វិបត្តិសេដ្ឋកិច្ចសកលអាចកើតឡើង

សម្ដេចតេជោ ហ៊ុន សែន បារម្ភថា វិបត្តិសេដ្ឋកិច្ចសកលអាចកើតឡើង ខណៈវិបត្តិប្រេង និងស្បៀងអាហារកំពុងបង្កការគំរាមកំហែងខ្លាំង


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការព្រួយបារម្ភពីស្ថានការណ៍ពិភពលោក ដែលកំពុងរងការគំរាមកំហែង ដោយសារតែវិបត្តិកូវីដ-១៩ និងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន។ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា ឥលូវនេះ ប្រទេសកម្ពុជា រួមទាំងពិភពលោក កំពុងជួបនូវសភាពការណ៍ចល័ត ដោយសារការអូសបន្លាយនៃវិបត្តិកូវីដ១៩ និងសង្រ្គាមឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២

ក្នុងន័យនេះ សម្ដេចបានបញ្ជាក់ទៀតថា បើទោះពិភពលោក មិនទាន់កើតមានវិបត្តិសេដ្ឋកិច្ចសាកល តែបច្ចុប្បន្ន ពិភពលោកកំពុង ជួបនូវវិបត្តិថាមពល និងវិបត្តិស្បៀងអាហាររួចទៅហើយ ហើយបញ្ហានេះ នឹងជិះឥទ្ធិពលដល់កម្ពុជា ពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហានានា ដែលកំពុងកើតមានឡើងដោយសារវិបតិ្តកូវីដ-១៩ គួបផ្សំនឹងឥទ្ធិពលនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ផងដែរ។ បើតាមសម្ដេច ហ៊ុន សែន ការអូសបន្លាយនៃសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន កំពុងតែធ្វើឲ្យពិភពលោកឈានទៅរកវិបត្តិសេដ្ឋកិច្ចសាកល ខណៈបច្ចុប្បន្នពិភពលោកកំពុងជួបវិបត្តិធំៗពីររួចទៅហើយ គឺកង្វះខាតស្បៀងអាហារ និងថាមពល។ យ៉ាងណាមិញ សម្រាប់កម្ពុជា បើទោះបច្ចុប្បន្ន មិនទាន់កើតមានវិបត្តិស្បៀងអាហារ តែតម្លៃប្រេងឥន្ធនៈវិញ បានកើនឡើងជាបន្តបន្ទាប់ ដែលកំពុងក្លាយជាក្ដីកង្វល់សម្រាប់ប្រជាជនកម្ពុជា។

ជុំវិញបញ្ហាកង្វះប្រេងដែលកើតមានពីសង្រ្គាមរុស្សី និងអ៊ុយក្រែន នេះ សម្ដេច ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាមួយចំនួន ដែលបាននិងកំពុងកើតមាននៅប្រទេសប៉ូឡូញ ផងដែរ ក្រោយពេលសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងពីរុស្ស៊ី ហើយធ្វើឲ្យប្រជាជនរបស់ខ្លួនជួបការលំបាក។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសហភាពអឺរ៉ុបលើប្រទេសរុស្សី ពិសេសពាក់ព័ន្ធបញ្ហាប្រេងឥន្ធនៈនេះ មិនត្រឹមជិះឥទ្ធិពលលើតំបន់អឺរ៉ុបនោះទេ តែក៏ប៉ះពាល់ខ្លាំងប្រទេសក្នុងតំបន់ រួមទាំងកម្ពុជា ផងដែរ។

ជាក់ស្ដែង យោងតាមក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសថា តម្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដែលត្រូវលក់ចាប់ពីថ្ងៃទី១១ មិថុនា ដល់ថ្ងៃទី២០ មិថុនា មានតម្លៃ ៥ ៨០០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត មានតម្លៃ ៦ ១០០រៀល ក្នុងមួយលីត្រ។

សូមបញ្ជាក់ថា ដោយសារតែបញ្ហាកូវីដ១៩ និងការអូសបន្លាយនៃសង្រ្គាមរុស្សីនិងអ៊ុយក្រែន កាលពីថ្ងៃទី៧ មិថុនា ឆ្នាំ២០២២ ធនាគារពិភពលោក បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួន ដល់ទៅជិតមួយភាគបីនៃតួលេខដែលបានព្យាករពីមុន ពោលគឺមកនៅត្រឹមអត្រាកំណើន ២,៩% ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២២។ ខណៈនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក វិញ ធនាគារពិភពលោក ក៏បានទម្លាក់ការព្យាករដែរនៅឆ្នាំ២០២២នេះ គឺមកនៅត្រឹម ៤,៤% ប៉ុណ្ណោះ ។ ដោយឡែក សម្រាប់កម្ពុជាវិញ នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលរំពឹងកំណើនសេដ្ឋកិច្ចនឹងកើនដល់៥,៦% ហើយនៅឆ្នាំ២០២៣ រំពឹងនឹងកើនដល់៦,៥%៕

None



អត្ថបទបន្ទាប់


ឯកឧត្តម ប៉ាន សូរស័ក្ដិ៖ ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) មិនទាន់ទាញយកប្រយោជន៍ពេញលេញពីប្រព័ន្ធអនុគ្រោះនៅឡើយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ បានអះអងថា ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅមិនទាន់ទាញយកប្រយោជន៍ពេញលេញពីប្រព័ន្ធអន…

ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនបដិសេធទទួលការបញ្ជាទិញ ដោយសារតែមានកង្វះកម្លាំងពលកម្មពីកម្មករចំណាកស្រុក

ក្រុមហ៊ុនមួយចំនួននៅប្រទេសម៉ាឡេស៊ីចាប់រាប់ចាប់ពីអាជីវកម្មចម្ការដូងប្រេងរហូតដល់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកំពុងតែបដិសេធការបញ្ជាទិញពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ