ទិន្នន័យបឋមពីប៉ូលិសសន្តិសុខសាធារណៈរបស់ទីក្រុងល្បែងម៉ាកាវ បានបង្ហាញថា អំឡុងរដូវកាលបុណ្យណូអែលរយៈពេល៣ថ្ងៃនេះ ក្រុងម៉ាកាវទទួលបានភ្ញៀវទេសចរសរុបជាង៣៦ម៉ឺននាក់ ដោយជាមធ្យមទទួលបានភ្ញៀវទេសចរជាង១២ម៉ឺននាក់ក្នុងមួយថ្ងៃ។ ចំនួនភ្ញៀវទេសចរជាមធ្យម ដែលទទួលបានក្នុងមួយថ្ងៃ សម្រាប់រដូវបុណ្យណូអែលនេះ គឺជាចំនួនល្អប្រសើរ បើធៀបនឹងរដូវកាលបុណ្យជាតិ រយៈពេល៨ថ្ងៃមុននេះរបស់ប្រទេសចិន ដែលទទួលបានចំនួនភ្ញៀវទេសចរច្រើនបំផុតជាមធ្យមជិត១២ម៉ឺននាក់ក្នុងមួយថ្ងៃ។
ក្នុងរយៈពេល៣ថ្ងៃអំឡុងរដូវកាលបុណ្យណូអែល ថ្ងៃសៅរ៍ ទី២៣ ជាថ្ងៃដែលក្រុងម៉ាកាវទទួលបានភ្ញៀវទេសចរច្រើនជាងគេក្នុងចំនួនជាង១៣ម៉ឺននាក់ ខណៈថ្ងៃទី២៤ ទទួលបានភ្ញៀវទេសចរជាង១២ម៉ឺននាក់ ហើយថ្ងៃទី២៥ ដែលជាថ្ងៃបុណ្យណូអែលទទួលបានភ្ញៀវទេចរជិត១១ម៉ឺននាក់។ បុណ្យណូអែល មិនមែនជាថ្ងៃឈប់សម្រាកផ្លូវការទេ នៅទីក្រុងម៉ាកាវ ប្រទេសចិន ប៉ុន្តែវាជារដូវកាលឈប់សម្រាកផ្លូវការនៅក្នុងទីក្រុងហុងកុង ដែលជាប្រភពទេសចរណ៍ដ៏សំខាន់បំផុតទី២ សម្រាប់ក្រុងម៉ាកាវ។ នៅថ្ងៃទី២៦ ខែធ្នូ គឺជាថ្ងៃឈប់សម្រាកនៅឡើយក្នុងទីក្រុងហុងកុង។
ប៉ូលិសក្រុងម៉ាកាវមិនបានបញ្ជាក់ថា ភ្ញៀវទេសចរដែលទទួលបានអំឡុងរដូវកាលបុណ្យណូអែល មានប្រភពដើមមកពីណានោះទេ។ ទោះជាយ៉ាងណា ភ្ញៀវទេសចរភាគច្រើនទៅលេងម៉ាកាវ តាមច្រកទ្វារព្រំដែនរវាងក្រុងម៉ាកាវ និងចិនដីគោក ឬស្ពានហុងកុង-ជូហាយ-ម៉ាកាវ (Hong Kong-Zhuhai-Macau Bridge)។ អ្នកតំណាងមកពីវិស័យល្បែង និងទេសចរណ៍បានប្រាប់សារព័ត៌មាន GGR Asia នៅមុនរដូវកាលបុណ្យណូអែល ថា ពួកគេរំពឹងថា នឹងមានភ្ញៀវទេសចរច្រើនទៅលេងក្រុងម៉ាកាវអំឡុងរដូវកាលបុណ្យនេះ ទោះបីជាមានអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ៕
ដោយ: សុវិទ្យា ហោ