ក្រុមហ៊ុនធំៗមួយចំនួនបានចុះកិច្ចសន្យាទិញស្រូវពីកសិករ

ក្រុមហ៊ុននាំចេញកសិកម្មធំៗបន្ដចុះកិច្ចសន្យាទិញស្រូវពីកសិករ ដើម្បីលើកកម្ពស់ការដាំដុះស្រូវនិងជំរុញការនាំចេញអង្ករ


ថ្មីៗនេះ មានក្រុមហ៊ុនធំៗមួយចំនួន បានបន្ដចុះកិច្ចសន្យាទិញស្រូវពីកសិករ នៅក្នុងខេត្តចំនួនពីរ គឺខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក្នុងបរិមាណជារាប់ម៉ឺនច្រើនតោន ក្នុងគោលបំណងលើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជា ក៏ដូចជា ជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។
ក្រុមហ៊ុននាំចេញកសិកម្មធំៗបន្ដចុះកិច្ចសន្យាទិញស្រូវពីកសិករ ដើម្បីលើកកម្ពស់ការដាំដុះស្រូវនិងជំរុញការនាំចេញអង្ករ

ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាបានចាត់ទុក ការចុះកិច្ចសន្យាទិញស្រូវពីកសិករនៅខេត្តទាំងពីរនេះ គឺជាចលករមួយដ៏សំខាន់ ដើម្បីសម្រេចឱ្យបាននូវផែនការនៃកិច្ចសន្យាផលិតកម្មកសិកម្ម ដែលបានគ្រោងទុក ដែលជាការបន្ថែមពីលើការជួយជ្រោមជ្រែង និងសម្របសម្រួលពីសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាតួអង្គសំខាន់ ក្នុងការជំរុញនិងសម្រួលនូវកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្ម និងបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក។

ក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) កាលពីពេលថ្មីៗបានចុះកិច្ចសន្យាទិញស្រូវសរីរាង្គប្រមាណ ១ម៉ឺន៦ពាន់តោន ទៅ១ម៉ឺន៨ពាន់តោន ដែលគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ៧លានដុល្លារ និងដំឡូងមីសរីរាង្គ ប្រមាណ ២ម៉ឺន៥ពាន់ទៅ៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ៣លានដុល្លារ ពីសហគមន៍កសិកម្មចំនួន៣១ ដែលស្មើនឹងចំនួនអ្នកផលិតសរុបប្រមាណ ៤,៥០០គ្រួសារក្នុងខេត្តព្រះវិហារ។ បន្ថែមលើនេះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានក្រុមហ៊ុនធំៗមួយចំនួន ក៏បានចុះកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវចំនួន៦ និងសហគមន៍ចំនួន៤៦នៅក្នុងខេត្តកំពង់ធំ ដើម្បីទិញស្រូវពីកសិករក្នុងខេត្តនេះជាច្រើនតោនផងដែរ។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចាត់ទុកការចុះកិច្ចសន្យាទិញស្រូវពីកសិករនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដែលកើតចេញពីគោលនយោបាយដឹកនាំដ៍ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការជំរុញផលិតកម្ម និងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្ដែង នៅរយៈពេល៥ខែក្នុងឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករជាង២៧ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួនជាង១៩០លានដុល្លារ។ ឧកញ៉ា ចាន់ សុឃាំង បានកត់សម្គាល់ឃើញថា ចំណូលដែលបានមកពីការនាំចេញស្រូវ និងអង្ករ បានរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ។

យ៉ាងណាក៏ដោយចុះ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា កត់សម្គាល់ឃើញថា វិស័យស្រូវអង្ករកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួន ពិសេស ពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្ម។ ការផលិត ការកែច្នៃនាំចេញអង្កររបស់កម្ពុជា គឺត្រូវប្រកួតប្រជែងលើថ្លៃដើម គុណភាព ចីរភាព ការច្នៃប្រឌិត និងការធ្វើពិពិធកម្មគោលដៅទីផ្សារ និងផលិតផល ដែលការងារទាំងនេះ គឺចំបាច់ត្រូវរៀបចំយុទ្ធសាស្ត្រផែនការ សកម្មភាពដោះស្រាយ។ ក្នុងនន័យនេះ យុទ្ធសាស្ត្រដែលអាចដោះស្រាយ និងឆ្លើយតបមានប្រសិទ្ធភាព និងអាចទាយបានផលលឿននោះ គឺការរៀបចំនូវការធ្វើកិច្ចសន្យាកសិកម្ម ដែលជាទស្សនទានមួយមានភាពរស់រវើក និងត្រូវបានកំណត់ជាគោលនយោបាយអាទិភាពរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងការជួយបង្កើនប្រាក់ចំណេញដល់កសិករ និងកាត់បន្ថយថ្លៃដើម។ លើសពីនេះ វាក៏ជួយឲ្យការអនុវត្តស្តង់ដារផលិតកម្មបានត្រឹមត្រូវ ដែលអាចកាត់បន្ថយនូវការប្រើប្រាស់សារធាតុគីមីកសិកម្ម តាមរយៈការធ្វើកិច្ចសន្យាកសិកម្មដោយជួយឱ្យកសិករ ទទួលបាននូវពូជស្រូវសុទ្ធល្អ ការធ្វើពិពិធកម្មពូជដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង និងការធានាបាននូវតម្លៃស្រូវសម្រាប់ប្រជាកសិករ៕




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំ CSX រំពឹងវត្តមានក្រុមហ៊ុនថ្មីធំៗពីរ ជួយធ្វើឲ្យការជួញដូរភាគហ៊ុននៅកម្ពុជាកាន់តែសកម្ម

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារំពឹងវត្តរបស់ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ដែលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនឹងជួ…

ខេត្តកំពង់ស្ពឺនឹងមានរោងចក្រស៊ីម៉ង់ត៍ ដែលមានសមត្ថភាពផលិតប្រមាណ២លានតោនក្នុង១ឆ្នាំ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ក្រៅពីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងរោងចក្រឧស្សាហកម្មកែច្នៃមួយចំនួន ខេត្តកំពង់ស្ពឺនឹងមានរោង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ