ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ក្រុមការងារខេមបូណូមីសថា មកទល់ពេលនេះ កម្ពុជាបានចេញស្វាយទៅទីផ្សារចិនបានចំនួន២លើករួចហើយ ដោយមានចំនួនសរុបជាង ២០០តោន ហើយក្រសួងកំពុងគិតនាំចេញជាលើកទី៣និងទី៤បន្តទៀតដែរ ប៉ុន្តែបច្ចុប្បន្ននេះ មិនទាន់មានស្វាយនាំចេញបាននៅឡើយ ដោយសារផុតរដូវប្រមូលផលស្វាយ។
ជាមួយគ្នានេះដែរ ឧកញ៉ា ហ៊ុន ឡាក់ ជាអ្នកជំនួញកសិកម្មដ៏ល្បីនៅកម្ពុជា និងមានក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការនាំចេញស្វាយទៅចិនដែរនោះបានឲ្យដឹងថា នៅរដូវកាលនេះ គឺពិបាកក្នុងការប្រមូលទិញស្វាយបន្តិច ដោយសារតែផុតរដូវស្វាយទៅហើយ នៅក្នុងនោះមានក្រុមហ៊ុនខ្លះដែលមានចំការស្វាយខ្លួនឯង គេមានដាំស្វាយខុសរដូវខ្លះ តែយ៉ាងណាមិញស្វាយខុសរដូវទាំងនោះអាចប្រមូលផលនៅខែកញ្ញាឫតុលាឯណោះ។
ចំពោះការនាំចេញស្វាយនេះដែរ លោក វណ្ណ ឫទ្ធី នាយកប្រតិបត្តិ នៃនាយកដ្ឋាននាំចេញកសិផល នៃក្រុមហ៊ុនអង្គរហ្រ្គីន បានឲ្យដឹងដែរថា ក្រុមហ៊ុនលោកបានអស់ស្វាយដើម្បីនាំចេញទៅទីផ្សារវៀតណាម និងចិន តាំងពីខែឧសភាមកម្ល៉េះ ហើយមកដល់បច្ចុប្បន្ន លែងមានស្វាយប្រមូលផលហើយ នៅសល់តែស្វាយខុសរដូវ ពោលគឺស្វាយទើបតែចាបើផ្តើមចេញត្រួយនៅឡើយ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម
វេង សាខុន ចំនួននៃការនាំចេញស្វាយទៅចិននៅមានកម្រិតតិចតួចនៅឡើយ
ដោយសារការដាំដុះស្វាយរបស់ចំការមួយចំនួនមិនទាន់ត្រឹមត្រូវតាមស្តង់ដារនៅឡើយ។ ឯកឧត្តម
វេង សាខុន ក៏អំពាវនាវម្ចាស់ចំការស្វាយទាំងអស់ដែលមានបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន
និងមិនទាន់បានទៅចុះបញ្ជី សូមរួសរាន់ទៅចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម ព្រោះនេះ
គឺជាលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល។ យ៉ាងណាមិញ ក្រោយពីបានចុះបញ្ជីហើយ
ម្ចាស់ចំការស្វាយនឹងបានទទួលចំណេះដឹងពីការគ្រប់គ្រងចំការស្វាយស្របតាមលក្ខខណ្ឌតម្រូវ
និងអាចចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុននាំចេញផងដែរ។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម ស្តីពីការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា នៅក្នុងរយៈពេល៥ខែនេះ បានបង្ហាញថា ការនាំចេញផ្លែស្វាយស្រស់មានចំនួន ១៦ម៉ឺនតោន កើនឡើងជាង២៥០% ដោយក្នុងនោះ មាននាំចេញទៅ ទីក្រុងហុងកុង កូរ៉េខាងត្បូង គុយវ៉ែត សិង្ហបុរី ថៃ វៀតណាម និងចិន៕