អាកាសយានដ្ឋានអន្តរជាតិ ឡុង ថាញ់ មានទីតាំងស្ថិតនៅក្រុងដុងណៃ ភាគខាងត្បូងប្រទេសវៀតណាម និងត្រូវបានចាត់ទុកថា ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយរបស់ប្រទេសវៀតណាម។ គម្រោងនេះត្រូវបានសាងសង់ឡើង ដើម្បីកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋាន តាន់ សឺង ញ៉ាត ក្នុងទីក្រុងហូជីមិញ ដែលជាអាកាសយានដ្ឋានមមាញឹកបំផុតរបស់វៀតណាម។ បច្ចុប្បន្ន ការសាងសង់សម្រេចបានជាង៧៦%ហើយ ដោយបច្ចុប្បន្នអាជ្ញាធរបានបង្កើនការងារជា៣វេនក្នុងមួយថ្ងៃ ដំណើរការ២៤ម៉ោង ដើម្បីពន្លឿនការសាងសង់ឱ្យបានរួចរាល់មុនរដូវភ្លៀងចូលមកដល់។ កងទ័ពត្រូវបានបញ្ជូនឱ្យទៅជួយទាំងការងារសំណង់ ការរៀបចំបរិវេណ ការដាំស្មៅ និងការងារបច្ចេកទេសផ្សេងៗ។
រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាមលោក ត្រាន់ ហុង មិញ (Tran Hong Minh) បានចាត់ទុកអគារស្ថានីយអ្នកដំណើរថា ជាបេះដូង នៃគម្រោងខ្នាតយក្សទាំងមូល និងបានបញ្ជាឱ្យគ្រប់ភាគីពន្លឿនការងារដោយមិនអនុញ្ញាតឱ្យមានការពន្យារពេលបន្ថែមទៀតឡើយ។ មូលហេតុដែលវៀតណាមផ្តល់សារៈសំខាន់ខ្លាំងដល់អាកាសយានដ្ឋានអន្តរជាតិនេះ គឺដោយសារវានឹងក្លាយជាច្រកអាកាសចរណ៍ដ៏ធំបំផុតរបស់ប្រទេស និងជាមជ្ឈមណ្ឌលដឹកជញ្ជូនអ្នកដំណើរ និងទំនិញសម្រាប់តំបន់អាស៊ាន។ នៅដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះអាចទទួលអ្នកដំណើរបាន២៥លាននាក់ក្នុងមួយឆ្នាំ និងដឹកជញ្ជូនទំនិញបាន១,២លានតោនក្នុងមួយឆ្នាំ។ លើសពីនេះ វៀតណាម ក៏ចង់ឱ្យអាកាសយានដ្ឋានថ្មីនេះរួចរាល់ជាស្ថាពរមុនការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC ឆ្នាំ២០២៧ ផងដែរ៕
ដោយ: តែម សុខុម