

ពិធីចុះកិច្ចសហប្រតិបត្តិការនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្ដាលរបស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ក្រោមអធិបតីភាពរបស់ លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក និង លោក Guillaume Perdon នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផ្ទាល់ លោក Guillaume Perdon នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានមានប្រសាសន៍ថា៖ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះភាពជាដៃគូលើ ហិរញ្ញប្បទានផ្ទះជាមួយក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.កក្រោមលក្ខខណ្ឌពិសេសបំផុតដល់អតិថិជន ។ យើងបាន សម្រិតសម្រាំងជ្រើសរើសក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីធ្វើជាដៃគូហិរញ្ញប្បទានផ្ទះរបស់យើងខ្ញុំ។

ដោយមើលឃើញថា ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏រឹងមាំ តាមរយៈស្ថាបត្យកម្ម គុណភាពសំណង់ ដែលមានទីតាំង និងបរិយាកាសល្អ ដើម្បីបំពេញតម្រូវការ និងលក្ខខណ្ឌរស់នៅដ៏ស៊ីវិល័យរបស់ អតិថិជន។ ខ្ញុំជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកជូនយើងទាំងអស់គ្នានូវអត្ថប្រយោជន៍សម្រាប់ទាំងធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ទាំងក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក និងអតិថិជន” ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាព ឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ៕