អត្ថបទពាណិជ្ជកម្ម

ធនាគារ មេយប៊ែង សម្ពោធជាផ្លូវការកម្មវិធីសង្គម R.I.S.E នៅប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សហគមន៍ងាយរងគ្រោះ និងជំរុញបរិយាបន្នហិរញ្ញវត្ថុ


ធនាគារ មេយប៊ែង តាមរយៈមូលនិធិធនាគារ មេយប៊ែង បានប្រកាសសម្ពោធជាផ្លូវការ កម្មវិធីសង្គម ដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើន៖ “កម្មវិធីឈានទៅកាន់ឯករាជ្យភាព និងសហគ្រិនភាពប្រកប ដោយចីរភាព” ឬហៅថា R.I.S.E នៅប្រទេសកម្ពុជា។
ធនាគារ មេយប៊ែង សម្ពោធជាផ្លូវការកម្មវិធីសង្គម R.I.S.E នៅប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សហគមន៍ងាយរងគ្រោះ និងជំរុញបរិយាបន្នហិរញ្ញវត្ថុ
ដោយ
អំពី Maybank

ពិធីដាក់សម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើងនៅទីតាំង Lively Plaza ផ្សារទំនើប អ៊ីអន ភ្នំពេញ ទន្ទឹមនឹងការអបអរសាទរសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ របស់សមាជិកឆ្នើម៣រូបរបស់ខ្លួន ពីជំនាន់ទី១នៃកម្មវិធី ដែលទទួលបានភាពជោគជ័យ ក្នុងការបង្កើនប្រាក់ចំណូល បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៃកម្មវិធីនេះកាលពីពេលកន្លងទៅ។

កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធីបតីភាព លោក Tan Sri Dato’ Sri Ir. Zamzamzairani Mohd Isa ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធធនាគារ មេយប៊ែង និងមូលនិធិធនាគារ មេយប៊ែង និងឯកឧត្តមបណ្ឌិត លី ធុជ​ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន និង ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្ពុជា។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម បណ្ឌិត Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Shariffuddin Khalid សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ មេយប៊ែង ខេមបូឌា លោករ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសរបស់ធនាគារ មេយប៊ែង ខេមបូឌា និង លោក Shahril Azuar Jimin នាយកប្រតិបត្តិចីរភាព នៃសម្ព័ន្ធធនាគារ មេយប៊ែង។

លោក Tan Sri Dato’ Sri Ir. Zamzamzairani ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធធនាគារ មេយប៊ែង និង មូលនិធិធនាគារ មេយប៊ែង បានមានប្រសាសន៍នៅក្នុងសន្ទរកថាបើកកម្មវិធីថា​៖ «ការពង្រីកកម្មវិធីសង្គម R.I.S.E. នៅប្រទេសកម្ពុជា គឺស្របតាមការអភិវឌ្ឍន៍ក្នុងតំបន់របស់សម្ព័ន្ធធនាគារ មេយប៊ែង និងគោលដៅចីរភាពមួយក្នុងចំណោមគោលដៅចីរភាពជាច្រើនរបស់ខ្លួន ពោលគឺផែនការលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសារចំនួន ២លានគ្រួសារ នៅទូទាំងតំបន់អាស៊ាន ត្រឹមឆ្នាំ២០២៥។ ផ្អែកលើភាពជោគជ័យ ដែលយើងសម្រេចបាននៅទូទាំងតំបន់អាស៊ាន កម្មវិធីនេះបានបង្ហាញពីផលវិជ្ជមានជាក់ស្តែង ក្នុងការជម្រុញសហគ្រិនភាព ឯករាជ្យភាពសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមសហគមន៍ដែលងាយរងគ្រោះ។»

នៅក្នុងកម្មវិធីនេះ ក៏មានពិធីប្រគល់រង្វាន់ ដែលធ្វើឡើងដើម្បីកោតសរសើរដល់អ្នកចូលរួមឆ្នើមទាំងបីរូប ដែលបានបង្ហាញពីការរីកចម្រើនដ៏លេចធ្លោ នៅក្នុងអាជីវកម្ម និងការបង្កើនប្រាក់ចំណូលរបស់ខ្លួន។ ជ័យលាភីទាំងបីរូប ទទួលបានវិញ្ញាបនបត្រ និងស្លាកកោតសរសើរ ជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងភាពជោគជ័យរបស់ពួកគាត់។ បន្ថែមពីនេះ កម្មវិធីនេះ​ក៏​មាន​​ដាក់​តាំង​បង្ហាញ​ស្តង់ ​ដែល​រៀបចំ​ដោយ អ្នកចូលរួមកម្មវិធី R.I.S.E. ដែលបានចូលរួមបង្ហាញ និងលក់ផលិតផលដូចជា វាយនភណ្ឌ សិប្បកម្ម និងម្ហូបអាហារ ដែលអនុញ្ញាតឱ្យពួកគេទទួលបានប្រាក់ចំណូលបន្ថែម។

លោកស្រី កែវ រចនា អ្នកចូលរួមកម្មវិធី R.I.S.E. ពីខេត្តសៀមរាប បានមានប្រសាសន៍ថា៖ «កម្មវិធី R.I.S.E. បានជួយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត ដោយផ្តល់នូវឧបករណ៍ និងជំនាញដ៏ចាំបាច់សម្រាប់អាជីវកម្មរបស់ខ្ញុំ ដើម្បីរីកចម្រើនក្នុងទីផ្សារ។ ជាមួយនឹងការកើនឡើងនៃប្រាក់ចំណូល ឥឡូវនេះខ្ញុំអាចជួយសម្រួលជីវភាពគ្រួសាររបស់ខ្ញុំ ឱ្យកានតែរីកចម្រើនថែមមួយកម្រិតទៀត។ លើសពីនេះ តាមរយៈសមិទ្ធផលរបស់ខ្ញុំនេះ ខ្ញុំក៏បានជួយចែករំលែក និងផ្តល់ឱកាសការងារដល់ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងទៀតនៅក្នុងសហគមន៍របស់ខ្ញុំផងដែរ»។

រហូតមកដល់បច្ចុប្បន្នកម្មវិធី R.I.S.E. បានចូលរួមពង្រឹងសមត្ថភាពដល់បុគ្គលចំនួន ១.២៥២ នាក់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹង ៤០% នៃអ្នកដែលចូលរួមវគ្គបណ្តុះបណ្តាល ទទួលបានការកើនឡើងនៃប្រាក់ចំណូលជាមធ្យមប្រចាំខែ ៣៣១,៣៩% ពី ៥,០១ដុល្លារ ដល់ ២១,៦១ដុល្លារ ដែលភាគច្រើន ពួកគេបានក្លាយទៅជាសហគ្រិនដែលអាចពឹងផ្អែកលើខ្លួនឯងបាន។ នៅឆ្នាំ ២០២៣ មូលនិធិ Maybank បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) និងអជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (CMAA) ដើម្បីជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ដែលងាយរងគ្រោះក្នុងប្រទេសកម្ពុជា ក្នុងការបង្កើនឱកាសរកប្រាក់ចំណូល។

កម្មវិធី R.I.S.E. ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់សហគមន៍ដែលដែលងាយរងគ្រោះ ជាពិសេសជនដែលមានពិការភាព តាមរយៈការជួយគាំទ្រពួកគាត់លើការបង្កើនប្រាក់ចំណូល និងឈានទៅកាន់ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ ពេញមួយវដ្តនៃកម្មវិធី អ្នកចូលរួមនឹងចូលរួមវគ្គបណ្តុះបណ្តាលសហគ្រិនភាពរយៈពេល ៣ ថ្ងៃ លើប្រធានបទដូចជា ការវិភាគអតិថិជន និងទម្រង់អាជីវកម្ម បន្ទាប់មកពួកគេនឹងទទួលបាន ការណែនាំរយៈពេលប្រាំមួយខែ ដែលពួកគេនឹងអភិវឌ្ឍជំនាញសហគ្រិន ដូចជាយុទ្ធសាស្ត្រផ្នែកលក់ និងផែនការប្រតិបត្តិការ ដើម្បីជួយឱ្យពួកគេសម្រេចបាននូវកម្រិតប្រាក់ចំណូលខ្ពស់ និងលើកកម្ពស់កម្រិតជីវភាពទូទៅរបស់ពួកគេ។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសរបស់ធនាគារ មេយប៊ែង ខេមបូឌា បានសង្កត់ធ្ងន់ថា កម្មវិធី R.I.S.E. មានអត្ថប្រយោជន៍ លើសពីគ្រាន់តែជួយគាំទ្រអ្នកចូលរួមក្នុងកម្មវិធីនេះ។

លោក រ័ត្ន សោភ័ណ មានប្រសាសន៍ថា៖ «ជាទូទៅ ការកើនឡើងនៃប្រាក់ចំណូលគ្រួសារ នឹងនាំទៅរកភាពប្រសើរឡើង មិនត្រឹមតែសម្រាប់ជីវភាពរស់នៅរបស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបង្កើតឥទ្ធិពលដ៏ខ្លាំងក្លាដល់មជ្ឍដ្ឋានគ្រួសារ និងសហគមន៍របស់ពួកគាត់ផងដែរ។ កម្មវិធី R.I.S.E. បានផ្តល់វេទិកាមួយ ដែលអ្នកចូលរួមអាចអភិវឌ្ឍខ្លួនឱ្យរីកចម្រើន និងឆ្លងកាត់នូវឧបសគ្គផ្នែកហិរញ្ញវត្ថុនានា ដើម្បីសម្រេចក្តីស្រមៃរបស់ពួកគាត់។»

លោក Tan Sri Dato’ Sri Ir. Zamzamzairani បានបន្ថែមថា៖ «ស្របពេលយើងចាប់ផ្តើមទំព័រថ្មី នៅក្នុងប្រទេសកម្ពុជា យើងសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងជំរុញឱ្យទទួលបានសមិទ្ធផលដ៏ជោគជ័យជាច្រើនបន្ថែមទៀត និងបន្តបណ្តុះវប្បធម៌បរិយាបន្ន ផ្តល់សិទ្ធិអំណាចដល់បុគ្គលគ្រប់រូប ឱ្យមើលឃើញពីសមត្ថភាពរបស់ខ្លួន ដែលអ្នកដទៃមើលឃើញថាជាឧបសគ្គ។ យើងពិតជា​រំភើប​ចំពោះ​លទ្ធភាព​ដែល​កម្មវិធី​នេះ ​នឹង​នាំ​មក ហើយ​យើង​ទន្ទឹង​រង់ចាំ​មើល​ពី​ផល​វិជ្ជមាន​ដែល​កម្មវិធី នឹង​មាន​ចំពោះ​សហគមន៍​សម្រាប់​អនាគតខាង​មុខ»។

ចាប់តាំងពីឆ្នាំ ២០១៤ កម្មវិធី R.I.S.E. បានចូលរួមផ្លាស់ប្តូរជីវភាពអ្នកចូលរួមជាង ៤១.០០០ នាក់ ក្នុង ប្រទេសទាំង៦ ក្នុងតំបន់អាស៊ាន រួមមានប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី។ ផ្អែកលើសមិទ្ធផលទាំងនេះ មូលនិធិធនាគារ មេយប៊ែង មានគោលបំណងគាំទ្រ ក្រុមងាយរងគ្រោះជាង មួយពាន់នាក់នៅឆ្នាំ ២០២៥ ដោយកំណត់គោលដៅ នៅក្នុងបណ្តាខេត្តថ្មីៗក្នុងប្រទេសកម្ពុជា និងបន្តបន្ថែមខេត្តគោលដៅជាច្រើនទៀតនៅឆ្នាំបន្ទាប់។

មូលនិធិធនាគារ មេយប៊ែង ត្រូវបានបង្កើតឡើង ជាអង្គភាពផ្តោតលើផលវិជ្ជមានសង្គមក្នុងតំបន់ ដោយគាំទ្រយ៉ាងសកម្មដល់បេសកកម្មរបស់ធនាគារ មេយប៊ែង ក្នុងការផ្តល់ “សេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព”។ ក្នុងការប្តេជ្ញាជាកម្លាំងជំរុញភាពល្អប្រសើរ ខណៈរក្សាផ្តល់ផលវិជ្ជមានដល់សហគមន៍របស់ខ្លួន មូលនិធិធនាគារ មេយប៊ែង បានចូលរួមគាំទ្របុគ្គលជាង ៥៤០.០០០ នាក់ចាប់តាំងពីឆ្នាំ ២០១៣។ ការទទួលស្គាល់ជាផ្លូវការពី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់ ធនាគារ មេយប៊ែង ក្នុងការបង្កើតឱ្យមាន ផលវិជ្ជមានក្នុងសង្គម ដែលពោរពេញដោយអត្ថន័យ អាចវាស់វែងបាន និងមានភាពយូរអង្វែងនៅទូទាំងតំបន់។




អត្ថបទបន្ទាប់


លោក ត្រាំ បានក្រឡាស់សម្ដីវិញថា រុស្ស៊ី ជាអ្នកឈ្លានពានអ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលកាលពីពេលថ្មីៗបានចោទអ៊ុយក្រែន ជាអ្នកឈ្លានពានរុស្ស៊ី ឥឡូវនេះបានក្រឡាស់ពាក្យសម្តីវិញថា រុស្ស…

ធនាគារ អេស៊ីលីដា បោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំ១០០លានដុល្លារជាផ្លូវការ

ធនាគារ អេស៊ីលីដា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំ ឬមូលបត្របំណុលបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់១០០លានដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ