ចិនអំពាវនាវឲ្យមានការអត់ធ្មត់ជាអតិបរមាក្នុងសង្គ្រាមនៅអ៊ុយក្រែន​

ប្រធានាធិបតីចិនចេញមុខអំពាវនាវជាលើកដំបូងឲ្យមានការអត់ធ្មត់ជាអតិបរមា ចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា នៅក្នុងបញ្ហាសង្គ្រាមប្រទេសអ៊ុយក្រែន ហើយបានអះអាងថាប្រទេសចិន មានការឈឺចាប់នៅពេលដែលឃើញអណ្តាតភ្លើងនៃសង្គ្រាមបានផ្តើមឆាបឆេះម្តងទៀតនៅក្នុងទ្វីបអឺរ៉ុប។
ចិនអំពាវនាវឲ្យមានការអត់ធ្មត់ជាអតិបរមាក្នុងសង្គ្រាមនៅអ៊ុយក្រែន​
ដោយ

ការ​ថ្លែង​របស់​លោក​ស៊ី ជី​ន​ពីង ដូចនេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ការ​ប្រតិកម្ម​ខ្លាំង​ជាង​លើក​ណា​ៗ​ទាំងអស់ និង​ជា​ការ​និយាយ​ចំ​ៗ​តែ​ម្តង ចាប់តាំងពី​ពេល​ផ្ទុះ​សង្គ្រាម​នៅ​ថ្ងៃ​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន​។ កន្លង​មក ទីក្រុង​ប៉េ​កាំ​ង ភាគច្រើន​គ្រាន់តែ​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់ សន្ទនា និង ដោះស្រាយ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ​។

ក្នុង​ឱកាស​កិច្ច​ពិភាក្សា​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ជាមួយ​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នូ​អេ​ល ម៉ា​ក្រុង និង​អធិការ​ប​ដី​អា​ល្លឺ​ម៉​ង់​លោក អូ​លាវ​ហ៍ ស្កុល​, ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង បាន​និយាយ​ថា «​ប្រទេស​យើង​ទាំង​បី​គឺ​តែង​រួម​គ្នា​គាំទ្រ​ដល់​កិច្ចចរចា​សន្តិភាព​រវាង​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​។​» នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន CCTV​។

ការ​ចរចា​សន្តិភាព​រវាង​ទីក្រុង​កៀវ និង​ម៉ូ​ស្កូ បាន​ធ្វើ​ឡើង​អស់​៣​ជុំ​រួច​ទៅ​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៨​មីនា ខណៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ មិន​បាន​ឈាន​ទៅ​ដល់​បទ​ឈប់​បាញ់ ដូច​តាម​ការ​ចង់បាន​របស់​ភាគី​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​រុ​ស្ស៊ី​បាន​ដាក់​លក្ខខណ្ឌ​៤​ចំណុច ឲ្យ​អ៊ុយ​ក្រែ​ន​ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​ប្រតិបត្តិការ​យោធា​ភ្លាម​ៗ​។

ដោយឡែក លោក​ស៊ី បាន​ពិពណ៌នា​ស្ថានការណ៍​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។ បុរស​ខ្លាំង​រូប​នេះ សង្កត់ធ្ងន់​ពី​អាទិភាព​ដែល​គួរតែ​ធ្វើ គឺ​ការពារ​វា​ពី​កា​រវិ​វត្ត​កាន់តែ​អាក្រក់ ឬ​ការពារ​កុំ​ឲ្យ​ស្ថានការណ៍​ឈាន​ដល់​ដំណាក់កាល​មួយ​ដែល​មិន​អាច​គ្រប់គ្រង​បាន​។

លោក​បាន​ទទូច​ឲ្យ ប្រទេស​បារាំង និង​អា​ល្លឺ​ម៉​ង់​គួរតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​វិបត្តិ​នេះ ហើយ​ព្រមទាំង​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ទណ្ឌកម្ម​នានា ដែល​លោក​ខាងលិច​បាន​ដាក់​លើ​រុ​ស្ស៊ី កំពុង​ប៉ះពាល់​ស្ថិរភាព​នៃ​ហិរញ្ញវត្ថុ​សកល ការ​ផ្គត់ផ្គង់​ថាមពល ការ​ដឹក​ជញ្ជូន និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ជាដើម​។

ការ​លើក​ឡើង​របស់​ប្រធានាធិបតី​ចិន​ដូចនេះ ប្រៀប​ដូច​ជា​ការ​ស្តីបន្ទោស​ចំ​ៗ​ឲ្យ​បារាំង​និង​អា​ល្លឺ​ម៉​ង់​ដែរ រ​ព្រោះ​ប្រទេស​ទាំង​ពីរ​នេះ សុទ្ធតែ​បាន​រួមចំណែក​ធំ ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី ហើយ​អា​ល្លឺ​ម៉​ង់​ឯណោះ ថែម​ទាំង​បាន​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន វាយ​ទប់ទល់​នឹង​ម៉ូ​ស្កូ​ថែម​ទៀត​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ចន្ទ ទីប្រឹក្សា​រដ្ឋ​ចិន និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក វ៉ាង យី បាន​លើក​ឡើង​ដែរ​ថា ទំនាក់ទំនង​របស់​ចិន​ជាមួយ​រុ​ស្ស៊ី នៅ​តែ​រឹង​មាំ​ដដែល បើ​ទោះជា​មានការ​រិះគន់​យ៉ាង​ភ្លូកទឹកភ្លូកដី អំពី​ប្រតិកម្ម​ចិន​លើ​សំណុំ​បញ្ហា​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក៏​ដោយ​។ ទោះជា​យ៉ាងនេះ​ក្តី លោក​វ៉ាង យី​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ឱ្យ​មានការ​សន្ទនា​គ្នា​ដោយ​សន្តិវិធី​ដើម្បី​បញ្ចប់សង្គ្រាម​។

ចិន​ដែល​បាន​បង្កើត​ភាព​ជា​ដៃគូ​នយោបាយ និង​សេដ្ឋកិច្ច​ថ្មី​មួយ​ជាមួយ​រុ​ស្ស៊ី​កាលពី​ខែ​មុន ជា​អ្នក​ឈរ​នៅ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច ដែល​មិន​បាន​ថ្កោលទោស​ទីក្រុង​មូ​ស្គូ​ក្នុង​ការ​បញ្ជូន​កងទ័ព​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាងល្បីៗលំដាប់ពិភពលោក McDonald's, Starbucks កូកាកូឡា និង Pepsi ផ្អាកការលក់របស់ខ្លួននៅរុស្ស៊ី

ព័ត៌មាន
ហាងអាហារ Fast Food ដ៏ល្បីៗលំដាប់ពិភពលោក McDonald’s និងហាងកាហ្វេ Starbucks រួមទាំងក្រុមហ៊ុនភេសជ្ជពិភពលោក កូកាកូឡា និង Pepsi ក៏បាន…

វៀតណាមស្នើឲ្យចិនកុំធ្វើសមយុទ្ធយោធារំលោភលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
ប្រទេសវៀតណាម បានស្នើទៅកាន់ប្រទេសចិន កុំរំលោភបំពានតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់សមុទ្រ ដោយប្រើប្រាស់ការធ្វើសមយុទ្ធយោធា នៅតំបន់សមុទ្រចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ