អាកាសចរណ៍ថៃ

អាជ្ញាធរថៃ ទាមទារឲ្យក្រុមហ៊ុន Thai Airway បញ្ជាក់លម្អិតពីទិដ្ឋភាពទាក់ទងនឹងរបាយការណ៍ខាតបង់


ក្រសួងដឹកជញ្ជូនថៃ ទាមទារឲ្យក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airway International PLC (THAI) ផ្ដល់នូវព័ត៌មានលម្អិតបន្ថែមទៀត ចំពោះរបាយការណ៍ខាតបង់របស់ខ្លួនក្នុងទិដ្ឋភាព នៃគម្រោងទិញ ឬជួលយន្ដយោះថ្មី ៣៨ គ្រឿង ក្នុងងតម្លៃទឹកប្រាក់ ១៥៦ ពាន់លានបាត ឬស្មើនឹង៥ពាន់លានដុល្លារអាមេរិក ខណៈរដ្ឋាភិបាលថៃ សង្កេតឃើញថា ហាក់មានភាពមិនប្រក្រតី។
អាជ្ញាធរថៃ ទាមទារឲ្យក្រុមហ៊ុន Thai Airway បញ្ជាក់លម្អិតពីទិដ្ឋភាពទាក់ទងនឹងរបាយការណ៍ខាតបង់ (https://thethaiger.com)
ដោយ

តាមរយៈសារព័ត៌មាន​បាងកកប៉ុស្ដិ៍ លោក Thaworn Senneam អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូនថៃ បាន​បញ្ជាក់ថា តាមការត្រួតពិនិត្យ​នាពេលកន្លងមក ឃើញថា ក្រុមហ៊ុន​ដឹកជញ្ជូនជាតិថៃ Thai Airway នេះ មិនបាន​អនុវត្ត​ការងារ​តាម​គោលការណ៍​វិនិយោគ​នោះទេ ដែល​ជាគោលការណ៍​គឺ​ក្រុមហ៊ុន​ត្រូវមានផែនការ​មុននឹង​បញ្ជាទិញ​យន្ដហោះ។ លោក Thaworn បន្ថែមថា ក្រុមហ៊ុន​ Thai Airway គឺ​ធ្វើឲ្យមាន​កំហុសនេះ ទើបបណ្ដាល​ឲ្យ​ការប្រតិបត្តិការ​មានការខាតបង់ធ្ងន់ធ្ងរ​យ៉ាងដូច្នេះ។

អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូនថៃ ដដែលនេះ បាន​ឲ្យដឹងទៀតថា លោកមិនបាន​ការជំទាស់​អ្វីទេ ទៅលើ​ផែនការ​ទិញ ជួល យន្ដហោះ​៣គ្រឿងដំបូង​របស់ក្រុមហ៊ុន ប្រសិនបើ​ក្រុមហ៊ុន អាច​បង្ហាញនូវ​ប្រាក់ចំណូល​របស់ខ្លួន​ប្រសើរជាង​ការចំណាយនោះ។ 

ក្រសួង​ដឹកជញ្ជូនថៃ ចង់ឲ្យ​ក្រុមហ៊ុន Thai Airway ផ្ដល់នូវទិដ្ឋភាព​នៃ​ផែនការវិនិយោគ​របស់ខ្លួន​ដូចជា ការវិភាគទីផ្សារ ឥរិយាបថ​របស់អតិថិជន គោលដៅ ព័ត៌មាន​លម្អិតពី​ជើងហោះហើរ ប្រតិបត្តិការ​គម្រោង​ចំណាយ​និងចំណូល ក៏ដូចជា ការប្រើប្រាស់​យន្ដហោះជាដើម។

លោក Thaworn ក៏បានទទូច​ឲ្យមានការបើកចំហរ​សម្រាប់អ្នក​ចូលរួម​ដេញថ្លៃ លើការដំណើរការ​ជួល​យន្ដហោះ ដើម្បី​ធានាថា ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway អាច​នឹង​ទទួលបាន​ការផ្ដល់ជូន​ល្អបំផុត។

រដ្ឋមន្ត្រី​ដឹកជញ្ជូនថៃ លោក Saksayam Chidchob បាននិយាយថា លោកប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway បាន​អះអាងនៅ​ចំពោះមុខ​គាត់ថា ផែនការ​ទិញ ឬជួល​យន្ដហោះ ថ្មី​៣៨ គ្រឿងនោះ គឺក្រុមហ៊ុន​នឹងមិនប្រើ​ថវិកា​ជាតិ​នោះទេដោយក្រុមហ៊ុន​នឹង​ស្វែងរក​កម្ចី​ដោយខ្លួនឯង និងទទួលខុសត្រូវ​ចំពោះ​ហានិភ័យ​ហិរញ្ញវត្ថុ​ដោយខ្លួនឯង។ 

សូមរំឭកថា រដ្ឋថៃ មាន​ភាគហ៊ុន ជាង​៥០% នៃ​ភាគហ៊ុនសរុប​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway។ ដូច្នេះហើយ ទើប​រដ្ឋាភិបាល​មានសិទ្ធិ​ក្នុងការតាមដាន និងត្រួតពិនិត្យ​លើ​ប្រតិបត្តិការ​នានា​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ពាក់ស្លាកទង់ជាតិ​ថៃមួយនេះ។

ទោះយ៉ាងណា រដ្ឋមន្ត្រី​ដឹកជញ្ជូនថៃ បាន​សង្កត់ធ្ងន់ថា តម្រូវការ​ទិញ​យន្ដហោះ​ថ្មីៗ​របស់ក្រុមហ៊ុន នឹង​ជួយឲ្យ​សេវាកម្ម​របស់​ក្រុមហ៊ុននេះ នឹងមានលក្ខណៈ​ស្ដង់ដារ​អន្តរជាតិ ដើម្បីជំរុញ ភាពប្រកួតប្រជែង​របស់ខ្លួន​ជាមួយនឹង​ក្រុមហ៊ុន​ដឹកជញ្ជូនផ្សេងទៀត។

គួរបញ្ជាក់ថា ថ្មីនេះ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិថៃ Thai Airway បានចេញរបាយការណ៍​ពាក់កណ្ដាល​ឆ្នាំ​របស់ខ្លួន​ដោយបាន​បង្ហាញ ពីការខាតបង់​ចំណូលសុទ្ធ រហូតដល់ ២២០ លានដុល្លារអាមេរិក។ ក្រោយពី ក្រុមហ៊ុន​បញ្ចេញរបាយការណ៍នេះ ភ្លាមៗ ខាង​ក្រសួង​ដឹកជញ្ជូនថៃ ក៏បាន​បើកការធ្វើ​សវនកម្ម​ទៅលើ​របាយការណ៍​របស់ក្រុមហ៊ុន​ផងដែរ ដោយគេសង្ស័យថា ការខាតបង់នេះ អាចនឹង​មាន​បញ្ហា​ខុសប្រក្រតី៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខ្សែ​ភាពយន្ត​​ខ្មែរ «តន្រ្តី​ជីវិត» ត្រូវ​បាន​ជ្រើសរើស​ទៅ​ប្រកួត​យក​ពាន​រង្វាន់​"អូស្ការ" នៅ​ហូលីវូដ

ព័ត៌មាន
គណ:កម្មការ​អូស្ការ ខេមបូឌា នៅថ្ងៃ​សុក្រ ទី​១៦ ខែ​សីហា​នេះ បាន​ជ្រើសរើស​ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា «តន្រ្តី​ជីវិត» ជា​តំណាង​ឱ្យ​ប្…

រាជរដ្ឋាភិបាលថៃ ចេញមុខធានាតម្លៃស្រូវ៥ ប្រភេទជូនកសិករ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានយល់ព្រមធានាលើតម្លៃស្រូវសម្រាប់កសិកររបស់ខ្លួន ចន្លោះពី ១០.០០០ ទៅ ១៥.០០០ បាត (ប្រមាណ ៣២៣ ដុល្លារ ទៅ៤៨៥ ដុល្លារ) ក្នុងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ