ការបោះឆ្នោតសភានៅហុងកុង

ប្រទេសលោកខាងលិចថ្កោលទោសការបោះឆ្នោតសភាហុងកុង ខណៈចិនចេញមុខទាត់ចោលការថ្កោលទោសនេះ


ប្រទេសលោកខាងលិចថ្កោលទោសការបោះឆ្នោតសភាហុងកុង ខណៈចិនចេញមុខទាត់ចោលការថ្កោលទោសនេះ។ថ្នាក់ដឹកនាំក្រុងហុងកុង បានសម្តែងការអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតសភាហុងកុង ដែលបានរៀបចំឡើងកាលពីថ្ងៃអាទិត្យទី១៩ធ្នូ សប្តាហ៍មុន។ ប៉ុន្តែប្រជាពលរដ្ឋហុងកុង មួយចំនួនធំមិនបានសាទរជាមួយលទ្ធផលនេះទេ ដោយក្នុងនោះ មានពលរដ្ឋហុងកុងមិនដល់៣០%ផងបានបង្ហាញវត្តមានក្នុងការិយាល័យបោះឆ្នោត។ ជាអត្រា ពលរដ្ឋទៅចូលរួមបោះឆ្នោត ទាបបំផុតមិនធ្លាប់មានទេ ក្នុងប្រវត្តិសាស្ត្ររបស់ហុងកុង។
ការបោះឆ្នោតសភានៅហុងកុង
ដោយ

ក្រោយ​មើលឃើញ​បែប​នេះ ប្រទេស​លោក​ខាងលិច រួម​មាន​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ ឬ​ហៅ​កាត់​G7 និង​សហភាព​អឺរ៉ុប បាន​ចេញ​មក​ថ្កោលទោស​ការ​បោះ​ឆ្នោត​នេះ និង​សំដែង​ការ​ព្រួយបារម្ភ​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​ផង​ដែរ​។ ប៉ុន្ដែ រដ្ឋាភិបាល​ចិន​វិញ បាន​ទាត់​ចោល​រាល់​ការ​ថ្កោលទោស​ពី​ក្រុម​ប្រទេស​លោក​ខាងលិច​ទាំង​អស់នេះ​។

រដ្ឋមន្ត្រី​ការ​បរទេស​មក​ពី​ក្រុម​ប្រទេស G7 និង​មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប លោក ចូ សិប បូ​រ៉េ​ល (Josep Borrell) បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ហុងកុង ដែល​លោក​ខាងលិច​ប្រដូច​នឹង ការ​លុប​បំបាត់​ធាតុ​ដើម​នៃ​លទ្ធិប្រជាធិបតេយ្យ ចេញពី​ទីក្រុង​ហុងកុង​។

សេចក្តីថ្លែងការណ៍​រួម បាន​គូសបញ្ជាក់​ចំ​ៗ​ថា​៖ យើង​សូម​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​សម្រាប់​ការ​អំពាវនាវ​របស់​យើង​ចំពោះ​ប្រទេស​ចិន ឱ្យធ្វើ​សកម្មភាព​ស្រប​តាម កតិកាសញ្ញា​រួម​រវាង​ចិន​និង​ចក្រភព​អង់គ្លេស និង​កាតព្វកិច្ច​ផ្លូវច្បាប់​ផ្សេង​ទៀត​ដែល​មាន​ចែង  ព្រមទាំង​គោរព​សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​ហុងកុង ដូច​មាន​ចែង​ក្នុង​ច្បាប់​ជា​មូលដ្ឋាន​»​។

ក្រុម​ប្រទេស​លោក​ខាងលិច ក៏​អំពាវនាវ​ផង​ដែរ ដល់​អាជ្ញាធរ​ចិន និង​ហុងកុង ឲ្យ​ស្តារ​ទំនុកចិត្ត​លើ​ស្ថាប័ន​នយោបាយ​របស់​ហុងកុង​ឡើង​វិញ និង​បញ្ចប់​ការ​គាបសង្កត់ ចំពោះ​អ្នក​ដែល​ព្យ​យា​យាម​លើកកម្ពស់ ប្រជាធិបតេយ្យ និង​ការ​ការពារ​សិទ្ធិ សេរីភាព ជា​ពិសេស​អ្នកនយោបាយ​វ័យក្មេង​។

ប្រទេស​លោក​ខាងលិច ថ្កោលទោស​ការ​បោះ​ឆ្នោត​សភា​នៅ​ហុងកុង​ដូចនេះ ក៏​ដោយសារ​តែ វា ជា​ការ​បោះ​ឆ្នោត​លើក​ទី​មួយ ដោយ​គោរព​ទៅ​តាម​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី ដែល​ក្រុង​ប៉េ​កាំ​ង​បាន​ដាក់​កំហិត និង​បាន​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បោះ​ឆ្នោត ដែល​អនុញ្ញាត​ឲ្យ​ប៉េ​កាំ​ង មាន​ឥទ្ធិពល​កាន់តែ​ច្រើន​មក​លើ​ប្រព័ន្ធ​ដឹកនាំ​ហុងកុង​។

ក្រោយ​មានការ​ថ្កោលទោស​ពី​ប្រទេស​លោក​ខាងលិច អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ចៅ លី​ចៀន បាន​ចេញ​មក​ប្រតិកម្ម​ឆ្លើយ​តប​ខ្លាំង​ៗ​ថា កាលពី​ពេល​ហុងកុង​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស គឺ​ហុងកុង​មិនមែន​ជា​ដែនដី​ប្រជាធិបតេយ្យ​ទាល់តែ​សោះ ហើយ​ប្រជាជន ក៏​មិន​ធ្លាប់​ទទួល​បាន​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​សេរីភាព​ពិតប្រាកដ​អ្វី​ឡើយ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​ច្រានចោល​សេចក្តីថ្លែងការណ៍​រួម​ពី​ក្រុម​ប្រទេស​G7 ដោយ​ចាត់ទុកជា​ចេតនា​អាក្រក់ មិន​ទទួលខុសត្រូវ និង​ព្យាយាម​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​។

សូម​ជម្រាប​ថា ហុងកុង​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​អង់គ្លេស​ចាប់ពី​ឆ្នាំ​១៨៤១ រហូត​ដល់​ឆ្នាំ ១៩៩៧ ហើយ​នៅ​ឆ្នាំ​ដដែល​ជា​ឆ្នាំ​ដែល​អង់គ្លេស ប្រគល់​ហុងកុង​មក​ឲ្យ​ចិន​វិញ ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ ឲ្យ​ហុងកុង​មាន​អធិបតេយ្យ​គ្រប់គ្រង​ដោយ​ខ្លួនឯង​រហូត​ដល់​ឆ្នាំ​២០៤៧​។ ប៉ុន្តែ​ប៉េ​កាំ​ង​មិន​អាច​រង់ចាំ​ដល់​ឆ្នាំ​២០៤៧​នោះ​ទេ ខណៈ​បច្ចុប្បន្ន​ចិន​ព្យាយាម​ទាញ​ហុងកុង​មក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​បណ្តើរ​ៗ​ហើយ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដានឹងបង្កើនចំនួនម៉ាស៊ីន ATM ៤៧៨ គ្រឿងបន្ថែមទៀតនៅឆ្នាំ២០២២

ព័ត៌មាន
យ៉ាងហោចណាស់ មានទូ ATMថ្មី ជាង២០០គ្រឿងបន្ថែមទៀត ត្រូវបានធនាគារអេស៊ីលីដានាំចូលមកដល់ទីស្នាក់កាលកណ្ដាលនៅយប់ថ្ងៃទី ២២ខែធ្នូនេះ ខណៈដែលថ្នាក…

អាមេរិកចោទរុស្ស៊ីថា បានប្រាសចាកពីអ្វីដែលខ្លួនបានប្ដេជ្ញាចិត្តនៅអង្គការពាណិជ្ជកម្មពិភពលោក

ព័ត៌មាន
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់នៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសរុស្ស៊ីកំពុងតែដើរប្រាសចាសកាន់តែឆ្ងាយពីអ្វីខ្លួនបានប្ដេជ្ញាចិត្ត ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ