លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ការធ្លាក់ចុះទ្រព្យសកម្មជាង៤០% ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០២៣ គឺដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានវិវត្តខ្លួនទៅជាធនាគារពាណិជ្ជ។
ការណ៍នេះ តម្រូវធនាគារជាតិនៃកម្ពុជា ដកទ្រព្យសកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុដាក់ចូលទៅក្នុងទ្រព្យសកម្មបស់វិស័យធនាគារ។ បើតាមអ្នកជំនាញរូបនេះ បម្រែបម្រួលទ្រព្យសកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ មិនបានធ្វើឱ្យផលប៉ះពាល់ដល់ដំណើរការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ។ ពោលគឺបើទោះបីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានវិវត្តខ្លួនទៅជាធនាគារ មិនមែនមានន័យថា ពួកគេលែងផ្ដល់ឥណទានខ្នាតតូចនោះទេ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០២៣ មានទំហំជាង៦ពាន់៤រយលានដុល្លារធ្លាក់ចុះជិត៤១% បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះការផ្តល់ឥណទានជូនអតិថិជនក្នុងឆ្នាំ២០២៣ ធ្លាក់ចុះជិត៤៣%។ ចំណែកទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានធនាគារនៅក្នុងឆ្នាំ២០២៣ មានទំហំជាង៧៧ពាន់លានដុល្លារ មានការកើនឡើងជិត១៧%បើធៀបនឹងឆ្នាំ២០២២។
យ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើនមានភាពរឹងមាំ និងធន់ជាមួយហានិភ័យនានា ដោយគ្រឹះស្ថានបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិប្រុងប្រយ័ត្ន សេចក្តីណែនាំ និងវិធានការនានា ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។
ទោះជាបែបនេះក្តី គ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុមួយចំនួន ដែលមានទំហំប្រតិបត្តិការតូចៗ នៅតែមានចំណុចខ្វះខាតពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងការអនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យមជាដើម។ ការខ្វះខាតទាំងនេះ ត្រូវបានត្រួតពិនិត្យជាប្រចាំ ដោយមានការតាមដាន និងវាយតម្លៃលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ប្រចាំត្រីមាសនីមួយៗ៕
អត្ថបទ៖ បូ ដូឡា