លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិ បានគូសបញ្ជាក់ថា បច្ចុប្បន្នការផ្គត់ផ្គង់សាច់របស់ក្រុមហ៊ុនសាច់ជ្រូកជាតិ ដល់អតិថិជនហាក់មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ចន្លោះពី២០ ទៅ៣០% ខណៈតម្លៃលក់ពុំមានការកើនឡើងនោះទេ។ បើតាមការអះអាងរបស់អ្នកជំនួញរូបនេះ កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក បើទោះបីតម្រូវការសាច់មានការកើនឡើងក៏ដោយ។
ជាមួយគ្នានេះ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានអះអាងថា ការផ្គត់ផ្គង់សាច់ក្នុងទីផ្សារនៅតែមានស្ថិរភាព ខណៈការចែកចាយបន្តដល់អាជីវករ ក៏ពុំមានការឡើងថ្លៃនោះដែរ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ទោះក្នុងអំឡុងពេលការឈ្លានរបស់យោធាថៃ មកលើកម្ពុជា បានជំរុញឱ្យតម្រូវការសាច់ជ្រូកមានការកើនឡើងក៏ពិតមែន តែការផ្គត់ផ្គង់សាច់នៅលើទីផ្សារពុំមានខ្វះខាតនោះទេ ហើយការលក់សាច់របស់អាជីវករនៅតាមផ្សារនានាទៀតសោត ក៏លក់ដាច់ជាងមុនផងដែរ។
ស្រដៀងគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា មកដល់ពេលនេះតម្រូវការសាច់ជ្រូកពុំមានអ្វីប្រែប្រួលខ្លាំងនោះទេ ខណៈតម្លៃជ្រូករស់ និងតម្លៃសាច់ក្នុងទីផ្សារ ក៏ពុំមានការកើនឡើងគួរឱ្យកត់សម្គាល់នោះដែរ ពោលគឺជ្រូករស់អាចលក់បានតម្លៃប្រមាណជាង៨ពាន់រៀលក្នុង១គីឡូក្រាម។ បើតាមអ្នកជំនាញរូបនេះ ទោះបីបច្ចុប្បន្នកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ ហើយចំនួនពលរដ្ឋភៀសសឹកមានការកើនឡើងជាបន្តបន្ទាប់ក៏ដោយ តែការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការប្រចាំថ្ងៃពុំមានបញ្ហាខ្វះខាតនោះទេ។
បើតាមការគូសបញ្ជាក់របស់លោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជា ត្រូវការជ្រូករស់ប្រមាណ៩ពាន់ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាមសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុង១ថ្ងៃ។ គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់យោធាល្មោភសង្គ្រាមថៃ មកលើកម្ពុជា បានឈានចូលសប្តាហ៍ទី៣ហើយ ដោយបានបណ្តាលឱ្យពលរដ្ឋស៊ីវិលកម្ពុជា ចំនួន២០នាក់ស្លាប់ រងរបួស៧៩នាក់ និងភៀសសឹកកើនដល់ជាង៥២ម៉ឺននាក់ បើគិតត្រឹមព្រឹកថ្ងៃទី២២ ខែធ្នូ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ៕
អត្ថបទ៖ បូ ដូឡា