ក្រុមហ៊ុន LG Energy Solution នឹងជំរុញការផលិតអាគុយប្រភេទ Cylindric នៅឯរោងចក្រក្នុងក្រុង Ochang ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនរថយន្តអាមេរិក Tesla គឺជាអ្នកទិញអាគុយប្រភេទនេះដ៏ធំមួយ ហើយត្រូវបានគេជឿជាក់ថា ក្រុមហ៊ុននេះនឹងស្នើសុំទិញកាន់តែច្រើនថែមទៀត។ក្រុមហ៊ុននេះ គ្រោងបង្កើតការងារថ្មីប្រមាណ ១៨០០កន្លែង នៅក្នុងប្រទេសកូរ៉េខាងត្បូង ដល់ឆ្នាំ២០២៦។
ការវិនិយោគក្នុងទឹកប្រាក់ ៣ពាន់លានដុល្លាររបស់ LG Energy នេះ ក៏នឹងគាំទ្រផងដែរដល់ការអភិវឌ្ឍបច្ចេកវិទ្យារោងចក្រវៃឆ្លាតផ្អែក AI ដោយក្រុមហ៊ុននឹងនាំយកវាទៅរោងចក្ររបស់ខ្លួនដែលស្ថិតនៅក្រៅប្រទេស។
ជាមួយនឹងការបញ្ជាទិញពីក្រុមហ៊ុនផលិតរថយន្តសាកល ដែលមានតម្លៃជាង ២០០ពាន់លានដុល្លារនោះ ក្រុមហ៊ុន LG Energy កំពុងរត់ប្រណាំងនឹងការបង្កើនសមត្ថភាពនៅអាមេរិក កូរ៉េខាងត្បូង ចិន និងប៉ូឡូញ ដើម្បីបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់កាន់តែច្រើនថែមទៀត។
ក្រុមហ៊ុន LG Energy កំពុងពង្រីកប្រតិបត្តិការនៅអាមេរិកដែរប៉ុន្តែមានឧបសគ្គជាច្រើន។ កាលពីខែមីនា ក្រុមហ៊ុនបានប្រកាសផែនការសម្រាប់រោងចក្រអាគុយ Cylindric ក្នុងរដ្ឋ Arizona ប៉ុន្តែក្រោយមកបានផ្អាកវិញនៅក្នុងខែកក្កដា។ ការឡើងថ្លៃយ៉ាងគំហុកនូវតម្លៃពលកម្ម និងការសាងសង់ នៅអាមេរិក រួមជាមួយប្រាក់ដុល្លារឡើងថ្លៃ បានធ្វើឱ្យក្រុមហ៊ុនកូរ៉េមួយនេះ ងាកមកដាក់ទុនវិនិយោគក្នុងស្រុកវិញ។
សូមបញ្ជាក់ថា ក្រុមហ៊ុន LG Energy កំពុងសាងសង់រោងចក្រចំនួន៤ នៅអាមេរិកខាងជើងតាមរយៈការចូលរួមទុនគ្នាជាមួយនឹងក្រុមហ៊ុន GM, Honda និង Stellantis។ ដៃគូទាំងនេះ នឹងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ ខណៈដែលក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ កំពុងដេញតាមប្រជែងជាមួយក្រុមហ៊ុនចិន CATL ដែលជាអ្នកផលិតអាគុយរថយន្តអគ្គិសនីធំបំផុតក្នុងលោក។