ហាងល្បីៗនាំគ្នាផ្អាកការលក់របស់ខ្លួននៅរុស្ស៊ី

ហាងល្បីៗលំដាប់ពិភពលោក McDonald's, Starbucks កូកាកូឡា និង Pepsi ផ្អាកការលក់របស់ខ្លួននៅរុស្ស៊ី


ហាងអាហារ Fast Food ដ៏ល្បីៗលំដាប់ពិភពលោក McDonald’s និងហាងកាហ្វេ Starbucks រួមទាំងក្រុមហ៊ុនភេសជ្ជពិភពលោក កូកាកូឡា និង Pepsi ក៏បានប្រកាសថា ពួកគេបានផ្អាកប្រតិបត្តិការលក់ផលិតផលទាំងអស់នៅរុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលរុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពានចូលអ៊ុយក្រែន បើទោះបីជា ទីផ្សាររុស្ស៊ី គឺជាទីផ្សារធំរបស់ពួកគេក៏ដោយចុះ។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយនៅថ្ងៃនេះ។
ហាងល្បីៗលំដាប់ពិភពលោក នាំគ្នាផ្អាកការលក់របស់ខ្លួននៅរុស្ស៊ី
ដោយ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន McDonald’s លោក Chris Kempczinski បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា McDonald's នឹង​បិទទ្វារ​ជា​បណ្តោះអាសន្ន​នូវ​ភោជនីយដ្ឋាន ៨៤៧​កន្លែង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ដែល​មាន​បុគ្គលិក​សរុប​ប្រមាណ ៦​ម៉ឺន​២​ពាន់​នាក់​។ បើ​ទោះបី​ហាង​ត្រូវ​ផ្អាក​ដំណើរការ ប៉ុន្ដែ​ក្រុមហ៊ុន​ប្រកាស​ថា បុគ្គលិក​ក៏​នៅ​តែ​ទទួល​បាន​ប្រាក់ខែ​។ ប៉ុន្ដែ ក្រុមហ៊ុន​នេះ មិន​បាន​បញ្ជាក់​ថា តើ​ការ​បិទ​នេះ នឹង​បន្ដ​ដល់​ពេល​ណា​នោះ​ទេ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន McDonald’s លោក Kempczinski បាន​បន្ថែម​ទៀត​ថា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​វិបត្តិ​មនុស្សធម៌​បាន​បង្ក​ឱ្យ​មានការ​ឈឺចាប់​ដែល​ប៉ះពាល់​ដល់​ជន​ស្លូតត្រង់ ហើយ​ការ​សម្រេចចិត្ត​បិទ​ភោ​ជនី​ដ្ឋា​ន​នេះ ជា​ផ្នែក​មួយ ដែល​ចូលរួម​ជាមួយ​ពិភពលោក​ក្នុង​ការ​ថ្កោលទោស​ការ​ឈ្លានពាន និង​អំពើ​ហឹ​ង្សា​របស់​រុ​ស្ស៊ី ដែល​បាន​ធ្វើ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​ចង់បាន​សន្តិភាព​ត្រឡប់​មក​វិញ​ផង​ដែរ​។

ដោយឡែក​ហាង​កាហ្វេ Starbucks ដែល​មាន​សាខា​ប្រហែល ១០០​ហាង នៅ​រុ​ស្ស៊ី ក៏​កំពុង​បាន​ផ្អាក​សកម្មភាព​អាជីវកម្ម​ក្នុង​ប្រទេស​រុ​ស្ស៊ី​ដែរ ហើយ​ក្នុងអំឡុងពេល​ផ្អាក​នេះ ក្រុមហ៊ុន​ក៏​នឹង​ជួយ​ផ្ដល់​ការ​ផ្គត់ផ្គង់​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​ប្រហែល​២​ពាន់​នាក់​ផង​ដែរ​។ ស្រប​ពេល​ដែល ក្រុមហ៊ុន​ភេសជ្ជ​ដ៏​ធំ​របស់​ពិភពលោក កូកាកូឡា និង Pepsi ក៏​បាន​ប្រកាស​ថា​នឹង​ផ្អាក​ការ​លក់​ភេសជ្ជ​របស់​ពួក​គេ​នៅ​រុ​ស្ស៊ី​ដូច​គ្នា​ដែរ​។

ដោយឡែក​ហាង KFC និង Taco Bell បាន​និយាយ​ដែរ​ថា ខ្លួន​នឹង​ផ្អាក​ការ​អភិវឌ្ឍ​ភោជនីយដ្ឋាន​ថ្មី​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ប៉ុន្ដែ ក្រុមហ៊ុន​នេះ មិន​បាន​បញ្ជាក់​នៅឡើយ​ទេ​ថា តើ​ខ្លួន​នឹង​ផ្អាក​ប្រតិបត្តិការ​ភោជនីយដ្ឋាន​ដែល​កំពុង​មានដំណើរ​នៅ​រុ​ស្ស៊ី​ដែរ ឬ​ក៏​អត់​នោះ​ទេ​។ អ្នកជំនាញ​បាន ប្រាប់​កាសែត The New York Times ថា បញ្ហា​អាច​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ក្នុង​កិច្ចព្រមព្រៀង​សិទ្ធិ​អាជីវកម្ម​ក្នុងស្រុក ហើយ​អាច​នឹង​មានការ​សម្រេចចិត្ត​បិទ​ដំណើរការ​នៃប្រតិបត្តិ​ករ​កាន់តែ​ច្រើន​បន្ថែម​ទៀត នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​។

គួរ​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​អា​មេ​រិ​ក និង​លោក​ខាងលិច​កាន់តែ​ច្រើន​ឡើង​ៗ នៅ​ក្រោយ​ពេល​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន ពួក​គេ​បាន​ផ្អាក​ប្រតិបត្តិការ​ដែល​មាននៅ​រុ​ស្ស៊ី ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រទេស​អា​មេ​រិ​ក និង​លោក​ខាងលិច ក៏​បាន​និង​កំពុង​ទម្លាក់​ទណ្ឌកម្ម​កាន់តែ​ធ្ងន់​ទៅ​ៗ​លើ​រុ​ស្ស៊ី​ផង​ដែរ​។ ជាក់ស្ដែង ទណ្ឌកម្ម​ធំ​ៗ​ថ្មី​ៗ​ចុង​ក្រោយ នា​ពេល​នេះ គឺ​ការ​បិទ​ខ្ទប់​ធនាគារ​រុ​ស្ស៊ី​ពី​ប្រព័ន្ធ​ទូទាត់​សកល SWIFT, ការ​ដកខ្លួន​របស់​ក្រុ​ហ៊ុន​បច្ចេកវិទ្យា​យក្ស​ដូច​ជា ក្រុមហ៊ុន Netflix Inc ក្រុមហ៊ុន Apple  និង ការ​ផ្អាក​ប្រតិបត្តិការ​ទូ​តាត់​របស់​ក្រុមហ៊ុន VISA, MasterCard និង Paypal ជាដើម ហើយ​ថ្មី​ៗ​នេះ អា​មេ​រិ​ក​ក៏​ទើបតែ​បាន​ប្រកាស​នឹង​បិទ​លែង​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ផង​ដែរ​៕

អត្ថបទ៖ វ៉ា​ន់ ស្រី​រ័​ត្ន

None



អត្ថបទបន្ទាប់


តម្លៃមាសនៅកម្ពុជាបន្ដហក់ឡើងដល់ជាង ២.៤០០ដុល្លារក្នុង១តម្លឹង ខណៈអ្នកជំនាញជឿថា អាចនឹងបន្តឡើងបន្ថែមទៀត

ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែនតម្លៃមាសសកលរួមទាំងកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់។ ជាក់ស្ដែង គ្រាន់តែមួយយប់ថ្ងៃទី ៨ ចូលថ្ងៃទី ៩ ខែមីនា ហាងឆ…

ប្រធានាធិបតីចិនចេញមុខអំពាវនាវជាលើកដំបូងឲ្យមានការអត់ធ្មត់ជាអតិបរមា ចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា នៅក្នុងបញ្ហាសង្គ្រាមប្រទេសអ៊ុយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ