ការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រនេះផ្តោតសំខាន់លើការសម្របសម្រួលផ្នែកអនុវត្តច្បាប់ ការទប់ស្កាត់ និងកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុសច្បាប់ ការតាមដានប្រមូលទ្រព្យសម្បត្តិត្រឡប់មកវិញ ការការពារជនរងគ្រោះ ព្រមទាំងការដាក់ចេញនូវវិធានការក្តៅដើម្បីលុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធឱ្យដល់ឫសគល់។
សន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារយៈពេល២ថ្ងៃនេះបានអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញ ដោយបង្កើតឱ្យមាននូវការប្ដេជ្ញាចិត្តចំនួន១១ចំណុច ដែលអំពាវនាវឱ្យមានការឆ្លើយតបទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម, រារាំង និងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស, ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា, ពង្រឹងក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ, កសាងសមត្ថភាព និងភាពធន់, ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន, គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ, អនុវត្តគោលការណ៍មិនផ្តន្ទាទោសចំពោះជនរងគ្រោះ, ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និងលុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន អនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានគូសបញ្ជាក់ថា រាល់ខ្លឹមសារដែលបានផ្លាស់ប្តូរ និងពិភាក្សាយ៉ាងផុសផុលក្នុងរយៈពេល២ថ្ងៃនៃសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាគន្លឹះយុទ្ធសាស្ត្រដ៏មានតម្លៃ ដែលឆ្លើយតបចំគោលដៅនៃមូលបទរួម«កាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»យ៉ាងពិតប្រាកដ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា មេរៀនសំខាន់បំផុតដែលអង្គសន្និសីទបានទទួលស្គាល់រួមគ្នា គឺគ្មានប្រទេសណាមួយអាចយកឈ្នះលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានដោយឯកតោភាគីឡើយ ពោលគឺទាមទារជាដាច់ខាតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិនៅគ្រប់កម្រិត និងគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ អង្គសន្និសីទ ក៏បានកត់សម្គាល់ឃើញថា បណ្តាញឧក្រិដ្ឋជនកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយបំបែកខ្លួនជាក្រុមតូចៗ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រព្រឹត្តបទល្មើស។ ដូច្នេះការបង្ក្រាបតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរយ៉ាងមុតមាំក្នុងការបន្តបង្រ្កាប និងកាត់ផ្តាច់រាល់លំហប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជនទាំងនោះឱ្យអស់។
ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានគូសបញ្ជាក់ថា តាមរយៈសន្និសីទអន្តរជាតិ ដ៏មានសារសំខាន់នេះបានក្លាយជាកាលានុវត្តភាពដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ពីការរួមគ្នាប្តេជ្ញាបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញឱ្យដល់ឬសគល់ជាស្ថាពរ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា ចាំបាច់ត្រូវបន្តការងារបោសសម្អាតការឆបោកនេះឱ្យមានប្រសិទ្ធភាព និងធានាថា បទល្មើសនេះមិនអាចវិលត្រឡប់មកកម្ពុជាវិញឡើយ ខណៈការអនុវត្តច្បាប់ជាក់ស្តែង និងការផ្សព្វផ្សាយការពិតទៅកាន់ពិភពលោក គឺជាសសរស្ដម្ភយ៉ាងសំខាន់ក្នុងការការពារកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ អ្នកជំនាញរូបនេះបានបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះឱ្យបានប្រកបដោយចីរភាព កម្ពុជាត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ដើម្បីទទួលបានការគាំទ្រផ្នែកថវិកា បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត។
សូមរំលឹកថា សន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានរៀបចំឡើងក្រោមប្រធានបទរួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានការសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង។ សន្និសីទនេះបានប្រមូលផ្ដុំអ្នកចូលរួមជាង៦០០នាក់មកពី២៨ប្រទេស និង៧អង្គការអន្តរជាតិ៕