កម្ពុជាកំពុងគិតគូរអំពីការសាងសង់ស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីនាំចូលឧស្ម័នប្រភេទនេះសម្រាប់ប្រើប្រាស់ក្នុងការផលិតថាមពលអគ្គិសនី។ ស្ថានីយឧស្ម័ន LNG ដែលត្រូវបានគ្រោងទុកនេះ ទំនងជាក្លាយជាទីផ្សារនាំចូលដំបូងរបស់កម្ពុជា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ខណៈប្រទេសវៀតណាម និងហ្វីលីពីន បាននាំចេញដំបូងគេក្នុងឆ្នាំនេះ។ យោងតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ អំពីការលុបចោលគម្រោងរោងចក្រថាមពលធ្យូងថ្ម៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងផែនការជំនួសវាដោយថាមពល៨០០មេហ្គាវ៉ាត់ ដើរដោយ LNG ដែលនឹងដាក់ឱ្យដំណើរការក្រោយឆ្នាំ២០៣០។
បើយោងតាមការចុះផ្សាយរបស់ CNA ឯកឧត្តម កែវ រតនៈ បានអះអាងថា ការសម្រេចចិត្តលុបចោលគម្រោងធ្យូងថ្ម ដែលគ្រោងនឹងចាប់ផ្តើមផលិតថាមពលនៅចុងឆ្នាំ២០២៥ ខាងមុខនេះ គឺដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងថាមពលស្អាត។ គួរជម្រាបថា រោងចក្រធ្យូងថ្មដែលបានគ្រោងទុកនៅបទុមសាគរ ត្រូវបានសកម្មជនបរិស្ថាន និងអ្នកស្រុកមួយចំនួនរិះគន់ថា បានទន្ទ្រានដីព្រៃដ៏ក្រាស់របស់កម្ពុជា និងដែលអាចនឹងរំខានដល់ការរស់នៅ និងបំពុលតំបន់ការពារព្រៃឈើ ដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជរាប់សិបប្រភេទនៅកម្ពុជា។
ជាមួយនឹងការលុបចោលគម្រោងនៅបុទុមសាគរ ដែលជាគម្រោងថាមពលធ្យូងថ្មតែមួយគត់របស់កម្ពុជា ដែលនៅសេសសល់ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ គឺជាគម្រោងខ្នាតតូចទំហំ២៦៥មេហ្កាវ៉ាត់ ដែលបានពន្យារពេលជាយូរមកហើយនៅក្នុងខេត្តឧត្តរមានជ័យ។
គួរជម្រាបដែរថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានមានប្រសាសន៍ថា គម្រោងថាមពលធ្យូងថ្ម បុទុមសាគរ នឹងត្រូវសាងសង់ គ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុន Royal Group របស់កម្ពុជា ដែលជាក្រុមហ៊ុនក្នុងស្រុកដែលមានការវិនិយោគលើទូរគមនាគមន៍ និងដឹកជញ្ជូននៅកម្ពុជា៕