មេដឹកនាំក្រុងហុងកុងលោកស្រី Carrie Lam

មេដឹកនាំក្រុងហុងកុងលោកស្រី Carrie Lam ប្រកាសមិនបន្ដដឹកនាំនៅអាណត្តិទី២នោះទេ


មេដឹកនាំក្រុងហុងកុងលោកស្រី ខារី ឡេម (Carrie Lam) បាននិយាយនៅថ្ងៃទី ០៤ ខែមេសាថា លោកស្រីនឹងមិនស្វែងរកការឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទីពីរទៀតនោះទេបន្ទាប់ពីការកាន់តំណែងដ៏ច្របូកច្របល់ ដោយសារមានការតវ៉ាដ៏ធំប្រឆាំងនឹងច្បាប់សន្តិសុខជាតិ ដែលបានដាក់ចេញពីរដ្ឋាភិបាលចិនដីគោក និងការរិះគន់ដំណោះស្រាយរបស់លោកស្រីចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ដ៏អាក្រក់បំផុតនៅក្នុងទីក្រុងមួយនេះ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
មេដឹកនាំក្រុងហុងកុងលោកស្រី Carrie Lam ប្រកាសមិនបន្ដដឹកនាំនៅអាណត្តិទី២នោះទេ

លោកស្រី ខា​រី ឡេ​ម បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ការ​សម្រេចចិត្ត​របស់​លោកស្រី​ក្នុង​ការ​មិន​ឈរឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ក្រុង​ហុងកុង​នៅ​ខែ​ក្រោយ​នេះ គឺជា​រឿង​ផ្ទាល់ខ្លួន ដោយ​បន្ថែម​ថា​លោកស្រី​នឹង​ចុះ​ចេញពី​តំណែង​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា​បន្ទាប់​ពី​បាន​បម្រើ​ការងារ​រដ្ឋ​អស់​រយៈពេល​៤២​ឆ្នាំ​។

មេដឹកនាំ​ក្រុង​ហុងកុង​វ័យ ៦៤ ឆ្នាំ​រូប​នេះ បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​ថា ក្រុម​គ្រួសារ​របស់​លោកស្រី គឺជា​អាទិភាព​ដែល​លោកស្រី​ត្រូវ​តែ​គិតគូរ ហើយ​ពួក​គេ​ក៏​គិត​ដែរ​ថា វា​ដល់​ពេល​ហើយ ដែល​លោកស្រី​ត្រូវ​ត្រលប់​ទៅ​ផ្ទះ​វិញ​។

លោកស្រី ឡេ​ម បាន​បន្ថែម​ថា លោកស្រី​បាន​ជូនដំណឹង​នេះ ទៅ​កាន់​រដ្ឋាភិបាល​កណ្ដាល​រួច​ហើយ​កាលពី​ឆ្នាំ​មុន ហើយ​ពួក​គេ​បាន​ក៏​យល់ចិត្ត​គ្នា និង​គោរព​គ្នា​ផង​ដែរ​។

អគ្គលេខាធិកា នៃ​ទីក្រុង​ហុងកុង លោក ច​ន លី (John Lee) ដែល​ជា​មេបញ្ជាការ​ទី​២​របស់​ទីក្រុង​ហុងកុង​នឹង​ស្វែងរក​ការ​ឈរឈ្មោះ​សម្រាប់​តំណែង​កំពូល​របស់​ទីក្រុង​ហុងកុង​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។

ការ​គាំទ្រ​ជា​សាធារណៈ​ចំពោះ​លោកស្រី ឡេ​ម បាន​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១៩ ក្នុងអំឡុងពេល​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​រយៈពេល​ជា​ច្រើន​ខែ​ដែល​ពេល​នោះ មាន​មនុស្ស​រាប់​លាន​នាក់​បាន​ដើរ​បាតុកម្ម​តវ៉ា​តាម​ផ្លូវ ហើយ​តាំងពី​នោះ​មក​ប្រជាប្រិយភាព​របស់​លោកស្រី​ចាប់ផ្ដើម​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាននៅ​ក្នុង​ចំណោម​មេដឹកនាំ​ក្រុង​ហុងកុង​ណា​ៗ​ទាំងអស់​។

អំឡុង​ពេល​កាន់​តំណែង​រយៈពេល​៥​ឆ្នាំ​របស់​លោកស្រី ឡេ​ម មកនេះ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ បាន​កើត​មាន​ភាព​ចលាចល​យ៉ាងធ្ងន់ធ្ងរ​បំផុត​ជា​ប្រវត្តិសាស្ត្រ​រួម​ទាំង​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស និង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ទូលំទូលាយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២០ ដែល​អ្នក​រិះគន់​និយាយ​ថា បាន​លុប​បំបាត់​សេរីភាព​ជន​ស៊ី​វិល​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ចំនួន​ប្រជាជន ៧​លាន​៤​សែន​នាក់​។

លោក ចូ​សេ​ហ្វ ឆេ​ង (Joseph Cheng) អ្នក​អត្ថាធិប្បាយ​នយោបាយ​ឯករាជ្យ​មួយ​រូប​បាន​និយាយ​ថា លោកស្រី ឡេ​ម បាន​អនុវត្ត​កម្មវិធី​គោលនយោបាយ​ផ្តាច់​ការ និង​ការ​គាបសង្កត់​របស់​ទីក្រុង​ប៉េ​កាំ​ង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោកស្រី​បាន​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្រុង​ហុងកុង ហើយ​លោកស្រី​មានការ​អាក់អន់ចិត្ត​យ៉ាង​ខ្លាំង​។

សូម​បញ្ជាក់​ថា លោកស្រី ឡេ​ម គឺជា​អ្នក​គោរព​និកាយ​កាតូលិក និង​កើត​នៅ​ក្នុង​សម័យ​អាណានិគម​ន៍​របស់​អង់គ្លេស​នៅ​ក្នុង​ឆ្នាំ​១៩៥៧ ហើយ​តាំងពី​ចក្រភព​អង់គ្លេស​បាន​ប្រគល់​ទីក្រុង​ហុងកុង​ឱ្យ​ចិន​ជា​អ្នកគ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​មក​ដល់​នឹង​ពេល​នេះ គឺ​មិន​ទាន់​មាន​មេដឹកនាំ​ក្រុង​ហុងកុង​ណាមួយ អាច​ដឹកនាំ​ទីក្រុង​នេះ បាន​២​អាណត្តិ​នៅឡើយ​ទេ​៕

អត្ថបទ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីសម្ព័ន្ធ Quad ត្រូវតែកាន់ដៃឥណ្ឌាឲ្យជាប់ កុំឲ្យរបូតចេញពីសម្ព័ន្ធនេះ?

ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បាននិយាយកាលថា សម្ព័នមិត្តទាំង ៤ នៃសមាជិក Quad រួមមាន ជប៉ុន អាមេរិក ឥណ្ឌា និង អូស្ត្រាលី ត្…

លីទុយអានី ជាប្រទេសសហភាពអឺរ៉ុបដំបូងគេ ដែលហ៊ានផ្ដាច់ការនាំចូលឧស្ម័នពីរុស្ស៊ី

ព័ត៌មាន
ប្រទេសលីទុយអានីបាននិយាយថា ខ្លួនបានកាត់ផ្តាច់ទាំងស្រុងនូវការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ដែលបានធ្វើឲ្យប្រទេសមួយនេះ ក្លាយជាប្រទេសដំបូងគេក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ