ស្ថានភាពកូវីដ-១៩នៅថៃ

ស្ថានភាពកូវីដ-១៩នៅថៃកាន់តែអាក្រក់ទៅ ខណៈត្រឹមតែ១ថ្ងៃរកឃើញអ្នកឆ្លងដល់ជាង២ម៉ឺននាក់ ច្រើនបំផុតមិនធ្លាប់មាន!


ស្ថានភាពការឆ្លងកូវីដ-១៩ក្នុងប្រទេសថៃក្បែរខាងកម្ពុជាយើង នៅតែបន្ដវិវត្តឆ្ពោះទៅមុខកាន់តែអាក្រក់ទៅៗ បើទោះបីជារាជរដ្ឋាភិបាលថៃ បានសម្រេចបន្ដការបិទខ្ទប់ និង ការដាក់វិធានការតឹងរ៉ឹង រយៈពេល ២សប្ដាហ៍បន្ថែមទៀតក៏ដោយ។ ជាក់ស្ដែង តួលេខឆ្លងកូវីដ-១៩ នៅថៃ កាលពីថ្ងៃពុធសប្ដាហ៍នេះ បានបំបែកនូវកំណត់ត្រាថ្មី ដោយបានរកឃើញអ្នកឆ្លងថ្មីខ្ពស់បំផុតដល់ទៅជាង ២ម៉ឺនាក់ និងស្លាប់១៨៨នាក់បន្ថែមទៀត។ ដោយក្នុងនោះ គឺជាករណីឆ្លងក្នុងស្រុកជាមួយនឹងវត្តមានមេរោគបំប្លែងថ្មី ឌែលតាផងដែរ។ នេះបើយោងតាមព័ត៌មានក្នុងស្រុកថៃ។
ស្ថានភាពការឆ្លងកូវីដ-១៩ក្នុងប្រទេសថៃក្បែរខាងកម្ពុជាយើង នៅតែបន្ដវិវត្តឆ្ពោះទៅមុខកាន់តែអាក្រក់ទៅៗ
ដោយ

នៅក្នុងចំណោមករណីឆ្លងជាង ២ម៉ឺននាក់នេះ មានភាគច្រើនបំផុតជាករណីឆ្លងក្នុងស្រុក ដែលបានកើតលើប្រជាជនទូទៅ និង មានជិត ២០០ករណី ជាករណីឆ្លងនៅក្នុងពន្ធនាគារ។ តាមរយៈតួលេខថ្មីនេះ គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩សរុប កើនដល់ជាង ៦៧ម៉ឺននាក់ហើយ និងស្លាប់សរុបជាង ៥ពាន់ ៥រយនាក់ ខណៈចំនួនអ្នកជាសះស្បើយសរុបវិញមានជាង ៤៥ម៉ឺននាក់។

សូមបញ្ជាក់ថា ការកើនឡើងនៃចំនួនអ្នកឆ្លងកូវីដ១៩ខ្ពស់ នៅថៃនេះ ចំថ្ងៃដែលប្រទេសនេះចេញវិធានការរឹតបន្តឹងការបិទខ្ទប់ថ្ងៃទី៣ ខែសីហា។ តែយ៉ាងណាមិញ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ថៃបានបញ្ជាក់ថា ការរឹតបន្តឹងការបិទខ្ទប់នេះ អាចនឹងពន្យារពេលបន្តទៀតរហូតដល់ចុងខែនេះ ប្រសិនជាស្ថានភាពមិនមានការធូរស្រាលទេនោះ ។

ទន្ទឹមនេះ បើមើលទៅលើការចាក់វ៉ាក់សាំងវិញ មកទល់នឹងពេលនេះ ថៃបានចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនជាង ១៨លាននាក់រួចហើយ ឬស្មើនឹង ប្រហែល ២៨% នៃចំនួនប្រជាជនថៃសរុប ដែលទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស ហើយក្នុងនោះ មានជាង៤លាននាក់បានចាក់គ្រប់ចំនួន២ដូស។ ក្នុងនោះដែរ វ៉ាក់សាំងដែលប្រទេសថៃ បាននិងកំពុងចាក់ គឺមាន វ៉ាក់សាំងចិន Sinovac និង Sinopharm និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស និង វ៉ាក់សាំងអាមេរិក Pfizer ជាដើម។

សូមបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានសម្រេចបន្ដការបិទខ្ទប់រយៈពេល២សប្ដាហ៍បន្ដទៀតរាប់ចាប់ពីថ្ងៃ៣ ខែ សីហានេះតទៅ ដោយក្នុងនោះ រដ្ឋាភិបាលថៃ ក៏បានបញ្ជូលខេត្តចំនួន១៦ផ្សេងទៀត ឲ្យស្ថិតក្នុងវិធានការបិទខ្ទប់នេះផងដែរ។

ក្រោយពីបានបានបន្តការបិទខ្ទប់២សប្ដាហ៍បន្ថែមទៀត គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមជាង៩០០លានដុល្លារអាមេរិក ដើម្បីជួយកម្មករ និងសហគ្រិន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩៕

អត្ថបទ៖ ស៊ើង និមល់

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩បំប្លែងថ្មី «ឌែលតាបូក» ត្រូវបានរកឃើញជាបន្ដបន្ទាប់នៅប្រទេសតំបន់អាស៊ី

ព័ត៌មាន
ក្នុងតំបន់អាស៊ីបានបង្កើនក្តីព្រួយបារម្ភក្រោយប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បួងរកឃើញកូវីដ-១៩បំប្លែងខ្លួន «ឌែលតាបូក» ជាបន្តបន្ទាប់ បន្ទាប់ព...

កូវីដ-១៩បំប្លែងថ្មី «ឌែលតាបូក» ត្រូវបានរកឃើញជាបន្ដបន្ទាប់នៅប្រទេសតំបន់អាស៊ី

ព័ត៌មាន
ក្នុងតំបន់អាស៊ីបានបង្កើនក្តីព្រួយបារម្ភក្រោយប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បួងរកឃើញកូវីដ-១៩បំប្លែងខ្លួន «ឌែលតាបូក» ជាបន្តបន្ទាប់ បន្ទាប់ព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ