អតិផរណារ៉ាំរ៉ៃបានបង្ខំឱ្យអ្នកប្រើប្រាស់ ដែលមានចំណូលទាបងាកទៅរកជម្រើសអាហារក្នុងស្រុកដែលមានតម្លៃសមរម្យ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនលក់អាហារទាន់ចិត្តមួយចំនួនដូចជាក្រុមហ៊ុន McDonald ក្រុមហ៊ុន Burger King Wendy និងក្រុមហ៊ុន Taco Bell ជាដើម ខណៈដែលពួកគេសុទ្ធតែពឹងលើអាហារដែលមានតម្លៃថ្លៃ។
ការលក់ជាសកលរបស់ក្រុមហ៊ុនអាហារទាន់ចិត្ត McDonald បានធ្លាក់ចុះ១% នៅក្នុងត្រីមាសទី២ ឆ្នាំនេះ បើធៀបនឹងការរំពឹងទុកអំពីការកើនឡើងបាន០.៥% ប៉ុន្តែប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះបានកើនឡើង១%។ ចំណែកការលក់នៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះ០.៧% នៅក្នុងត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ធៀបនឹងការកើនឡើងជាង១០% កាលពីឆ្នាំមុន។
ក្រុមហ៊ុននេះបានបន្តការព្យាករឆ្នាំ២០២៤ របស់ខ្លួនសម្រាប់ប្រាក់ចំណេញប្រតិបត្តិការពីកម្រិតពាក់កណ្តាលដល់កម្រិតខ្ពស់៤០% ហើយបាននិយាយថា ក្រុមហ៊ុននេះនឹងជ្រើសរើសវិធីបង្កើនតម្លៃបន្ថែមទៀត ដើម្បីការពារប្រាក់ចំណេញរបស់ខ្លួន។
នាយកប្រតិបត្តិក្រុមហ៊ុន McDonald លោក គ្រីស ខេមស៊ីនស្គី (Chris Kempczinski) បាននិយាយថា អ្នកប្រើប្រាស់កំពុងគិតគូរពីមុខទំនិញកាន់តែច្រើន ដែលវាបានក្លាយទៅជាការរើសអើងមុខទំនិញទៅហើយ ខណៈការផ្ដោតរបស់អតិថិជនទៅលើទំនិញរបស់ក្រុមហ៊ុននេះនៅតាមទីផ្សារធំៗភាគច្រើន គឺនៅមានកម្រិតទាបនៅឡើយ៕
អត្ថបទ៖ សុខ មង្គល