LOLC

LOLC បោះផ្សាយលក់មូលបត្របំណុល២០លានដុល្លារជាផ្លូវការ ដើម្បីកៀរគរទុនជួយជំរុញការអភិវឌ្ឍបៃតង និងជីវភាពរបស់ពលរដ្ឋ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានបោះជំហានជាថ្មីចូលក្នុងផ្សារមូលបត្រកម្ពុជា ដោយប្រកាសបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុលក្នុងទំហំទឹកប្រាក់២០លានដុល្លារអាម៉េរិក។ ការកៀរគរទុននេះ ធ្វើឡើងដើម្បីតម្រង់ទិសឆ្ពោះទៅរកការផ្ដល់ហិរញ្ញប្បទានដល់គម្រោងបៃតង ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។
LOLC
ដោយ

អ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់បានវាយតម្លៃថា ការហក់ចូលវិនិយោគជាថ្មីរបស់ LOLC មិនត្រឹមតែស្តែងឱ្យឃើញពីភាពស្ទុះឡើង នៃអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏សំខាន់ក្នុងការបង្កើនសន្ទុះជួញដូរ និងពង្រីកទំហំទីផ្សារមូលធនកម្ពុជាឱ្យកាន់តែមានសក្តានុពល។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានគូសបញ្ជាក់ថា ការសម្រេចចិត្តបោះផ្សាយលក់សញ្ញាបណ្ណទំហំ២០លានដុល្លារនាពេលនេះ គឺជាសាក្សីបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិនមកលើស្ថិរភាពហិរញ្ញវត្ថុ និងប្រព័ន្ធអភិបាលកិច្ចល្អរបស់ LOLC។ ថ្នាក់ដឹកនាំរូបនេះបានបន្ថែមថា មូលនិធិរយៈពេលវែងដែលប្រមូលបាននេះ នឹងត្រូវបែងចែកជាពីរផ្នែកធំៗដោយ២០%ផ្តោតលើគម្រោងគាំទ្របរិស្ថានដូចជាថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងមធ្យោបាយដឹកជញ្ជូនស្អាត ហើយ ៨០%ទៀត នឹងផ្តោតលើការលើកកម្ពស់ជីវភាព និងអភិវឌ្ឍន៍សង្គមផ្ទាល់។
ជាមួយគ្នានេះឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានចាត់ទុកវត្តមានជាថ្មីរបស់ LOLC ថា ជាសញ្ញាណវិជ្ជមានដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំ និងភាពរឹងមាំនៃទីផ្សារមូលបត្រកម្ពុជា។ ឯកឧត្តម ជឿជាក់ថា ប្រសិនបើការបោះផ្សាយជុំនេះទទួលបានជោគជ័យ នោះ LOLC អាចនឹងមានលទ្ធភាពបោះផ្សាយសញ្ញាបណ្ណបន្ថែមទៀត ខណៈអាជ្ញាធររំពឹងថា ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃនឹងឈានទៅសម្រេចគោលដៅ១លានដុល្លារក្នុងមួយថ្ងៃនាពេលឆាប់ៗខាងមុខនេះ។
ពាក់ព័ន្ធបញ្ហានេះដែរឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្របំណុលក្នុងទំហំថវិកា២០លានដុល្លារអាម៉េរិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានស្ដែងឱ្យឃើញពីការពង្រីកអាជីវកម្មរបស់ខ្លួន និងថែមទាំងបានរួមចំណែកក្នុងការជំរុញ និងពង្រីកទីផ្សារមូលធនឱ្យកាន់តែរីកចម្រើន។ មន្រ្តីជាន់ខ្ពស់រូបនេះបានចាត់ទុកការចូលរួមជាថ្មីរបស់ LOLC បានបង្ហាញឱ្យឃើញពីតម្លាភាព និងអភិបាលកិច្ចរឹងមាំ ការទទួលបានទំនុកចិត្តរបស់ក្រុមហ៊ុនបោះផ្សាយ និងការរួមចំណែកអភិវឌ្ឍទីផ្សារមូលធនកម្ពុជា។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា មកទល់ពេលនេះផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន២៨ក្រុមហ៊ុន និងកៀរគរទុនបានប្រមាណ៧២០លានដុល្លារ ក្នុងនោះ១២ក្រុមហ៊ុន បានចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិ និង១៤ក្រុមហ៊ុនទៀតបានបោះផ្សាយមូលបត្របំណុល។ មន្រ្តីថជាន់ខ្ពស់រូបនេះបានអះអាងថា ការជួញដូរភាគហ៊ុននៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ មានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈការជួញដូរប្រចាំថ្ងៃនៅក្នុងខែសីហា នេះ មានទំហំជាមធ្យមប្រមាណ៧៩ម៉ឺនដុល្លារ ហើយការបើកគណនីជួញដូរបានកើនឡើងដល់ជិត៣ពាន់គណនីក្នុង១ខែ ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យភាគហ៊ុនរបស់កម្ពុជា៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន




អត្ថបទបន្ទាប់


​​ខេត្តព្រះសីហនុ ហាក់ស្ងាត់នៅមួយរយៈចុងក្រោយ បន្ទាប់ពីមានការបង្ក្រាបការឆបោក និងល្បែងអនឡាញ ដែលកំពុងដាក់សម្ពាធដល់រកស៊ីក្រៅប្រព័ន្ធ

ការចាកចេញជាបន្តបន្ទាប់របស់ក្រុមជនបរទេស ក្រោយប្រតិបត្តិការបង្ក្រាប និងផ្អាកល្បែងភ្នាល់អនឡាញនៅតាមកាស៊ីណូ កំពុងបន្សល់ទុកនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ