នៅក្នុងបទសម្ភាសន៍ជាមួយ Nikkei និង Financial Times លោក Macron បានលើកឡើងពីមហិច្ឆតារបស់បារាំងក្នុងការពង្រីកតួនាទីរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិយាយជារួម និងនៅអាស៊ាននិយាយដោយឡែក ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ទីក្រុងប៉ារីសក្នុងការក្លាយជាដៃគូសន្ទនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ប្រធានាធិបតីបារាំងរូបនេះនិយាយថា៖ បារាំង នឹងបង្កើនគំនិតផ្តួចផ្តើមជាបណ្តើរៗនៅអាស៊ីអាគ្នេយ៍។ នេះជាផ្នត់គំនិតរបស់បារាំងទាំងស្រុង ហើយវាគឺជាគំនិតផ្តួចផ្តើមដែលប្រទេសអឺរ៉ុបមួយនេះ អាចធ្វើបាននៅពេលនេះ។
គួរជម្រាបថា ការក្លាយជាដៃគូសន្ទនាជាមួយអាស៊ាន ផ្តល់ឱកាសឱ្យប្រទេសមិនមែនជាសមាជិក ពិភាក្សាអំពីបញ្ហានានា រួមទាំងសេដ្ឋកិច្ច ការទទួលបានទីផ្សារ និងការផ្ទេរបច្ចេកវិទ្យា ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺទំនងជាបុព្វហេតុនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយក្រុមប្រទេសទាំង១០។
គួរកត់សម្គាល់ដែរថា សហភាពអឺរ៉ុបគឺជាដៃគូសន្ទនារបស់អាស៊ានតាំងពីឆ្នាំ ១៩៧៧ ហើយបើគិតមកដល់បច្ចុប្បន្នជា ឥឡូវនេះជាកម្រិតដៃគូយុទ្ធសាស្ត្រ។ បារាំងទំនងក្លាយជាប្រទេសសហភាពអឺរ៉ុបដំបូងគេដែលធ្វើជាដៃគូសន្ទនាជាមួយអាស៊ាន បើទោះបីជាប្រទេសនេះរួមជាមួយសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ដូចជា អាល្លឺម៉ង់ និងអ៊ីតាលីជាដៃគូអភិវឌ្ឍន៍រួចទៅហើយ។
នៅក្នុងកិច្ចសម្ភាសន៍ដដែល ជុំវិញវិបត្តិដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គឺអំពើហិង្សាកាន់តែកើនឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ប្រធានាធិបតីបារាំងបានអះអាងថា វាអាស្រ័យលើមេដឹកនាំក្នុងតំបន់ដើម្បីដោះស្រាយវិបត្តិដែលបង្កឡើងដោយយោធាកាលពីខែកុម្ភៈឆ្នាំ២០២១។
សូមជម្រាបថា ក្នុងនាមជាភ្ញៀវដែលលោកប្រាយុទ្ធ ចាន់អូចារ ម្ចាស់ផ្ទះវេទិកា APEC បានអញ្ជើញ លោក Macron គឺជាមេដឹកនាំអឺរ៉ុបដំបូងគេ ដែលចូលរួមក្នុងវេទិកាថ្នាក់តំបន់មួយនេះ។ វេទិកានេះមានក្រុមសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកចំនួន២១ រួមមានប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំពីរ ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា និងឈីលី៕