ការជំរុញបែបនេះធ្វើឡើងនៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ ដែលរៀបចំឡើងដើម្បីដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់របស់កម្ពុជា ដើម្បីចូលរួមចំណែកកាន់តែសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញការតភ្ជាប់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ជំរុញការនាំចេញ និងបង្កើនចំណែកទីផ្សារអន្តរជាតិ កាន់តែទូលំទូលាយ។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ស្របពេលនិន្នាការគាំទ្រផលិតផលក្នុងស្រុកកំពុងមានការកើនឡើងខ្លាំង ហើយគួបផ្សំកម្ពុជា ត្រូវត្រៀមខ្លួនក្នុងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ទាមទារចាំបាច់ឱ្យផលិតករ អ្នកដាំដុះ អ្នកកែច្នៃ សហគ្រិន និងភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្ដោតលើការពង្រឹងគុណភាព ស្ដង់ដា និងនវានុវត្តន៍ផលិតផល និងសេវាកម្មរបស់ខ្លួនបន្ថែមទៀត។ ការជំរុញបែបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាការឈរជើង និងប្រកួតប្រជែងទាំងក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុក សំដៅធានាបាននូវភាពធន់ និងបរិយាបន្ន និងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់វិស័យឯកជនជំរុញការផលិតដោយគិតគូរពីគុណភាព សុវត្ថិភាព និងសោភណ្ឌភាព នៃការវេចខ្ចប់តាមស្តង់ដា ដើម្បីទទួលបានការគាំទ្រពីទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញ និងស្នើឱ្យវិស័យឯកជនពិចារណាពង្រីកមូលដ្ឋានផលិតកម្មឱ្យបានសមស្របដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន ក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍឥតឈប់ឈរនូវវិស័យពាណិជ្ជកម្ម និងការកសាងភាពធន់សេដ្ឋកិច្ចកម្ពុជា។ ថ្នាក់ដឹកនាំរូបនេះស្នើឱ្យភាគីពាក់ព័ន្ធទាំអស់ចូលរួមបន្តអនុវត្តនូវអភិក្រមពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី និងការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជា សម្រេចបាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការសម្រាប់ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
បើតាមការបញ្ជាក់របស់លោកជំទាវ ចម និម្មល ការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះ មានគោលបំណងបង្ហាញអំពីសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជា ដែលមានភាពរីកចម្រើនឥតឈប់ឈរ ផ្សព្វផ្សាយអំពីកាលានុវត្តភាពទីផ្សារ និងជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់តួនាទីវិស័យឯកជន តភ្ជាប់ទីផ្សារក្នុងស្រុក ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងបង្កើនភាពជាដៃគូធុរកិច្ចជាមួយភាគីពាក់ព័ន្ធនៅក្នុង និងក្រៅប្រទេស ក្នុងការជំរុញការនាំចេញផលិតផល និងសេវាកម្មរបស់កម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំនេះ រៀបចំឡើងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤-ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ដែលមានស្តង់តាំងបង្ហាញសរុបប្រមាណ២៦៩ស្តង់៕