ក្រោយពីមានបណ្ដាសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាតថា លោកឧកញ៉ា លី ហួរ មានទ្រព្យសម្បត្តិសរុបប្រមាណ១៥០០លានដុល្លារ នៅថ្ងៃនេះ ឧកញ៉ាដែលមានក្រុមហ៊ុនជិត១០ បានចេញមុខអះអាងប្រាប់ ខេមបូណូមីស ថា ការចុះផ្សាយជុំវិញចំនួនទ្រព្យសម្បត្តិរបស់លោកនេះ គឺជារឿងមិនពិត និងជាការចុះផ្សាយដោយគ្មានមូលដ្ឋានច្បាស់លាស់។
លោកឧកញ៉ា លី ហួរ មានប្រសាសន៍ថា លោកផ្ទាល់មិនដែលធ្លោយមាត់និយាយ ឬផ្ដល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានណា ទាក់ទងនឹងចំនួនទ្រព្យសម្បត្តិរបស់ខ្លួនសូម្បីតែម្ដងនោះឡើយ។
រយៈពេលប៉ុន្មានថ្ងៃមុននេះ មានសារព័ត៌មានអេឡិចត្រូនិក ក៏ដូចជាកាសែត ទស្សនាវដ្ដី ក្នុងស្រុកជាច្រើន បាននាំគ្នាចុះផ្សាយ និងបន្ដចែកចាយយ៉ាងគគ្រឹកគគ្រេងនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីចំនួនមានទ្រព្យសម្បត្តិរបស់លោកឧកញ៉ា លី ហួរ ថា មានប្រមាណ១៥០០លានដុល្លារអាមេរិក។
ឆ្លើយតបដោយការច្រានចោលនូវការចុះផ្សាយខាងលើនេះ ឧកញ៉ាដែលកំពុងលេចធ្លោក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យរូបនេះ អះអាងថា វាជារឿងមិនពិតទាល់តែសោះដែលថា លោកមានទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារនោះ ព្រោះថា លោកមិនដែលបានប្រកាស ឬនិយាយពីរឿងទ្រព្យសម្បត្តិផ្ទាល់ខ្លួននេះ ទៅកាន់អ្នកសារព័ត៌មានណាមួយនោះឡើយ។
លោកឧកញ៉ា លី ហួរ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងពីរឿងនេះ ព្រោះខ្ញុំមិនដែលនិយាយទៅកាន់អ្នកសារព័ត៌មានដោយផ្ទាល់អំពីរឿងទ្រព្យសម្បតិ្តផ្ទាល់ខ្លួននេះឡើយ។ ហើយពួកគាត់ [អ្នកសារព័ត៌មាន] បានព័ត៌មានទាំងនោះមកពីណា នោះជារឿងរបស់គាត់ តែខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលបាននិយាយពីរឿងនេះសូម្បីតែម្ដង។ ហើយទឹកប្រាក់ជាង១ពាន់លានដុល្លារ គឺច្រើនណាស់!»។
ទោះយ៉ាងណាក៏ដោយ ការចុះផ្សាយដោយមិនមានមូលដ្ឋានជាក់លាក់នេះ ក៏បានធ្វើឲ្យមានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសិទ្ធិឯកជនរបស់បុគ្គលផងដែរ។
តួយ៉ាង បើតាមប្រសាសន៍របស់លោកឧកញ៉ា លី ហួរ ការចុះផ្សាយខុសនេះ វាមិនត្រឹមតែធ្វើឲ្យមហាជនមានការភ័ន្ដច្រឡំនោះទេ តែក៏បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកផងដែរ។
ហេតុនេះហើយ លោកបានអំពាវដល់សារព័ត៌មានទាំងឡាយឲ្យពិនិត្យមើលប្រភពព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងមានមូលដ្ឋានច្បាស់លាស់មុននឹងសម្រេចចុះផ្សាយ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ឧកញ៉ា លី ហួរ ជាម្ចាស់ក្រុមហ៊ុនចំនួន ៧ ដែលកំពុងតែប្រតិបត្តិការអាជីវកម្មយ៉ាងសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនទាំង៧នោះ មានដូចជា ក្រុមហ៊ុន លីហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុន ទេពី (Tepi) វិនិយោគ កសិ-ឧស្សាហកម្មដំណាំកៅស៊ូ ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) និង ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ)៕