ការចំណាយលើការផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេលប្រកួតបាល់ទាល់ពិភពលោកឆ្នាំ២០២២ (World Cup) ដែលទើបបញ្ចប់កាលពីថ្ងៃអាទិត្យ ទី១៩ ខែធ្នូកន្លងទៅនេះ គឺមានចំនួនប្រហែល ៥ លានដុល្លារប៉ុណ្ណោះ ជាកម្រិតមួយដែលបានថយចុះយ៉ាងខ្លាំងពីការប្រកួតកីឡាធំៗនៅមុនពេលជំងឺកូវីដ១៩ ដែលពេលនោះមានការចំណាយប្រហែលជាង ១៤ លានដុល្លារ។
ក្រុមហ៊ុនរៀបចំកម្មវិធី Media Intelligence Group បានចាត់ទុកការធ្លាក់ចុះចំណាយលើប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ គឺដោយសារការពន្យារពេលផែនការផ្សព្វផ្សាយរបស់ភាគីពាក់ព័ន្ធ និងព័ត៌មានលម្អិតមិនច្បាស់លាស់ពីលក្ខខណ្ឌនៃការផ្សព្វផ្សាយរួមទាំងកញ្ចប់ផ្សាយពាណិជ្ជកម្ម និងប៉ុស្តិ៍ផ្សាយផងដែរ។
លោក ផាវ៉ាត រុងដិចវ៉ូរ៉ាឆៃ (Pawat Rungdejworachai) នាយកប្រតិបត្តិនៃក្រុម Media Intelligence Group បាននិយាយថា នៅឆ្នាំ២០២២ ការចំណាយលើប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសថៃត្រូវគេរំពឹងថានឹងកើនឡើង ៨,១% ក្នុងទំហំទឹកប្រាក់ដល់ជាង ២ ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន ដែលជាការស្ទុះងើបឡើងវិញយ៉ាងខ្លាំងពីកំណើន ១,៣% នៅក្នុងឆ្នាំ២០២១។
លោកបាននិយាយថា ប្រហែល ៩០% នៃចំនួនទឹកប្រាក់ក្នុងឆ្នាំ២០២២នេះ គឺបានទៅប្រព័ន្ធផ្សព្វផ្សាយធំៗចំនួន៣ រួមមានទូរទស្សន៍ បណ្ដាញផ្សព្វផ្សាយអនឡាញ និងផ្ទាំងផ្សាយពាណិជ្ជកម្មប៉ាណូធំៗ។ នៅឆ្នាំ២០២២ ប្រព័ន្ធទូរទស្សន៍ត្រូវគេរំពឹងថា បានទទួលចំណែកធំបំផុតពីការចំណាយលើការផ្សាយពាណិជ្ជកម្ម ពោលគឺមានដល់ប្រមាណ ៤៦% បន្ទាប់មកគឺការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតមានជាង៣២% និងចុងក្រោយគឺផ្ទាំងប៉ាណូចំនួន ប្រមាណ១៣%។
ដោយឡែក នៅឆ្នាំក្រោយការផ្សព្វផ្សាយនៅលើបណ្ដាញអ៊ីនធើណែត និងប៉ាណូសុទ្ធតែមានកំណើនតិចតួចថែមទៀត ប៉ុន្ដែការផ្សព្វផ្សាយនៅលើទូរទស្សន៍ហាក់មានការថយចុះបន្ដិចវិញ ប៉ុន្ដែ បើគិតលើចំណែកនៃការផ្សព្វផ្សាយសរុប ទូរទស្សន៍នៅតែមានចំណែកធំជាងគេដល់ទៅជាង៤៤%៕
អត្ថបទ៖ សុខ ជា