សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី២៣វិច្ឆិកា បានប្រកាសមុនគេថា ខ្លួននឹងបញ្ជេញប្រេងឆៅចំនួន ៥០លានបារ៉ែលចេញពីស្តុកបម្រុង ចាក់បញ្ចូលក្នុងទីផ្សារ។ ទន្ទឹមនឹងនោះ សេតវិមានក៏បានប្រកាសដែរថា ប្រទេសអ្នកប្រើប្រាស់ប្រេងធំៗ ដូចជាចិន ជប៉ុន អង់គ្លេស និងឥណ្ឌា បានយល់ព្រមចូលរួមជាមួយអាមេរិក ក្នុងការបញ្ចេញស្តុកប្រេងបម្រុងរបស់ពួកគេ ក្នុងគោលដៅ បញ្ចុះតម្លៃប្រេង នៅទីផ្សារប្រេងអន្តរជាតិដូចគ្នាដែរ។
ជាក់ស្តែង ប្រធានាធិបតីថ្មីរបស់ជប៉ុនគឺលោក ហ្វូមីអូ គីស៊ីដា បានចេញមកប្រកាសនៅថ្ងៃពុធទី២៤វិច្ឆិកានេះថា រដ្ឋាភិបាលក្រុងតូក្យូនឹងបញ្ចេញប្រេងបម្រុងខ្លះ តបតាមការស្នើរបស់អាមេរិក។ ប៉ុន្តែជប៉ុន មិនបានប្រាប់ថា ខ្លូននឹងបញ្ចេញប្រេងបម្រុងប៉ុន្មានលានបារ៉ែលនោះទេ ដោយលោក គីស៊ីដា បានបង្វែរឲ្យរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុនជាអ្នកប្រកាសជំនួសនៅពេលក្រោយវិញ។
យ៉ាងណាមិញ បើតាមការចុះផ្សាយដោយការសែតជប៉ុន Nikkei រដ្ឋាភិបាលក្រុងតូក្យូទំនងជាអាច បញ្ចេញប្រេងជិត៥លានបារ៉ែល ពីប្រេងបម្រុងសរុបជិត៥០០លានបារ៉ែលរបស់ខ្លួន។
ដោយឡែក មិនខុសគ្នាពីជប៉ុននោះទេ រដ្ឋាភិបាលចិន កូរ៉េខាងត្បូង ថ្វីថាបានយល់ព្រមបញ្ចេញប្រេងបម្រុងមែន ប៉ុន្តែគេនៅមិនទាន់ដឹងថា ភាគីទាំងពីរនឹងបញ្ចេញប្រេងក្នុងស្តុកប៉ុន្មានលានបារ៉ែលនោះទេ។
ប៉ុន្តែសម្រាប់ ឥណ្ឌានិងអង់គ្លេសវិញ បានបង្ហាញពីឆន្ទៈបញ្ចេញប្រេងបម្រុងលើកដំបូងរបស់ខ្លួន ដោយបានសន្យាថា នឹងបញ្ចេញប្រមាណ ៥លានបារ៉ែលសម្រាប់ឥណ្ឌា និង ១លាន៥សែនបារ៉ែលសម្រាប់ភាគីអង់គ្លេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
សូមជម្រាបថា ក្រោយពេលប្រកាសបញ្ចេញប្រេងបម្រុងរបស់ខ្លួន ប្រមាណ៥០លានបារ៉ែល និងក្រោយពេលដែលមើលឃើញប្រទេសធំៗ ឯទៀតសន្យានឹងបញ្ចេញប្រេងដែរនោះ លោក ប្រធានាធិបតីអាមេរិក ចូ បៃឌិន បាននិយាយប្រកបដោយសុទិដ្ឋិនិយមថា តម្លៃប្រេងក្នុងទីផ្សារអាមេរិក និងធ្លាក់ចុះឆាប់ៗ ប៉ុន្តែលោកអះអាងថា ប្រេងឆៅសកលទំនងជាត្រូវការពេលវេលាបន្តិច។
គួរបញ្ជាក់ថា ចាប់តាំងពីដើមខែតុលា តម្លៃប្រេងឆៅសកលបានហក់ឡើងដល់តម្លៃខ្ពស់បំផុតមួយ មិនធ្លាប់កើតឡើងចាប់តាំងពីឆ្នាំ២០១៤មក ពោលគឺតម្លៃប្រេងឆៅបានកើនលើស ៧០ដុល្លារទៅទៀត ក្នុងមួយធុងបារ៉ែល៕