កំពង់ផែម៉ាហ៉ារ៉ានីរបស់ម៉ាឡេស៊ី ដែលត្រូវបានអភិវឌ្ឈន៍នៅលើកោះសិប្បនិម្មិត កំពុងបង្កក្តីព្រួយបារម្ភក្នុងការប្រកួតប្រជែងដណ្តើមឧត្តមភាពពីសិង្ហបុរី ដែលជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏សកម្មនៅច្រកសមុទ្រម៉ាឡាកា និងនៅតំបន់អាស៊ីអាគ្នេយ៍។ កំពង់ផែបណ្តែត ដែលត្រូវបានសាងសង់ឡើងនៅច្រកសមុទ្រជម្រៅ២៤ម៉ែត្រនេះ គឺជាច្រកដឹកជញ្ជូនដ៏សកម្ម និងមានសក្តានុពលខ្ពស់ដែលអាចឱ្យនាវាដឹកប្រេងទម្ងន់ចន្លោះពី២០ម៉ឺនទៅ៣២ម៉ឺនតោនអាចចូលចតបាន។ កំពង់ផែនេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ៣ពាន់២រយហិកតា។
ក្រោយការដាក់ឲ្យដំណើរការកំពង់ផែនេះ អ្នកជំនាញជឿជាក់ថា វានឹងបង្កបញ្ហាប្រឈមខ្លាំងសម្រាប់សិង្ហបុរី ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រេងដ៏សំខាន់នៅក្នុងតំបន់ និងកំពង់ផែធំៗនៅប្រទេសមួយចំនួនទៀត រួមទាំងឥណ្ឌូនេស៊ីផងដែរ។
លោក ណាហ្សឺរី ខាលីត (Nazery Khalid) អ្នកជំនាញភស្តុភារកម្ម បានអះអាងថា ការបើកដំណើរការកំពង់ផែនេះ វាជាភស្តុតាងបង្ហាញថា ម៉ាឡេស៊ី កំពុងបង្កើតភាពប្រកួតប្រជែងរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី លោក តេងគូ ហ្សាហ្វ្រុល អាឌុល អាហ្ស៊ីស (Tengku Zafrul Abdul Aziz) បានអះអាងថា គម្រោងនេះស្ថិតនៅទីតាំងយុទ្ធសាស្ត្រចំកណ្តាលផ្លូវពាណិជ្ជកម្មនៅតំបន់បូព៌ា និងបស្ចិម ហើយតាមរយៈកំពង់ផែនេះ ការដឹកជញ្ជូនទំនិញពីចិន ដែលជាទីផ្សារប្រេង និងឧស្ម័នដ៏សំខាន់អាចចំណាយពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ និងចំណាយពេល២៨ថ្ងៃសម្រាប់ការដឹកទំនិញទៅកាន់តំបន់មជ្ឈិមបូព៌ា និង៣៨ថ្ងៃទៅសមុទ្រសមុទ្រខ្មៅ៕
ដោយៈ សរ សុជាតិ