កញ្ចប់ថវិកា​រដ្ឋ​ថៃ ឆ្នាំ២០២០

គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តកញ្ចប់ថវិកា ១០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២០


នៅទីបំផុត គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារទី ០៦ សីហានេះ បានសម្រេចអនុម័តកញ្ចប់ថវិកា ៣,២ ទ្រីលានបាត ឬស្មើនឹងប្រមាណ ១០០ ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើរពន្ធ២០២០ ក្រោយពីបានអូសបន្លាយអស់ជាច្រើនខែមក។ ចំនួនថវិកានេះ គឺមានច្រើនជាងកាល ពីឆ្នាំសារពើពន្ធ ២០១៩ ប្រមាណ ៦,៧ ភាគរយ ពោលគឺមានច្រើនជាងប្រមាណ ៦.៥០០ លានដុល្លារអាមេរិក។នេះបើតាមការចុះផ្សាយពីសារព័ត៌មានបាងកកប៉ុស្ដិ៍របស់ថៃ។
កញ្ចប់ថវិកាជម្រុញសេដ្ឋកិច្ចថៃ
ដោយ

ការអនុម័តកញ្ចប់​ថវិកា​ឆ្នាំសារពើពន្ធ ២០២០នេះ គឺធ្វើឡើង​កៀកគ្នា​ទៅនឹង ការបញ្ចប់​នៃកញ្ចប់​ថវិកា​ឆ្នាំ​២០១៩ ដែលនឹងត្រូវ​បញ្ចប់​នៅត្រឹមថ្ងៃទី ៣០ ខែកញ្ញាឆ្នាំនេះ។

មន្ត្រីនាំពាក្យ​រាជរដ្ឋាភិបាលថៃ បានបញ្ជាក់ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថៃថា ក្នុងចំណោម​ថវិកា​ប្រមាណ ១០០ ពាន់លាន​ដុល្លារ​អាមេរិក ដែលត្រូវ​បានអនុម័ត​ដោយគណៈរដ្ឋមន្ត្រី​នេះ គឺមានប្រមាណ​៧៥% គឺជាកញ្ចប់​ថវិកា​ទៀងទាត់ ដែលកញ្ចប់​ថវិកានេះ មានការកើន​ឡើង​ប្រមាណ​ជាង៥% ធៀបនឹង​ឆ្នាំសារពើពន្ធ ២០១៩។

រាជរដ្ឋាភិបាលថៃ ក៏បានប៉ាន់​ប្រមាណដែរ អំពីចំណូល​ប្រមូលបាន​នៅឆ្នាំ២០២០ ថានឹងកើន​ឡើងដល់ ២,៧ ទ្រីលានបាត ឬស្មើនឹង ប្រមាណជិត​ ៩០ ពាន់លាន​ដុល្លារអាមេរិក ដែលមាន​កំណើន​ជាង៧% ធៀបនឹងឆ្នាំ​សារពើពន្ធ ២០១៩។

តាមមន្ត្រីនាំពាក្យ​រាជរដ្ឋាភិបាលថៃ ឆ្នាំសារពើពន្ធ២០២០ នឹងមានឱនភាព​កញ្ចប់​ថវិកាចំនួន ៤៦៩ ពាន់លាន​បាត ឬស្មើនឹងប្រមាណ​ជាង១៥ ពាន់លាន​ដុល្លារអាមេរិក គិតជាអត្រា​កំណើន​គឺកើនឡើង ៤,៣% ធៀបនឹង​ឆ្នាំ​សារពើពន្ធ ២០១៩។ ឱនភាព​ថវិកា​ភាគច្រើន នឹងត្រូវបែងចែក​សម្រាប់​ការវិនិយោគ ដោយកញ្ចប់​ថវិកា​វិនិយោគ​សម្រាប់​ឆ្នាំ២០២០ នឹងមានដល់ ៦៥៥ ពាន់លានបាត ស្មើនឹងប្រមាណ ២០ពាន់លាន​ដុល្លារអាមេរិក ដែលស្មើនឹង ២០,៥% នៃកញ្ចប់​ថវិកាសរុប។

រាជរដ្ឋាភិបាលថៃ ក៏មានផែនការ​ទូទាត់សង​ប្រាក់​ដើម ជិត ៣ពាន់​លានដុល្លារ ស្មើនឹងជិត៣% នៃទំហំប្រាក់​កម្ចីសរុប​ផងដែរ។

សេចក្ដីព្រៀងកញ្ចប់ថវិកា​ឆ្នាំសារពើពន្ធ ២០២០នេះ ត្រូវបានគេរំពឹង​នឹងត្រូវឆ្លង​សភានៅក្នុង​ពាក់កណ្ដាល​ខែតុលា ហើយនឹងត្រូវដាក់​ឲ្យអនុវត្ត​នៅចុងខែ​មករា ឆ្នាំ២០២០ ពោលគឺក្រោយ​ ៤ខែនៃ​កាលកំណត់។

លោក នាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អ៊ូចា ធ្លាប់បានបញ្ជាក់​ប្រាប់​សាធារណៈជនថា កុំឲ្យមានការព្រួយបារម្ភ​ខ្លាំងពេក​អំពីឱនភាព​កញ្ចប់ថវិកានេះ ព្រោះថា ឱនកញ្ចប់ថវិកានេះ គឺដោយ​សារតែថវិកា​ទាំងនោះ ត្រូវបានយក​ទៅប្រើប្រាស់​ច្រើនលើ​ការវិនិយោគ ដែលអាចនឹង​ប្រមូលចំណូល​ត្រឡប់​មកវិញបាន។

ប្រភពព័ត៌មានបានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាលថៃ ក៏កំពុងតែរក្សា​កម្រិតបំណុល​សាធារណៈ​របស់ខ្លួននៅត្រឹម ៤២% នៃទំហំផលិតផល​ក្នុង​ស្រុកសរុប ដែលកម្រិតនេះ នៅតែមាន​ក្រោមឆ្ងាយ​ពីពិដាន​បំណុល ៦០%នៃ ផលិតផល​ក្នុងស្រុក​សរុបនៅ​ឡើយ ស្ថិតក្រោម​ក្របខណ្ឌ​និរន្តរភាព​សាពើពន្ធ។

បើតាមការព្យាករ​របស់រាជរដ្ឋាភិបាល​ សេដ្ឋកិច្ចថៃ នៅឆ្នាំ២០២០ អាចនឹង​មានកំណើន ៣ ទៅ៤ ភាគរយ ជាមួយ​នឹងអត្រា​អតិផរណា​ចន្លោះពី ០,៨% ទៅ១,៨%។

គណៈរដ្ឋមន្ត្រីថៃ បានចេញ​សេចក្ដីណែនាំ សម្រាប់ការ​គ្រប់គ្រង​សេដ្ឋកិច្ច ​ដែលតម្រូវឲ្យ​ភ្នាក់ងារ​ទាំងអស់ ចូលរួម​កាត់បន្ថយ​បំណុល​សាធារណៈ ជំរុញលើក​កម្ពស់ ភាពជាដៃគូ​វិស័យរដ្ឋ និងឯកជន និងការរៀប​ចំរចនា​សម្ព័ន្ធ​បំណុល​ឡើងវិញ និងការប្រមូល​មូលនិធិ តាមរយៈ​គម្រោង Thailand Future Fund ជាដើម។

គួរបញ្ជាក់ដែរថា ប្រទេសថៃ មានឱនភាព​កញ្ចប់​ថវិកា​តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ លើកលែង​តែនៅឆ្នាំ ២០០៥ និង២០០៦ ប៉ុណ្ណោះ។

នាថ្មីៗនេះដែរ ក្រសួងសេដ្ឋកិច្ចថៃ បានប៉ាន់​ប្រមាណថា ប្រទេសថៃ នឹងមានតុល្យភាព​កញ្ចប់ថវិកា​ឡើងវិញ​នៅឆ្នាំ២០២៦ ប្រសិនបើ​ការទូទាត់​សងប្រាក់ដើម និងការប្រាក់​មិនត្រូវ​បាន​រាប់បញ្ចូល។ ប៉ុន្ដែ បើត្រូវរាប់បញ្ចូល​ការទូទាត់​សង​ប្រាក់ដើម និងការប្រាក់​ទៀតនោះ តុល្យភាព​កញ្ចប់​ថវិកា​របស់​ប្រទេសថៃ អាចនឹងមាន​នៅ​ឆ្នាំ ២០៣០ ខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័ន​ហិរញ្ញ​វត្ថុ​ធំៗ​ពីរ ចាប់ដៃគ្នា​ពង្រីកប្រតិបត្តិការទូទាត់តាមឌីជីថល

ព័ត៌មាន
ស្របទៅតាមការវិវត្តនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech កាន់តែមានរលកសន្ទុះប្រើប្រាស់កាន់តែច្រើនឡើងនោះ ស្ថាប័នហិរញ្ញវត្ថុធំៗចំនួនពី…

សមាគមមីក្រូហិញ្ញវត្ថុកម្ពុជា ច្រានចោល របាយការណ៍ដែលថា កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើឲ្យពលរដ្ឋជួប​​បញ្ហា​​បំណុល​ធ្ងន់ធ្ងរ

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី ០៧ សីហា ម្សិលមិញនេះ បានចេញនៅសេចក្ដីប្រកាសព័ត៌មានមួយភ្លាមៗ ដោយបានច្រានចោល ចំពោះរបាយការណ៍របស់អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ