លោក លី ឡាវីល អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានគូសបញ្ជាក់ឱ្យដឹងថា កត្តាឡើងចុះនៃតម្លៃជ្រូករស់នៅកម្ពុជា នាពេលកន្លងមក គឺប្រែប្រួលទៅតាមរដូវកាលនៃតម្រូវការនៅលើទីផ្សារ ពោលគឺមិនមែនប្រែប្រួលទៅតាមការកំណត់របស់ក្រុមហ៊ុនចិញ្ចឹមជ្រូកធំៗ ដូចការលើកឡើងរបស់ពលរដ្ឋមួយចំនួននោះទេ។ ប៉ុន្តែហេតុផលដែលក្រុមហ៊ុនចិញ្ចឹមជ្រូកធំៗ អាចទប់ទល់នឹងការខាតបង់នៅពេលដែលតម្លៃជ្រូកធ្លាក់ចុះ ខុសពីកសិករចិញ្ចឹមជ្រូកខ្នាតតូចនៅតាមផ្ទះនោះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារការចិញ្ចឹមនៅតាមក្រុមហ៊ុនធំៗមានស្តង់ដាបច្ចេកទេសចិញ្ចឹមទំនើបជាង ដោយអាចប្រមូលផលជ្រូកបានលឿនជាង និងចំណាយថ្លៃដើមផលិតទាបជាង។ បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងរូបនេះ ជាទូទៅតម្លៃជ្រូករស់តែងតែធ្លាក់ថ្លៃនារដូវវស្សា ហើយឡើងថ្លៃនារដូវប្រាំង ដ្បិតនៅរដូវប្រាំងតម្រូវការសាច់ជ្រូកមានកំណើនខ្ពស់ ដោយសារជាខែមានពិធីច្រើន។ ជាក់ស្តែងនារដូវកាលបុណ្យចូលឆ្នាំចិន ថ្មីៗនេះ តម្លៃសាច់ជ្រូកនៅលើទីផ្សារបានកើនឡើងដល់លើសពី១ម៉ឺនរៀលក្នុងមួយគីឡូក្រាមឯណោះ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យការចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនធំៗទទួលបានជោគជ័យ និងប្រាក់ចំណេញខ្ពស់ជាងការចិញ្ចឹមរបស់កសិករតាមផ្ទះ គឺដោយសារក្រុមហ៊ុនចិញ្ចឹមជ្រូកធំៗ មិនមែនគ្រាន់តែទាញចំណូលបានពីការលក់សាច់ជ្រូកពេលប្រមូលផលតែមួយមុខនោះទេ ប៉ុន្តែគឺអាចទាញផលចំណេញបានច្រើនពីប្រតិបត្តិការនៃការចិញ្ចឹមនោះ ដែលធ្វើឱ្យការចំណាយថ្លៃដើមទាប។
គួរជម្រាបថា កម្ពុជា មានតម្រូវការជ្រូករស់ចំនួន១ម៉ឺនក្បាលក្នុង១ថ្ងៃសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ខណៈនៅរដូវកាលបុណ្យទានធំៗ តម្រូវការគឺមានការកើនឡើងខ្ពស់ជាងនេះថែមមួយកម្រិតទៀត។ យ៉ាងណាមិញ ការចិញ្ចឹមជ្រូកនៅកម្ពុជាបច្ចុប្បន្ន មិនត្រឹមតែអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងមានលទ្ធភាពនាំចេញទៅក្រៅប្រទេសផងដែរ៕