គ្រឹះស្ថានមីក្រូហិរញ្ញ

ក្រៅពី អេ អឹម ខេ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀតកំពុងត្រៀមខ្លួនក្លាយជាធនាគារពាណិជ្ជ


ស្របពេលដែលវិស័យហិរញ្ញវត្ថុនៅកម្ពុជា កំពុងរីកលូតលាស់ និងមានការប្រកួតប្រជែងខ្លាំងនៅមួយរយៈចុងក្រោយនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានវិវត្តខ្លួនទៅជា​ធនាគារពាណិជ្ជ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ជាក់ស្តែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបើកទំព័រប្រវត្តិសាស្រ្តថ្មីក្លាយជាធនាគារពាណិជ្ជជាផ្លូវការ ក្រោយប្រតិបត្តិការអស់ជាង២០ឆ្នាំកន្លងមកនេះ។
គ្រឹះស្ថានមីក្រូហិរញ្ញ
ដោយ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកការវិវត្តខ្លួនរបស់ អេ អឹម ខេ នាពេលនេះ គឺបានបង្ហាញពីភាពរឹងមាំរបស់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានកំណើនរីកលូតលាស់ ស្របពេលដែលបច្ចុប្បន្នមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀតកំពុងរៀបចំផែនការវិវត្តខ្លួនទៅជាធនាគារពាណិជ្ជនាពេលអនាគតផងដែរ។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកការវិវត្តខ្លួនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទៅជាធនាគារពាណិជ្ជជាផ្លូវការនាពេលនេះ គឺបានបង្ហាញពីភាពរីកចម្រើន នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលក្លាយជាប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ និងមានកម្រិត នៃទំនុកចិត្តខ្ពស់ពីសាធារណជនរាប់លាននាក់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ អ្នកជំនាញរូបនេះបានបន្ថែមថា ការវិវត្តនេះ ក៏បង្ហាញពីសមត្ថភាពគ្រប់គ្រងដ៏រឹងមាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើការជំរុញកំណើនរីកលូតលាស់ ការបង្កើតនវានុវត្តន៍ និងការពង្រីកសេវាកម្ម ដើម្បីបំពេញតម្រូវការ ដែលកំពុងវិវត្តរបស់គ្រួសារ និងអាជីវកម្មនៅកម្ពុជា ផងដែរ។

ការបំប្លែងខ្លួនទៅជាធនាគារបស់ អេ អឹម ខេ វាជាដំណើរវិវត្តិជាធម្មតានៃវិស័យហិរញ្ញវត្ថុ ដែលមានសុខមាលភាពល្អ និងសកម្ម។ នេះបើតាមការបញ្ជាក់របស់លោក កាំង តុងងី ដែលបានបន្ថែមថា ក្រៅពី អេ អឹម ខេ ក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀតដែរ  ដែលកំពុងរៀបចំផែនការកែលម្អប្រតិបត្តិការរបស់ខ្លួន និងដាក់ពាក្យស្នើសុំអាជ្ញាបណ្ណធនាគារពាណិជ្ជ។ តែយ៉ាងណាលោកមិនបានបញ្ជាក់ឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះនោះទេ។

ជាមួយគ្នានេះ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានគូសបញ្ជាក់ថា ការសម្រេចចិត្តវិវត្តខ្លួនរបស់ អេ អឹម ខេ ទៅជាធនាគារពាណិជ្ជជាផ្លូវការនៅពេលនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័ស នៃតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន និងសេដ្ឋកិច្ចជាតិទាំងមូល។

គោលបំណងចម្បងនៃការវិវត្តខ្លួននេះ គឺការបង្កើនលទ្ធភាពក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុឱ្យបានកាន់តែសម្បូរបែប និងទូលំទូលាយ ដែលមិនត្រឹមតែផ្តោតលើការផ្តល់ឥណទានខ្នាតតូចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្មធំៗផងដែរ។

ទោះបីជាដំឡើងឋានៈក៏ដោយ ប្រធាននាយកប្រតិបត្តិរូបនេះនៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាចក្ខុវិស័យជាដៃគូហិរញ្ញវត្ថុដែលផ្តល់ទំនុកចិត្តបំផុតសម្រាប់ប្រជាជន។ អេ អឹម ខេ គ្រោងនឹងនាំមកនូវបច្ចេកវិទ្យាឌីជីថលទំនើបៗ ដើម្បីធ្វើឱ្យសេវាធនាគារកាន់តែងាយស្រួល សុវត្ថិភាព និងមានតម្លៃសមរម្យ។ ជាមួយគ្នានេះ បេសកកម្មក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋនៅតែជាអាទិភាពចម្បង ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបមានសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានយ៉ាងល្អប្រសើរ និងរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូល៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនដឹកអ្នកដំណើរ និងទំនិញក្នុងស្រុកចាប់ផ្តើមដំឡើងថ្លៃ ក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់

តម្លៃប្រេងឥន្ធនៈ ដែលកំពុងបន្តហក់ឡើងខ្ពស់គួរឱ្យបារម្ភ បានរុញច្រានឱ្យក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួននៅកម្ពុជា ចាប់ផ្ដើមដំឡើងថ្លៃសំបុត្រចន្លោះពី១…

ធនាគារ ប្រ៊ីដ បង្ហាញពីភាពធន់រឹងមាំក្នុងវិស័យហិរញ្ញវត្ថុ ដើរតាមគន្លងធុរកិច្ចជោគជ័យជាង ៣ទសវត្សរ៍នៃក្រុមហ៊ុនមេ វើលដ៏ ប្រ៊ីដ គ្រុប

នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក រួមទាំងវិស័យហិរញ្ញវត្ថុនៅកម្ពុជា មានការវិវត្តយ៉ាងឆាប់រហ័ស ធនាគារ ប្រ៊ីដ បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ