
យ៉ាងណាមិញ ក្រោយពលរដ្ឋកម្ពុជា ធ្វើពហិការឈប់ប្រើប្រាស់ទឹកដោះគោស្រស់នាំចូលពីថៃ ក៏បានជំរុញឱ្យតម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ផលិតក្នុងស្រុកកាន់តែហក់ឡើងខ្ពស់ជាងមុន ដែលនឹងជំរុញឱ្យកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា បង្កើនការផលិតកាន់តែច្រើននៅឆ្នាំក្រោយ។
លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌ ដែលជាកសិដ្ឋានផលិតទឹកដោះគោស្រស់ដ៏ធំមួយនៅកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្រូវការប្រើប្រាស់ទឹកដោះគោស្រស់ផលិតក្នុងស្រុកមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ។ កត្តានេះ បានធ្វើឱ្យកម្ពុជា ប្រឈមនឹងការខ្វះទឹកគោស្រស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ ពោលគឺកម្ពុជា មានតម្រូវការប្រើប្រាស់ទឹកដោះគោស្រស់ប្រមាណជិត១០ម៉ឺនលីត្រក្នុង១ថ្ងៃ តែការផលិតក្នុងស្រុកមានប្រមាណ២ម៉ឺនលីត្រក្នុង១ថ្ងៃប៉ុណ្ណោះ។ ថ្នាក់ដឹកនាំកសិដ្ឋានរូបនេះ បានអះអាងថា កំណើនតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកនេះ បានជំរុញឱ្យកសិដ្ឋានគិរីសួគ៌បង្កើនការនាំចូលគោបន្ថែម ដើម្បីបង្កើនការផលិតឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ។ ជាមួយគ្នានេះ លោក ជី សិលា ស្នើឱ្យវិនិយោគិនកម្ពុជា គួរងាកមកវិនិយោគលើការផលិតទឹកដោះគោស្រស់ឱ្យកាន់តែច្រើន ដ្បិតថា ទីផ្សារនៅទូលាយនៅឡើយ។
គួរជម្រាបថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជា មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន៤ ដែលអាចផលិតទឹកដោះគោស្រស់ជាង១ម៉ឺន៣ពាន់លីត្រក្នុង១ថ្ងៃ ឬស្មើនឹង៥លានលីត្រក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ១៧% នៃតម្រូវការទឹកដោះគោស្រស់សរុបក្នុងស្រុក ដែលមានជាង៣០លានលីត្រ។ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗទាំង៤ រួមមានកសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូហ្វាម កសិដ្ឋានក្នុងឧទ្យានជាតិ ឫស្សីត្រឹប និងកសិដ្ឋានអូម៉៕