បច្ចុប្បន្នផ្សារទំនើបម៉ាក្រូមានសាខាចំនួន ៣កន្លែងនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ មាន២សាខានៅរាជធានីភ្នំពេញ និង១សាខានៅខេត្តសៀមរាប។ បើតាមអះអាងរបស់ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ថៃមួយនេះ បានអះអាងនៅក្នុងកាសែតថៃ ក្រុងថេប ធុរៈកិច្ច កាលពីថ្ងៃទី១៦ ខែមិថុនាថា នៅឆ្នាំ២០២៦ខាងមុខនេះ ក្រុមហ៊ុននឹងពង្រីកសាខាចំនួន ៣បន្ថែមទៀនៅកម្ពុជា។ ការពង្រីកខ្លួន ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលមិនច្បាស់លាស់នេះ ក៏ត្រូវបានក្រុមហ៊ុនអះអាងថា ដោយសារតែមើលឃើញពីតម្រូវការប្រើប្រាស់ផលិតផលថៃមានការកើនឡើងខ្លាំង។
តាមផែនការ ក្រុមហ៊ុនផ្សារទំនើបម៉ាក្រូ គឺមិនត្រឹមតែមានគោលដៅ ឈរជើងជាអ្នកនាំមុខគេនៅក្នុងទីផ្សារលក់រាយនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ ក៏មានបំណងនាំមុខគេនៅក្នុងទីផ្សារប្រទេសមីយ៉ាន់ម៉ា ចិន និងឥណ្ឌាផងដែរ។
បើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុន ស្យ៉ាម ម៉ាក្រូ ផែនការពង្រីកសាខារបស់ក្រុមហ៊ុនមានការបោះពួយទៅមុខកាន់តែលឿន នៅគ្រាដែលឧស្សាហកម្មទេសចរណ៍នៅក្នុងតំបន់មានការងើបឡើងវិញពីវិបត្តិកូវីដ១៩ ដែលធ្វើឲ្យតម្រូវការប្រើប្រាស់ផលិតផលមានការកើនឡើងទៅតាមនោះដែរ។
ក្រុមហ៊ុនថៃដដែលនេះ បានអះអាងទៀតថា ការពង្រីកខ្លួននៅក្នុងប្រទេសកម្ពុជា គឺបានដំណើរការយ៉ាងរលូន ដោយសារតែមានទីតាំងអំណោយផលល្អសម្រាប់ការបើកដំណើរការ ងាយស្រួលសម្រាប់ការរចនាហាង និងសេវាកម្ម ដែលបំពេញតាមសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុក។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជួលបុគ្គលិករហូតដល់ ៩០% គឺជាកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ផ្សារទំនើបម៉ាក្រូ គឺជាផ្សារទំនើបលក់ទំនិញបោះដុំ និងរាយដ៏ធំមួយ ដែលបានបើកដំណើរការនៅកម្ពុជាលើកដំបូងកាលពីឆ្នាំ២០១៧ ហើយផ្សារទំនើបម៉ាក្រូនៅកម្ពុជានេះ ត្រូវបានវិនិយោគរួមគ្នាដោយក្រុមហ៊ុនថៃ ស្យ៉ាម ម៉ាក្រូ ជាមួយនឹងក្រុមហ៊ុនក្នុងស្រុក LYP Group របស់អ្នកឧកញ៉ាលី យ៉ុងផាត់៕