ការបើកភ្លើងខៀវឱ្យរើសទាហានស្ម័គ្រចិត្តជិត២ម៉ឺននាក់នេះ គឺជាជំហានថ្មីមួយក្នុងការកែទម្រង់ និងពង្រឹងកម្លាំងប្រយុទ្ធរបស់កងទ័ពជើងគោក ស្របតាមគោលនយោបាយធ្វើទំនើបកម្មការពារជាតិរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិថៃ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខាវសត ទាហានស្ម័គ្រចិត្តទាំងនេះមានកិច្ចសន្យា៤ឆ្នាំ ដោយពួកគេនឹងទទួលបានការហ្វឹកហ្វឺនជំនាញ និងបំពេញភារកិច្ចដូចទាហានកងប្រចាំការទូទៅដែរ។ ពួកគេនឹងទទួលបានប្រាក់បៀវត្សរ៍ប្រមាណ៣៦០ដុល្លារក្នុងមួយខែ និងប្រាក់ឧបត្ថម្ភហូបចុកបន្ថែមប្រមាណ៨៥ដុល្លារក្នុងមួយខែ។ ជារៀងរាល់ឆ្នាំ កងទ័ពថៃ តែងតែអនុវត្តយន្តការចាប់ឆ្នោតចូលបម្រើកាតព្វកិច្ចយោធាសម្រាប់បុរសដែលមានអាយុពី១៨ ដល់២៦ឆ្នាំ ឱ្យចូលហ្វឹកហ្វឺននៅក្នុងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៧ រដ្ឋាភិបាលថៃ បានសម្រេចយកតែអ្នកស្ម័គ្រចិត្តសុទ្ធសាធ ដើម្បីចូលទៅពង្រឹងកម្លាំងផ្ទាល់របស់កងទ័ពជើងគោកតែមួយប៉ុណ្ណោះ៕
អត្ថបទៈ សួន ឡង់ទី