បើតាមការអះអាងរបស់លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារកម្ពុជា បានប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ចាប់តាំងពីចុងខែមីនា ឆ្នាំ២០២០ ដែលធនាគារជាតិ បានណែនាំទៅកាន់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឲ្យ រៀបចំឥណទានឡើងវិញសម្រាប់អតិថិជនជួបការលំបាកដោយសារកូវីដ-១៩មក ក្នុងរយៈពេល៩ខែក្រោយការអនុញ្ញាតនេះ គេសង្កេតឃើញថា ការរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនដោយគ្រឹះស្ថានធនាគារ មានប្រមាណតែ ២៥ម៉ឺនគណនីប៉ុណ្ណោះ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ៣.៦០០លានដុល្លារអាមេរិក។ ប៉ុន្ដែ ចូលមកដល់ឆ្នាំ២០២១ ការរៀបចំឥណទានឡើងវិញដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងប្រមាណជិត ៥០%បន្ថែមទៀត ពោលគឺកើនពី២៥ម៉ឺនគណនីដែលមាននៅឆ្នាំ២០២០ មកដល់ ៣៤ម៉ឺនគណនី គិតត្រឹម៥ខែដំបូងឆ្នាំ២០២១នេះ ដោយក្នុងនោះទំហំទឹកប្រាក់ឥណទានដែលត្រូវបានរៀបចំឡើងវិញបានកើនដល់ ៤.៧០០លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា នាពេលកន្លងទៅ ក៏បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២១នេះ។ ពាក់ព័ន្ធនឹងការបន្ដឲ្យមានការរៀបចំឥណទានឡើងវិញនេះដែរ លោក ហេង កូយ បានបញ្ជាក់ថា វាគឺជាមធ្យោបាយតែមួយគត់ ដែលជួយស្រោចស្រង់ដល់ប្រជាពលរដ្ឋ ក៏ដូចជាធនាគារពីវិបត្តិកូវីដ១៩។ លោកបន្ថែមថា កំណើននៃការរៀបចំឥណទានឡើងវិញនាខែបន្តបន្ទាប់ទៀត អាចនឹងមានកំណើនកម្រិតណានោះ គឺអាស្រ័យទៅលើស្ថានភាពនៃការគ្រប់គ្រងកូវីដ-១៩នៅកម្ពុជា។
បើក្រឡេកទៅមើលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា សម្ទុះនៃការស្នើសុំរៀបចំឥណទានឡើងវិញមានការកើនឡើងយ៉ាងខ្លាំងកាលពីខែឧសភា ដោយបានកើនឡើងប្រមាណជាង ១០ដងបើធៀបនឹងខែមុនពេលមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផ្ទុះឡើង ។បើតាមអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានគូសបញ្ជាក់ថា ចាប់តាំងពីខែមេសាមក កំណើនអ្នកស្នើសុំរៀបចំឥណទានឡើងវិញ កើនពីខ្ទង់រយនាក់ មករាប់ពាន់នាក់ ក្នុង១សប្តាហ៍ៗ។ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញនេះ ក៏ត្រូវបានសមាគមមីក្រូហិរញ្ញវត្ថុរំពឹងថា អាចនឹងនៅតែបន្តកើនឡើងរហូតដល់ខែកក្កដា ប៉ុន្តែអាចនឹងថមថយបន្តិចវិញនៅខែសីហា បើសិនការរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្បើយ៕