
តួយ៉ាង នៅថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ និងឈានមុខជាងគេនៅកម្ពុជាមួយនេះ បាននាំយកសម្ភារដូចជា កាតាប និងសៀវភៅសរុបចំនួន ១.៤៥០ឈុត បន្ថែមទៀត ដើម្បីចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន ៨ ក្នុងខេត្តកំពង់ឆ្នាំង។
សាលាបឋមសិក្សាចំនួន ៨ ដែលទទួលបានសម្ភារសិក្សាពី អិលអូអិលស៊ី រួមមាន សាលាបឋមសិក្សាកោះក្របី សាលាបឋមសិក្សាកោះឫស្សី សាលាបឋមសិក្សាប្រឡាយមាស សាលាបឋមសិក្សាផ្លូវទូក សាលាបឋមសិក្សាអន្លង់កញ្ចុះ សាលាបឋមសិក្សាស្ទឹងជ្រៅ សាលាបឋមសិក្សាដំណាក់រាជ្យ និងសាលាបឋមសិក្សាព្រែកស្ពាន។

កម្មវិធីចែកជូនសម្ភារសិក្សានេះ ត្រូវបានអញ្ជើញចូលរួមពី លោក សុខ វឿន ប្រធាន ប្រធាននាយកប្រតិបត្តិ រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ និងក្រុមការងារ អិលអូអិលស៊ី ជាច្រើនរូប ព្រមទាំង លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមការងាររបស់ការិយាល័យបឋមសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង។
នេះមិនមែនជាលើកទីមួយឡើយ ដែល អិលអូអិលស៊ី បានរៀបចំកម្មវិធីមនុស្សធម៌បែបនេះឡើង។ ជាក់ស្ដែង នាពេលថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ ក៏បានចែកសម្ភារសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាដាច់ស្រយាលចំនួន ២០ ទៅកាន់សិស្សានុសិស្សសរុប ៣.៤០០ នាក់ និងផ្ដល់ជូនរង្វាន់កុំព្យូទ័រ ដល់សិស្សានុសិស្សនិទ្ទេស A សរុបចំនួន ៤៦នាក់ ដែលជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ីផងដែរ។

គោលដៅចម្បងដែល អិលអូអិលស៊ី នៅតែបន្ដសកម្មភាពមនុស្សធម៌នេះ គឺដើម្បីចូលរួមនៅក្នុងទំនួលខុសត្រូវសង្គម តាមរយៈការឧបត្ថម្ភសម្ភារសិក្សាចាំបាច់បន្ថែមសម្រាប់ប្អូនៗប្រើប្រាស់ ជាពិសេសសិស្សានុសិស្សនៅក្នុងតំបន់ដាច់ស្រយាល ដែលពុំសូវមានលទ្ធភាពទទួលបានសម្ភារសិក្សាគ្រប់គ្រាន់។ អិលអូអិស៊ី ជឿជាក់ថា តាមរយៈការឧបត្ថម្ភទាំងនេះ នឹងជំរុញទឹកចិត្តឱ្យប្អូនៗតស៊ូ និងតាំងចិត្តក្នុងការបន្តការសិក្សាបានខ្ពង់ខ្ពស់ ដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានមានប្រសាសន៍ថា៖ “ក្រៅពីការពង្រឹងទៅលើការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ល្អជូនដល់អតិថិជន យើងយកចិត្តទុកដាក់ទៅលើការផ្តល់ឥទ្ធិពលវិជ្ជមានដល់សហគមន៍។ ហើយអ្វីដែលធ្វើឱ្យក្រុមគ្រួសារ អិលអូអិលស៊ី កាន់តែសប្បាយចិត្ត និងទទួលបានអារម្មណ៍កក់ក្តៅចិត្តបំផុតនោះ គឺនៅពេលបានឃើញនូវស្នាមញញឹមនៅលើទឹកមុខរបស់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូគ្រប់គ្នា។ យើងពិតជាសប្បាយចិត្ត ដែលបានរួមចំណែកបំពេញភាពខ្វះខាតដល់ពួកគាត់នៅតាមសហគមន៍ ហើយយើងសង្ឃឹមថា តាមរយៈសកម្មភាពមនុស្សធម៌មួយនេះអាចរួមចំណែកច្រើនដល់វិស័យអប់រំ នឹងផ្តល់ជាគំរូដល់យុវជនគ្រប់គ្នាអំពីវប្បធម៌នៃការចែករំលែក និងការចេះជួយសម្រាលទុកលំបាកដល់អ្នកខ្វះខាត។”

ជាមួយគ្នានេះ លោក តូ ស៊ីណៃ នាយកសាលាសាលាបឋមសិក្សាកោះក្របី បានលើកឡើងថា៖ “ជំនួសមុខឱ្យសាលាសាលាបឋមសិក្សាកោះក្របី យើងខ្ញុំពិតមានអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងក្រៃលែង ដែលកន្លងមកយើងតែងតែឃើញសកម្មភាពសង្គមរបស់ អិលអូអិលស៊ី នៅតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្នុងការរៀបចំកម្មវិធីផ្តល់ជូនរង្វាន់កុំព្យូទ័រដល់សិស្សានុសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤ និងកម្មវិធីចែកជូនសម្ភារសិក្សាដល់សិស្សានុសិស្សនៅខេត្តរតនគិរី កាលពីពេលថ្មីៗ ស្រាប់តែថ្ងៃនេះ អិលអូអិលស៊ី បានអញ្ជើញមកដល់សាលារបស់យើងផ្ទាល់ និងសាលាដទៃទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ជាមួយសម្ភារសិក្សាដ៏មានតម្លៃទាំងនេះថែមទៀតដើម្បីចែកជូនដល់ប្អូនៗសិស្សានុសិស្សយើង។”

អ្នកគ្រូ និល ស្រីនិច មកពីសាលាបឋមសិក្សាអន្លង់កញ្ចុះ បានឱ្យដឹងថា៖ “ដូចដែលយើងឃើញស្រាប់ហើយថា សាលាយើងខ្ញុំស្ថិតនៅឆ្ងាយពីទីរួមខេត្ត និងទីប្រជុំជន ថែមទាំងត្រូវធ្វើដំណើរតាមផ្លូវទឹកទៀតទើបអាចមកដល់ ប៉ុន្តែនៅពេលដែលឃើញវត្តមានក្រុមការងារ អិលអូអិលស៊ី ខំប្រឹងស្វះស្វែងធ្វើដំណើរមកទីនេះដោយផ្ទាល់បែបនេះ នាងខ្ញុំ និងលោកគ្រូអ្នកគ្រូផ្សេងទៀតពិតជារំភើបមែនទែន។ នេះជាលើកទីមួយហើយ ដែលសាលាយើងខ្ញុំទទួលបានកាដូរដ៏មានសារៈសំខាន់ទាំងនេះ ព្រោះគឺពិតជាបានរួមចំណែកដល់ការបំពេញតម្រូវការខ្វះខាតរបស់សិស្សានុសិស្សយើង។”

អ្នកគ្រូក៏បានបន្ថែមទៀតថា សកម្មភាពនៃការចែកជូននេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញថា ការចូលរួមលើកកម្ពស់វិស័យអប់រំ មិនមែនត្រឹមតែជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលនៅប្រទេសកម្ពុជាទេ តែការងារនេះក៏អាចមានការចូលរួមពីស្ថាប័នឯកជន តួយ៉ាងដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។
ការចែកជូននេះ ត្រូវបានបញ្ចប់ដោយជោគជ័យប្រកបដោយស្នាមញញឹមដ៏រីករាយដល់សំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រង និងសមាជិក អិលអូអិលស៊ី និងសហគមន៍ទាំងមូល។ អិលអូអិលស៊ី នឹងបន្តប្តេជ្ញាចិត្តចំពោះបេសកកម្មក្នុង ការបន្តសកម្មភាពសង្គមដូចជា ការគាំទ្រវិស័យអប់រំ សុខុមាលភាព និងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅតាមសហគមន៍ដោយ អិលអូអិលស៊ី បានត្រៀមសម្ភារសិក្សាដូចជាកាតាប និងសៀវភៅជាង ៥.០០០ ឈុតបន្ថែមទៀតសម្រាប់ចែកជូនសិស្សានុសិស្សក្នុងពេលឆាប់ៗខាងមុខនេះ។



