ការអាប់ដេត ឬធ្វើបច្ចុប្បន្នភាពបរាជ័យលើកម្មវិធីសុវត្ថិភាពរបស់ក្រុមហ៊ុន CrowdStrike បានធ្វើឱ្យគាំងដំណើរការប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយបានបណ្ដាលឱ្យរំខានដល់សេវាកម្មអ៊ីនធឺណិតទូទាំងពិភពលោក និងប៉ះពាល់ដល់វិស័យឧស្សាហកម្មជាច្រើនផងដែរ។
បញ្ហារអាក់រអួលនេះ ក៏បានប៉ះពាល់ដល់ទីភ្នាក់ងាររដ្ឋ និងក្រុមហ៊ុនឯកជននៅប្រទេសម៉ាឡេស៊ីជាច្រើនផងដែរ។ រដ្ឋមន្ត្រីឌីជីថលរបស់ម៉ាឡេស៊ី លោក ហ្គោប៊ីន ស៊ីង ដាវ (Gobind Singh Deo) បានគូសបញ្ជាក់ថា ទីភ្នាក់ងាររដ្ឋចំនួន៥ និងក្រុមហ៊ុនចំនួន៩ ដែលធ្វើប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ ធនាគារ និងគាំពារសុខភាពបានខាតបង់ប្រាក់ជាច្រើនដោយសារការដាច់ប្រព័ន្ធបច្ចេកវិទ្យានេះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីតួលេខនៃការខាតបង់នេះនោះទេ។
ក្រោយកើតមានបញ្ហានេះ កាលពីពេលថ្មីៗរដ្ឋមន្ត្រីឌីជីថលរូបនេះ បានជួបជាមួយតំណាងរបស់ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន CrowdStrike នៅប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរករបាយការណ៍ពេញលេញអំពីឧប្បត្តិហេតុនេះ ហើយបានស្នើឱ្យក្រុមហ៊ុនទាំងនេះចាត់វិធានការធ្វើយ៉ាងណាកុំឱ្យមានការដាច់ចរន្តបែបនេះកើតឡើងម្តងទៀត។ ទន្ទឹមនឹងនេះ លោក ហ្គោប៊ីន ក៏បានស្នើឱ្យតំណាងក្រុមហ៊ុនទាំងពីរនេះ ពិចារណាលើការផ្តល់សំណងលើថ្លៃខូចខាត និងពិនិត្យលទ្ធភាពក្នុងការជួយដោះស្រាយបញ្ហានេះក្នុងកម្រិតណាមួយផងដែរ ហើយថា រដ្ឋាភិបាលម៉ាឡេស៊ី ក៏នឹងជួយសម្របសម្រួលលើការទាមទារសំណងខូចខាតនេះតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ៕
អត្ថបទ៖ សុខ មង្គល