នាពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាវិស័យឧស្សាហកម្មយាន្តយន្តរបស់កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែកម្ពុជា ហាក់មិនអាចប្រកួតប្រជែងលើការនាំចេញរថយន្តទាំងមូលជាមួយបណ្តាប្រទេសក្នុងតំបន់បានឡើយ។
តែយ៉ាងណា សម្តេចធិបតី បានសង្កត់ធ្ងន់ថា សក្តានុពលដែលកម្ពុជាគួរផ្តោតសំខាន់ គឺ ការប្រែក្លាយទៅជាកន្លែងផលិត និងចែកចាយគ្រឿងបង្គុំរថយន្តដ៏សំខាន់មួយទៅក្នុងតំបន់។ បើតាមសម្តេចធិបតី ដើម្បីជំរុញវិស័យយានយន្តកម្ពុជា ឱ្យកាន់តែរីកចម្រើន រាជរដ្ឋាភិបាល គ្រោងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តមួយចំនួនបន្ថែម និងស្នើឱ្យរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងស្រុកគាំទ្រខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំក្នុងស្រុក ដើម្បីកាត់បន្ថយថ្លៃដើម និងជំរុញការប្រកួតប្រជែងតម្លៃនៅលើទីផ្សារកាន់តែប្រសើរ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកគោលដៅឈានទៅជំរុញការផលិត និងចែកចាយគ្រឿងបង្គុំរថយន្តនៅក្នុងតំបន់របស់រដ្ឋាភិបាលកម្ពុជា គឺជាយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីចាប់យកខ្សែច្រវាក់តម្លៃបន្ថែមខ្ពស់។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា អាចទាញយកប្រយោជន៍ពីយុទ្ធសាស្ត្របូកមួយ ដោយតាំងខ្លួនជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តនានាចូលទៅបំពេញក្នុងប្រព័ន្ធអេកូឡូស៊ីដំឡើងរថយន្តរបស់ប្រទេសក្នុងតំបន់ ដែលមានភាពចាស់ទុំជាងកម្ពុជា។
បើតាមអ្នកជំនាញរូបនេះ ដើម្បីស្រូបទាញការវិនិយោគរោងចក្រផលិតគ្រឿងបង្គុំទាំងនោះចូលមកកម្ពុជា រាជរដ្ឋាភិបាលចាំបាច់ដាក់ចេញនូវវិធានការលើកទឹលចិត្តមួយចំនួនដូចជាការលើកលែងពន្ធដារ និងពន្ធនាំចូលគ្រឿងម៉ាស៊ីនក្នុងរយៈពេលជាក់លាក់ណាមួយ ព្រមទាំងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងសម្រួលនីតិវិធីនាំចេញ។ បន្ថែមលើនេះកម្ពុជាត្រូវជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងការរៀបចំតំបន់ឧស្សាហកម្មគោលដៅ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសផលិត និងចែកចាយគ្រឿងបង្គុំរថយន្តដ៏មានសក្តានុពលក្នុងតំបន់បាន កម្ពុជា ចាំបាច់ត្រូវពន្លឿនការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ជាមួយនឹងតម្លៃកម្លាំងពលកម្មដែលមានភាពប្រកួតប្រជែង។ បន្ថែមលើនេះ ត្រូវកាត់បន្ថយថ្លៃអគ្គិសនី និងប្រព័ន្ធរដ្ឋបាលដែលស្មុគស្មាញ ដ្បិតថា បើគ្មានការកែទម្រង់លើបញ្ហាប្រឈមទាំងនេះទេ ទោះជាមានការលើកទឹកចិត្តផ្នែកផ្សេងៗច្រើនយ៉ាងណាក៏ដោយ ក៏នៅតែរាំងស្ទះដល់ការសម្រេចចិត្តរបស់វិនិយោគិនបរទេសដែរ។
គួរជម្រាបថា គិតមកដល់ពេលនេះ កម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥ ក្នុងនោះ កំពុងដំណើរការចំនួន១០ មិនទាន់ដាក់ដំណើរការចំនួន២ និងចំនួន៣ផ្សេងទៀតបានស្នើចុះបញ្ជីវិនិយោគ និងកំពុងដំណើរការសាងសង់ ដែលមានទុនវិនិយោគសរុបប្រមាណ២៤៨លានដុល្លារអាម៉េរិក និងបានបង្កើតការងារសរុបប្រមាណ២,៧៤៤កន្លែង៕