នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ក្រុមហ៊ុនលោកនឹងបណ្តាក់ទុនវិនិយោគរហូតដល់៦៥ពាន់លានដុល្លារលើគម្រោងទាក់ទងនឹងបញ្ញាសិប្បនិម្មិតនៅឆ្នាំនេះ រួមទាំងការកសាងមជ្ឈមណ្ឌលទិន្នន័យថ្មីដ៏ធំមួយ និងបង្កើនការជួលកម្មករសម្រាប់ក្រុមបញ្ញាសិប្បនិម្មិតផងដែរ។
បើតាមការអះអាងរបស់លោក Zuckerberg ក្រុមហ៊ុន Meta មានបំណងប្រើប្រាស់មូលនិធិនេះ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយ ដែលនឹងគ្របដណ្តប់លើតំបន់ ម៉េនហាតាន់ សហរដ្ឋអាម៉េរិក។ នាយកប្រតិបត្តិរូបនេះបានចាត់ទុកការវិនិយោគនេះ ជាការវិនិយោគដ៏ធំរបស់ខ្លួន ហើយរំពឹងគម្រោងនេះជួយជំរុញផលិតផល និងអាជីវកម្មស្នូលរបស់ខ្លួន បង្កើតការច្នៃប្រឌិតជាប្រវត្តិសាស្ត្រ និងពង្រីកភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់អាម៉េរិក។
ក្រុមហ៊ុន Meta បានវិនិយោគយ៉ាងច្រើនលើផ្នែកបញ្ញាសិប្បនិម្មិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយថ្មីៗនេះ ក៏បានប្រកាសពីការបោះទុនលើការបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីចំនួន១០ពាន់លានដុល្លារនៅរដ្ឋល្វីសៀណា ផងដែរ។
ការប្រកាសរបស់លោក Zuckerberg ពីការបង្កើនថវិកាវិនិយោគរហូតដល់៦៥ពាន់លានដុល្លារនេះធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន OpenAI ក្រុមហ៊ុន SoftBank និងក្រុមហ៊ុន Oracle បានប្រកាសអំពីការបណ្តាក់ទុនរួមគ្នាឈ្មោះ Stargate ជាមួយនឹងថវិកាវិនិយោគសរុបចំនួន១០០ពាន់លានដុល្លារ ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ និងគម្រោងហេដ្ឋារចនាសម្ពន្ធ AI នៅជុំវិញសហរដ្ឋអាម៉េរិក៕
អត្ថបទ៖ សុខ មង្គល