ក្រសួងថាមពលរបស់ប្រទេសលីទុយអានីបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្ដាហ៍មុននេះថា ប្រទេសលីទុយអានីបានកាត់ផ្តាច់ការនាំចូលឧស្ម័នពីរុស្ស៊ីទាំងស្រុង ដែលវិធានការនេះបានចាប់ផ្តើមអនុវត្ត ពីខែ មេសាតទៅ ហើយការស្វែងរកឯករាជ្យថាមពលពេញលេញពីឧស្ម័នរបស់រុស្ស៊ីនេះ ជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់រុស្ស៊ីទៅលើសហភាពអឺរ៉ុប និងសង្គ្រាមនៅអ៊ុយក្រែន។ ក្រសួងថាមពលលីទុយអានី បានអះអាងថា ប្រទេសលីទុយអានី បានគ្រប់គ្រង និង កាត់បន្ថយការនាំចូលឧស្ម័នរបស់រុស្ស៊ីមកត្រឹមសូន្យតាំងតែពីថ្ងៃសៅរ៍ទី ០៤ ខែមេសាមកម្ល៉េះ ដែលជាការផ្លាស់ប្តូរមួយ ដែលត្រូវបានគេមើលឃើញថា ជារឿងដ៏កម្រមួយក្នុងការសម្រេចបាននូវឯករាជ្យភាពថាមពល ក្នុងប្រទេសដែលបានប្រជាជនប្រមាណជាង ២ លាន ៨ សែននាក់។
រដ្ឋមន្ត្រីក្រសួងថាមពលលោក ដៃនូស ក្រេវីស៍ (Dainius Kreivys) បាននិយាយថា លីទុយអានីជាប្រទេសក្នុងសហភាពអឺរ៉ុបដំបូងគេ ដែលបានកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ី ជាមួយនឹងឯករាជ្យភាពនៃការផ្គត់ផ្គង់ ហើយនេះគឺជាលទ្ធផលនៃគោលនយោបាយថាមពលដែលជាប់ទាក់ទងគ្នាជាច្រើនឆ្នាំ និង ការសម្រេចចិត្តលើហេដ្ឋារចនាសម្ព័ន្ធផលិតឧស្ម័នបានទាន់ពេលវេលារបស់ប្រទេសសហភាពអឺរ៉ុបមួយនេះ។
ប្រធានាធិបតីលីទុយអានីលោក ហ្គីតាណាស នូយូស៊ីដា (Gitanas Nauseda) បានបង្ហោះនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនថា លោកពិតជារំភើបដែលបានទទួលឯករាជ្យនេះណាស់ ហើយថែមទាំងបានជំរុញឱ្យប្រទេសអឺរ៉ុបផ្សេងទៀតធ្វើដូចគ្នា ដោយបានបន្ថែមថា ចាប់ពីខែនេះតទៅ មិនមានឧស្ម័នរុស្ស៊ីទៀតទេនៅក្នុងប្រទេសលីទុយអានី។
គួរជម្រាបថា ក្នុងឆ្នាំ ២០១៥ ជិត ១០០% នៃការផ្គត់ផ្គង់ឧស្ម័នរបស់ប្រទេសលីទុយអានីបានមកពីការនាំចូលឧស្ម័នរបស់រុស្ស៊ី ប៉ុន្តែស្ថានភាពបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រទេសនេះ បានសាងសង់ស្ថានីយនាំចូល ឧស្ម័នធម្មជាតិរាវនៅឯនាយសមុទ្រ ដែលបានបើកដំណើរការនៅក្នុងឆ្នាំ ២០១៤នៅទីក្រុងកំពង់ផែ Klaipeda។ កាលពីឆ្នាំមុន ការផ្គត់ផ្គង់ឧស្ម័នចំនួន ២៦% របស់ប្រទេសលីទុយអានីបានមកពីការដឹកជញ្ជូនពីបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី ខណៈដែល ៦២% បានមកតាមរយៈស្ថានីយឧស្ម័នធម្មជាតិរាវ របស់កំពង់ផែ Klaipedaនិង ១២% ទៀតត្រូវបាននាំចូលពីកន្លែងស្តុកឧស្ម័ននៅក្នុងប្រទេសឡាតវីយ៉ា ដែលជាប្រទេសជិតខាង។
ក្រសួងថាមពលអះអាងថា ចាប់ពីពេលនេះតទៅឧស្ម័នទាំងអស់សម្រាប់ការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសលីទុយអានីនឹងត្រូវបាននាំចូលតាមរយៈស្ថានីយ ឧស្ម័នធម្មជាតិរាវរបស់កំពង់ផែ Klaipeda ។
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន