្តការផ្តល់ការលើកទឹកចិត្ត (Incentive) ដល់អ្នកមានចំណេះដឹងជ្រៅជ្រះផ្នែកប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរ។ ទន្ទឹមនេះ គួរមានការរៀបចំឱ្យមានថ្នាលរួម ដើម្បីជាវេទិកាប្រមូលផ្ដុំអ្នកជំនាញប្រវត្តិសាស្រ្ត និងវប្បធម៌ ទាំងជាតិ និងអន្តរជាតិ មកជួបជុំពិភាក្សាគ្នា និងសហការគ្នា ដើម្បីជំរុញឱ្យទៅជាកម្លាំងរួមមួយ ក្នុងការលើកស្ទួយប្រវត្តិសាស្រ្ត វប្បធម៌ និងអារ្យធម៌ខ្មែរ។