
ប្រទេសម៉ាឡេស៊ី ដែលមានប្រជាជនសរុបប្រមាណ៣៦លាននាក់បានជែងឈ្នះប្រទេសថៃ ដែលមានប្រជាជនសរុបប្រមាណ៧០លាននាក់ក្លាយជាជើងឯកគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតប្រចាំតំបន់អាស៊ាន សម្រាប់ឆ្នាំ២០២៥ ដោយគ្រាន់តែនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៥ នេះ ម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ទៅជាង១០លាននាក់ឯណោះ។
យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសថៃ ដែលបានគ្រងតំណែងជើងឯកនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះពេលនេះបានធ្លាក់ទៅចំណាត់ថ្នាក់លេខ២ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន៩,៥លាននាក់ ខណៈដែលវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន៦លាននាក់ ហើយសិង្ហបុរី ជាប់
ចំណាត់ថ្នាក់លេខ៤ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន៤,៣លាននាក់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីលោក ដាទុក សិរី សៃហ្វូឌីន ណាស៊ូទៀន អ៊ីស្មាអ៊ីល (Datuk Seri Saifuddin Nasution Ismail) បានលើកឡើងថា ប្រទេសម៉ាឡេស៊ីបានប្រកាសបន្តលើកលែងទិដ្ឋាការសម្រាប់រយៈពេល៥ឆ្នាំទៀតជាមួយនឹងជម្រើសបន្តទិដ្ឋាការរយៈពេល៥ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ២០៣៦។ ទន្ទឹមនេះ ប្រទេសម៉ាឡេស៊ី ក៏បានបន្តអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌាចូលដោយមិនចាំបាច់មានទិដ្ឋការរហូតដល់ឆ្នាំ២០២៦ ផងដែរ។
ងាក់ទៅប្រទេសថៃឯណោះវិញឃើញថា ប្រទេសថៃបានទទួលរងផលប៉ះពាល់ខ្លាំងដោយសារតែវិបត្តិក្នុងវិស័យទេសចរណ៍ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ជាពិសេសបន្ទាប់ពីផ្ទុះករណីចាប់ជំរិតតារាសម្ដែងជនជាតិចិនឈ្មោះ ស៊ីង ស៊ីង (Xing Xing) កាលពីអំឡុងខែមករា ដើមឆ្នាំនេះ ហើយចំនួនភ្ញៀវបរទេសក៏បាននិងកំពុងធ្លាក់ចុះផងដែរ។ លើសពីនេះប្រទេសថៃ ក៏កំពុងមានភាពតានតឹងជាមួយប្រទេសជិតខាងខ្លួនផងដែររួមមានមីយ៉ាន់ម៉ា និងកម្ពុជា៕
ដោយ: តែម សុខុម